Monday, May 20, 2013

កំណើតសត្វ​ ៤​ យ៉ាង​

សូម​ញាតិ​ញោម​ បង​ប្អូន​ប្រុស​ស្រី​ មិត្ត​អ្នក​អា​ន​ទាំង​ឡាយ​ សិក្សា​អំពី​កំណើត​សត្វ​ឲ្យ​បាន​ដឹង​ជា​មុន​សិន​ ។

តាម​ពិត​កំណើត​សត្វ​លោក​មាន​ច្រើន​ប្រ​ភេទ​ណាស់​ ដូច​ដែល​ព្រះ​ដ៏​មាន​បុណ្យ​របស់​យើង​ត្រាស់​ថា​ (សត្តា-អនន្ហា) ប៉ុន្តែ​ក្នុង​បញ្ហា​នេះ​ដែរ​ ព្រះ​អង្គ​ក៏​ទ្រង់​បាន​បំព្រួញ​ ឲ្យ​ខ្លី​មក​ដើម្បី​ឲ្យ​យើង​ទាំង​អស់​គ្នា​ងាយ​ស្រួល​សិក្សា​ គឺ​មាន​ត្រឹម​តែ​ ៤​ ប្រភេទ​ប៉ុណ្ណោះ​ គឺ៖

ទី​១. អណ្ឌ​ជៈ  សំដៅ​យក​សត្វ​ទាំងឡាយ​ណា​ ដែល​មក​អា​ស្រ័យ​ក្នុង​ស៊ុត​ ហើយ​ចោះ​ទំលាយ​សំបក​ស៊ុត​ចេញ​មក​ ដូច​ជាៈ សត្វ​ចាប លលក​ មាន់​ ទា​ ជា​ដើម ។
ទី​២. ជលាពុជៈ   សំដៅ​យក​សត្វ​ទាំង​ឡាយ​ណា​ ដែល​សម្រាល​ចេញ​ពី​ផ្ទៃ​មេ​ ឬ​ផ្ទៃ​ម្តាយ​ដូច​ជា​ សត្វ​មនុស្ស​ គោ​ ក្របី​ ឆ្កែ​ ឆ្មា​ ដំរី សេះ​ ជា​ដើម ។
ទី​៣. សំសេទជៈ   សំដៅ​យក​សត្វ​ទាំង​ឡាយ​ណា​ ដែល​កើ​ត​មក​ពី​ត្រី​ស្អុយ សាក​សព ឬ​ក្នុងវត្ថុ​ជូរ​ផ្អូម ជា​ដើម​ ដូច​ជា​ សត្វ​ដង្កូវ​ ។ល។​
ទី​៤. ឧ​ប​បា​តិ​កៈ​   សំដៅ​យក​សត្វ​ទាំង​ឡាយ​ណា​ ដែល​កើត​ឡើង​ឯង​ៗ​ ដូច​ជា​ ទេ​វតា​ នរក​ ប្រេត ជាដើម ។

បើ​សង្កេត​លើ​មាតិ​ការធម៌​ខាង​ដើម​ចាប់​ពី​មាតិ​កាទី ១ រហូត​ដល់​ទី​ ៣​ ខ្ញុំ​ជឿ​ជាក់​ថា​ញាតិ​ញោម​បង​ប្អូន​ប្រុស​ស្រី​ មិត្ត​អ្នក​អាន​ពិ​ត​ជា​មិន​ឆ្ងល់​ទេ​ ប៉ុន្តែ​រឿង​ដែល​អាថ៌​កំបាំង​ ហើយ​គួរ​ឲ្យ​ងឿង​ឆ្ងល់​នោះ គឺ​មាតិ​កា​ធម៌​ទី​ ៤​ គឺ​ កំណើត​សត្វ​ទី ៤​ ដូច្នេះ​ សូម​ឆ្លៀត​ឱ​កាស​លើក​យក​កំណើត​សត្វ​ទី ៤​ មក​អធិប្បាយ​ដូច​តទៅៈ

អធិ​ប្បាយ​កំណើត​សត្វ​ទី​ ៤
នៅ​ក្នុង​ព្រះ​អដ្ឋ​កថា​ បាន​សម្តែង​ថា​ បណ្តា​សត្វ​ទាំង​ឡាយ​ សត្វ​ប្រ​ភេទ​មួយ​កើត​ឡើង​ដោយ​ចោះ​សំបក​ស៊ុត​ចេញ​ ប្រភេទ​មួយ​កើត​ឡើង​ដោយ​អា​ស្រ័យ​វត្ថុ​ស្មោ​កគ្រោក​ ប្រភេទ​មួយ​កើត​ឡើង​ដោយ​សារ​ការ​សម្រាល​ចេញ​ពី​ផ្ទៃ​មេ ឬ​ផ្ទៃ​ម្តាយ ។ តែ​សម្រាប់​សត្វ​ឧ​បបាតិកៈ​ កំណើត​ គឺ​សំ​ដៅ​ដល់​សត្វ​ដែល​កើត​ឡើង​ដោយ​ពុំ​អា​ស្រ័យ​ហេតុ​ ដូច​សត្វ​ ៣​ ប្រភេទ​ខាង​លើ​ឡើយ​ ។

សត្វ​ពួក​នេះ​ វេលា​កើត​ក៏​កើត​ឡើង​ឯង​ៗ​ មាន​រូប​កាយ​ធំ​ឡើង​ភ្លាម​ៗ​ ។ សេចក្តី​អធិប្បាយ​យ៉ាង​នេះ​ យើង​គប្បី​យល់​ចូល​ចិត្ត​ថា​ ឧ​បបា​តិកៈ​កំណើត​ គឺ​ជា​កំណើត​ប្រ​ភេទ​មួយ​ ដែល​កើត​ឡើង​ដោយ​មិន​ចាំ​បាច់​មេ​បា​ឲ្យ​កំណើត​ឡើយ ។ អា​ស្រ័យ​ទៅ​លើ​ពុទ្ធ​ភា​សិត​ច្រើន​កន្លែង​ ស្តែង​ឲ្យ​ឃើញ​ថា​ ពួក​ទេវតា​និង​ពួក​នរក​ សុទ្ធ​តែ​ជាឧ​បបាតិកៈ​កំណើត​ ។



ម៉្យាង​ទៀត​ ក្នុង​អដ្ឋ​កថា​ដដែល​មាន​តួ​យ៉ាង​ថា ពួក​ទេ​វតា​ជា​ឧ​បបាតិ​កៈ​កំណើត​នេះ​ បាន​ដល់​ទេ​វតា​ចាតុម្ម​មហា​រាជិកា​រហូត​ដល់​ទេ​វតា​ជាន់​ខ្ពស់​ៗ​ឡើង​ទៅ​ជា ​លំដាប់ ។ ចំណែក​ភុម្ម​ទេវ​តា​ គឺ​ទេ​វតា​ដែល​ស្ថិត​នៅ​លើ​ផែន​ដី​នេះ​ រមែង​ប្រព្រឹត្ត​ទៅ​បា​ន​ទាំង​ ៤​ កំណើត​ ហើយ​លោក​បា​ន​បញ្ជាក់​បន្ថែម​ថា​ មនុស្ស​ខ្លះ​ក៏​ជា​ឧ​បបា​តិកៈ​កំណើត​ដែ​រ (​ដូ​ច​ជា​នាង​ចិញ្ចា​ជា​ដើម​) ។

ក្នុង​សេចក្តី​នេះ​ ខ្ញុំ​មិន​បាន​អធិប្បាយ​ឲ្យពិស្តារ​ទេ​ បើ​មិត្ត​អ្នក​អាន​ចង់​យល់​ច្បាស់​ អំពី​រឿង​ឧ​បបាតិ​កៈ​កំណើត​នេះ​ សូម​និ​មន្ត​និង​អញ្ជើញ​តាម​ដាន​នៅ​ក្នុង​អគ្គ​ញ្ញ​សូត្រ​ទៀត​ចុះ ។

ស្រង់​ចេញ​ពី​សៀវ​ភៅ " តើ​នរក​មាន​ដែរ​ឬ​ទេ? " រៀប​រៀង​ដោយ​ ភិក្ខុ វជិរប្ប​ញ្ញោ​ សាន-សុជា​

ដោយ​៥០០០​ឆ្នាំ​​  
http://www.5000-years.org/

No comments:

Post a Comment