Sunday, September 27, 2015

បរាភវសូត្រ


ហេតុដែលនាំឲ្យវិនាសទាំង១២ប្រការ

បរាភវសូត្រ គឺជាធម៌សម្ដែងនូវវិនាសទាំង​ ១២ ប្រការដែលជា​ការទូលសួររបស់ទេព្ដានិង​ការ​ឆ្លើយ​តប​​របស់​ព្រះ​សាស្ដា ។


 បទបឋ្យាវត្ត
បរាភវន្តំ បុរិសំ មយំ បុច្ឆាម គោតមំ ភវន្តំ បុដ្ឋុមាគម្ម កឹ បរាភវតោ   មុខំ ។
យើងខ្ញុំទាំងឡាយមកសូមទូលសួរ                នូវហេតុដែលគួរចម្រើនវិនាស
ប្រុសស្រីក្នុងលោកសន្និវាស                            ដែលនឹងវិនាសសាបសូន្យចាកគុណ ។
ឆ្ពោះព្រះគោតម ព្រះអង្គមានបុណ្យ            មេត្តានិមន្តសម្តែងឱ្យទាន
ធម្មជាតដូចម្តេចដែលជាប្រធាន                    នាំសត្វឱ្យមានសេចក្តីវិនាស ។
ព្រះសាស្តា ឆ្លើយតបនឹងទេព្តាថា៖
សុវិជានោ ភវំ ហោតិ សុវិជានោ បរាភវោ ធម្មកាមោ ភវំ ហោតិ   ធម្មទេស្សី បរាភវោ ។
អ្នកដែលចម្រើនតថាគតស្គាល់ងាយ                អ្នកដែលអន្តរាយតថាគតស្គាល់ពិត
អ្នកប្រាថ្នាធម៌ល្អិតល្អក្នុងចិត្ត                   ​             ហើយខំប្រព្រឹត្តនឹងបានចម្រើន ។
អ្នកដែលទ្រុស្តធម៌ស្អប់ធម៌ឥតកើន                   ឥតកើនចម្រើនវិនាសទៅមុខ ។

ឥតិហេតំ វិជានាម បឋមោ សោ បរាភវោ ទុតិយំ ភគវា ព្រូហិ កឹ        បរាភវតោ មុខំ ។
យើងខ្ញុំទាំងឡាយបានដឹងជាក់ស្តែង               វិនាសនេះឯងព្រោះហេតុដូច្នោះ
ក្តីវិនាសនេះបើរាប់សង្គ្រោះ                                វិនាសនោះឈ្មោះទី១ទាន់ហន់ ។
បពិត្រព្រះអង្គព្រះនាមភគវន្ត                           សូមទ្រង់និមន្តសម្តែងឱ្យទាន
វិនាសទី២អ្វីជាប្រធាន                                          នាំសត្វឱ្យមានសេចក្តីវិនាស ។

អសន្តស្ស បិយា ហោន្តិ សន្តេន កុរុតេ បិយំ អសតំ ធម្ម រោចេតិ តំ បរាភវតោ មុខំ ។
អ្នកដែលស្រឡាញ់ពេញចិត្តស្នេហា                តែនឹងមនុស្សណាអសប្បុរស
តែងមិនស្រឡាញ់ពេញចិត្តទាំងអស់              នឹងអ្នកសប្បុរសមកធ្វើជាមិត្រ  ។
សេចក្តីស្រឡាញ់ពេញចិត្តគំនិត                      ហើយទៅគប់ពិតអសប្បុរស
គាប់ចិត្តក្នុងធម៌ឬមួយរបស់                              ហេតុនោះទាំងអស់នាំឱ្យវិនាស ។

ឥតិហេតំ វិជានាម ទុតិយោ សោ បរាភវោ តតិយំ ភគវា ព្រូហិ កឹ បរាភវតោ មុខំ ។
យើងខ្ញុំទាំងឡាយបានដឹងជាក់ស្តែង               វិនាសនេះឯងព្រោះហេតុដូច្នោះ
ក្តីវិនាសនេះបើរាប់សង្គ្រោះ                                វិនាសនោះឈ្មោះទី២ទាន់ហន់ ។
បពិត្រព្រះអង្គព្រះនាមភគវន្ត                           សូមទ្រង់និមន្តសម្តែងឱ្យទាន
វិនាសទី៣អ្វីជាប្រធាន                                         នាំសត្វឱ្យមានសេចក្តីវិនាស  ។

និទ្ទាសីលី សភាសីលី អនុដ្ឋាតា ច យោ នរោ អលសោ កោធបញ្ញាណោ តំ បរាភវតោ មុខំ ។
អ្នកដេកច្រើន១និយាយច្រើន១                         និងអ្នកឥតព្រួយឥតគិតប្រឹងប្រែង
អ្នកខ្ជិលច្រអូសមិនមានខ្នះខ្នែង                        ខឹងច្រើនសម្តែងឱ្យគេឃើញបាន ។
ហេតុធម៌ទាំងនោះមិនជាកល្យាណ                 នាំឱ្យខកខានខាតខូចប្រយោជន៍
មានជាប្រធានតិចច្រើនដោយហោច             នាំបង់ប្រយោជន៍ហើយឱ្យវិនាស ​។

ឥតិហេតំ វិជានាម តតិយោ សោ បរាភវោ ចតុត្ថំ ភគវា ព្រូហិ កឹ        បរាភវតោ មុខំ ។
យើងខ្ញុំទាំងឡាយបានដឹងជាក់ស្តែង                  វិនាសនេះឯងព្រោះហេតុដូច្នោះ
 ក្ដី​វិនាស​នេះ​បើ​រាប់​សង្គ្រោះ                                  វិនាសនោះឈ្មោះទី៣ទាន់ហន់។
បពិត្រព្រះអង្គព្រះនាមភគវន្ត                              សូមទ្រង់និមន្តសម្តែងឱ្យទាន
វិនាសទី៤អ្វីជាប្រធាន                                             នាំសត្វឱ្យមានសេចក្តីវិនាស ។

យោមាតរំ វា បិតរំ វា ជិណ្ណក៓ៗ គតយោព្វនំ បហុសន្តោ ន ភរតិ តំ បរាភវតោ មុខំ ។
នរជនណាមានទ្រព្យធនធាន                         ហើយខ្លួនមិនបានចិញ្ចឹមរក្សា
មាតាបិតាដែលចាស់ជរា                                   ហេតុនោះទៅជានាំឱ្យវិនាស ។

ឥតិហេតំ វិជានាម ច តុត្ថោ សោ បរាភវោ បញ្ចមំ ភគវា ព្រូហិ កឹ បរាភវតោ មុខំ ។
យើងខ្ញុំទាំងឡាយបានដឹងជាក់ស្តែង               វិនាសនេះឯងព្រោះហេតុដូច្នោះ
ក្តីវិនាសនេះបើរាប់សង្គ្រោះ                                វិនាសនោះឈ្មោះទី៤ទាន់ហន់ ។
បពិត្រព្រះអង្គព្រះនាមភគវន្ត                           សូមទ្រង់និមន្តសម្តែងឱ្យទាន
វិនាសទី៥អ្វីជាប្រធាន                                          នាំសត្វឱ្យមានសេចក្តីវិនាស ។

យោ សមណំ ព្រាហ្មណំ វា អញ្ញំ វាបិ វនិព្វក៓ មុសាវាទេន វញ្ចេតិ តំ បរាភវតោ មុខំ ។
ជនបញ្ឆោតព្រាហ្មណ៍ឬពួកសមណៈ              ពួកស្មូមឬអ្នកដទៃៗ
ដោយមុសាវាទឃ្លាតពាក្យប្រពៃ                     នោះប្រធាននៃសេចក្តីវិនាស ។

ឥតិហេតំ វិជានាម បញ្ចមោ សោ បរាភវោ ឆដ្ឋមំ ភគវា ព្រូហិ កឹ        បរាភវតោ មុខំ ។
យើងខ្ញុំទាំងឡាយបានដឹងជាក់ស្តែង             វិនាសនេះឯងព្រោះហេតុដូច្នោះ
ក្តីវិនាសនេះបើរាប់សង្គ្រោះ                              វិនាសនោះឈ្មោះទី៥ទាន់ហន់ ។
បពិត្រព្រះអង្គព្រះនាមភគវន្ត                          សូមទ្រង់និមន្តសម្តែងឱ្យទាន
វិនាសទី៦អ្វីជាប្រធាន                                        នាំសត្វឱ្យមានសេចក្តីវិនាស ។

បហុតវិត្តោ បុរិសោ សហិរញ្ញោ សភោជនោ ឯកោ ភុញ្ជតិ សាទូនិ តំ បរាភវតោ មុខំ ។
បុរសអ្នក​មានទ្រព្យធនធានច្រើន                 មាសប្រាក់ចម្រើននិងគ្រឿងអាហារ
លបលាក់របស់ដែលឆ្ងាញ់ពិសា                    ស៊ីម្នាក់ឯងជាប្រធានវិនាស ។

ឥតិហេតំ វិជានាម ឆដ្ឋមោ សោ បរាភវោ សត្តមំ ភគវា ព្រូហិ កឹ        បរាភវតោ មុខំ ។
យើងខ្ញុំទាំងឡាយបានដឹងជាក់ស្តែង               វិនាសនេះឯងព្រោះហេតុដូច្នោះ
ក្តីវិនាសនេះបើរាប់សង្គ្រោះ                                វិនាសនោះឈ្មោះទី៦ទាន់ហន់ ។
បពិត្រព្រះអង្គព្រះនាមភគវន្ត                  ​         សូមទ្រង់និមន្តសម្តែងឱ្យទាន
វិនាសទី៧អ្វីជាប្រធាន                                         នាំសត្វឱ្យមានសេចក្តីវិនាស ។

ជាតិត្ថទ្ធោ ធនត្ថទ្ធោ គោត្តត្ថទ្ធោ ច យោ នរោ សញ្ញាតឹ អតិមញ្ញេតិ តំ បរាភវតោ មុខំ ។
អ្នកដែលប្រកាន់ជាតិទ្រព្យត្រកូល                   ហើយមិនប្រមូលសាច់ញាតិសន្តាន
មើលងាយញាតិខ្លួនដោយអាងខ្លួនមាន         នោះជាប្រធានសេចក្តីវិនាស ។

ឥតិហេតំ វិជានាម សត្តមោ សោ បរាភវោ អដ្ឋមំ ភគវា ព្រូហិ កឹ        បរាភវតោ មុខំ ។
យើងខ្ញុំទាំងឡាយបានដឹងជាក់ស្តែង               វិនាសនេះឯងព្រោះហេតុដូច្នោះ
ក្តីវិនាសនេះបើរាប់សង្គ្រោះ                                 វិនាសនោះឈ្មោះទី៧ទាន់ហន់ ។
បពិត្រព្រះអង្គព្រះនាមភគវន្ត                             សូមទ្រង់និមន្តសម្តែងឱ្យទាន
វិនាសទី៨អ្វីជាប្រធាន                                           នាំសត្វឱ្យមានសេចក្តីវិនាស ។

ឥត្ថីធុត្តោ សុរាធុត្តោ អក្ខធុត្តោ ច យោ នរោ លទ្ធំ លទ្ធំ វិនាសេតិ តំ បរាភវតោ មុខំ ។
ជនអ្នកប្រព្រឹត្តល្បែងបីប្រការ                       ល្បែងស្រីល្បែងស្រាល្បែងភ្នាល់ទាំងឡាយ
ធ្វើទ្រព្យខ្លួនមានឱ្យអន្តរាយ                           ការល្បែងទាំងឡាយនោះនាំវិនាស ។

ឥតិហេតំ វិជានាម អដ្ឋមោ សោ បរាភវោ នវមំ ភគវា ព្រូហិ កឹ   បរាភវតោ មុខំ ។
 យើងខ្ញុំទាំងឡាយបានដឹងជាក់ស្តែង                     វិនាសនេះឯងព្រោះហេតុដូច្នោះ
ក្តីវិនាសនេះបើរាប់សង្គ្រោះ                                       វិនាសនោះឈ្មោះទី៨ទាន់ហន់ ។
បពិត្រព្រះអង្គព្រះនាមភគវន្ត                                  សូមទ្រង់និមន្តសម្តែងឱ្យទាន
វិនាសទី៩អ្វីជាប្រធាន                                                 នាំសត្វឱ្យមានសេចក្តីវិនាស ។

សេហិ ទារេហិ អសន្តុដ្ឋោ វេសិយាសុ បទុស្សតិ ទុស្សតិ បរទារេសុ តំ បរាភវតោ មុខំ ។
ប្រុសមិនត្រេកអរនឹងប្រពន្ធខ្លួន                       ហើយទៅជាប់ចួននឹងស្រីពេស្យា
ទ្រុស្តនឹងប្រពន្ធកូនជននានា                             ហេតុនោះទៅជានាំឱ្យវិនាស ។

ឥតិហេតំ វិជានាម នវមោ សោ បរាភវោ ទសមំ ភគវា ព្រូហិ កឹ    បរាភវតោ មុខំ ។
យើងខ្ញុំទាំងឡាយបានដឹងជាក់ស្តែង                   វិនាសនេះឯងព្រោះហេតុដូច្នោះ
ក្តីវិនាសនេះបើរាប់សង្គ្រោះ                                    វិនាសនោះឈ្មោះទី៩ទាន់ហន់ ។
បពិត្រព្រះអង្គព្រះនាមភគវន្ត                                សូមទ្រង់និមន្តសម្តែងឱ្យទាន
វិនាសទី១០អ្វីជាប្រធាន                                            នាំសត្វឱ្យមានសេចក្តីវិនាស ។

អតីត យោព្វនោ បោសោ អានេតិ តិម្ពរុត្ថនី តស្សា ឥស្សា ន សុបតិ តំ បរាភវតោ មុខំ ។
 បុរសមានវ័យដែលចាស់ហួសពេក           ហើយមានតម្រេកដោយក្ដីតណ្ហា
នាំយកស្រីក្មេងមកធ្វើភរិយា                      ហេតុនោះទៅជានាំឱ្យវិនាស ។

ឥតិហេតំ វិជានាម ទសមោ សោ បរាភវោ ឯកាទសមំ ភគវា ព្រូហិ កឹ បរាភវតោ មុខំ ។
យើងខ្ញុំទាំងឡាយបានដឹងជាក់ស្តែង               វិនាសនេះឯងព្រោះហេតុដូច្នោះ
ក្តីវិនាសនេះបើរាប់សង្គ្រោះ                                វិនាសនោះឈ្មោះទី១០ទាន់ហន់ ។
បពិត្រព្រះអង្គព្រះនាមភគវន្ត                           សូមទ្រង់និមន្តសម្តែងឱ្យទាន
វិនាសទី១១អ្វីជាប្រធាន                                      នាំសត្វឱ្យមានសេចក្តីវិនាស ។

ឥត្ថី សោណ្ឌី វិកិរណឹ បុរិសំ វាបិ តាទិសំ ឥស្សរិយស្មឹ ឋបេតិ តំ បរាភវតោ មុខំ ។
បុរសតាំងស្រីអ្នកលេងខ្ជះខ្ជាយ                  ឬស្រីទាំងឡាយតាំងបុរសនោះ
ដែលជាអ្នកលេងខ្ជះខ្ជាយដូច្នោះ                អំពើទាំងនោះនាំឱ្យវិនាស ។

ឥតិហេតំ វិជានាម ឯកាទសមោ សោ បរាភវោ ទ្វាទសមំ ភគវា ព្រូហិ កឹ បរាភវតោ មុខំ ។
យើងខ្ញុំទាំងឡាយបានដឹងជាក់ស្តែង               វិនាសនេះឯងព្រោះហេតុដូច្នោះ
ក្តីវិនាសនេះបើរាប់សង្គ្រោះ                                វិនាសនោះឈ្មោះទី១១ទាន់ហន់ ។
 បពិត្រព្រះអង្គព្រះនាមភគវន្ត                          សូមទ្រង់និមន្តសម្តែងឱ្យទាន
វិនាសទី១២អ្វីជាប្រធាន                                      នាំសត្វឱ្យមានសេចក្តីវិនាស ។

អប្បភោគោ មហាតណ្ហោ ខត្តិយេ ជាយតេ កុលេ សោ ច រជ្ជំ     បត្ថយតិ តំ បរាភវតោ មុខំ ។
ជនណាកើតក្នុងត្រកូលជាក្សត្រ                         អ្នកក្សត់សម្បត្តិហើយប្រាថ្នាធំ
ចង់បានជាស្តេចសោយរាជ្យស្តុកស្តម្ភ              ហេតុនោះនឹងនាំឱ្យដល់វិនាស ។

ឯតេ បរាភវេ លោកេ បណ្ឌិតោ សមវេក្ខិយ អរិយទស្សន សម្បន្នោ ស លោកំ ភជតេ សិវំ ៕
ជនជាបណ្ឌិតគំនិតប្រសើរ                                   បានឃើញដំណើរនៃហេតុវិនាស
ដល់សត្វក្នុងលោកសន្និវាស                               គេចពីវិនាសគប់រកចម្រើន ៕

ការអត្ថាធិប្បាយ
បរាភវសូត្រ
នៅ​ក្នុង​​​គម្ពីរ​ព្រះត្រៃបិដក សុត្តន្តបិដក ខុទ្ទកនិកាយ សុត្តនិបាត តតិយភាគ (សៀវភៅ​លេខ ៥៤ ទំព័រទី ៣៦) (បរាភវសូត្រ) មាន​​​តំណាល​អំពី​​សេចក្តី​បង្រៀន​របស់​ព្រះពុទ្ធ​​​ឲ្យ​មនុស្ស​ស្គាល់​មូលហេតុ​ ១២ ប្រការ​ដែល​នាំ​មក​នូវ​ក្តីវិនាស ។ ជា​គូ​នឹង​បរាភវសូត្រ នៅ​ក្នុង​គម្ពីរ​ព្រះត្រៃបិដក ផ្នែក​សុត្តន្តបិដក ខុទ្ទកនិកាយ ត្រង់ ខុទ្ទកបាឋៈ (សៀវភៅ​លេខ ៥២ ទំព័រ​ទី ១ ដល់ ២០) មាន​រៀបរាប់​អំពី​​កិច្ចការ​ចំនួន ៣៨ ប្រការ​ ​ដែល​នាំ​មក​នូវ​សេចក្តី​ចម្រើន ឬ ​​មង្គលសូត្រ (ទំព័រ​ទី ៤ ដល់​ទី ៦) ។ ប្រសិន​បើ​មនុស្ស​ទាំងឡាយ​អនុវត្តតាម​គោលការណ៍​ទាំង ៣៨ ប្រការ​​នៅ​ក្នុង​មង្គលសូត្រ ហើយ​វៀរចាក​អំពើ​គួរ​ចៀសវាង​ទាំង ១២ នៅ​ក្នុង​បរាភវសូត្រ មនុស្ស​ទាំងឡាយ​នឹង​បាន​សុខ​ស្ងប់ និង ចម្រុង​ចម្រើន ។


ប្រមុខនៃក្តីវិនាស ១២ ប្រការ

ទី ១ - បុគ្គលអ្នកទ្រុស្តធម៌ ស្អប់ធម៌

ពាក្យ​ថា "ធម៌" មាន​អត្ថន័យ​ច្រើន​ណាស់ ប៉ុន្តែ​នៅ​ទី​នេះ ក្នុង​ន័យ​ទូលាយ ធម៌​ មាន​ន័យ​ថា​ ​ការ​បង្រៀន ឬ ​សភាវៈ​ពិត ។​ នៅ​ក្នុង​ន័យ​​ចង្អៀត ធម៌ គឺ​ជា​​ការបង្រៀន​របស់​​​ព្រះ​ពុទ្ធ ។ សូម​កុំ​ច្រឡំ​ការបង្រៀនរបស់ព្រះពុទ្ធ និង ធម៌​​សម្រាប់​សូត្រ​ពេល​បុណ្យ​ទាន​​នានា ។ ដោយ​សារ​នៅ​ទី​នេះ​ ធម៌​ ផ្តោត​ជា​ពិសេស​ទៅ​លើ​សេចក្តី​ពិត, ​ច្បាប់​ធម្មជាតិ ឬ​ វិទ្យាសាស្ត្រ ដូច្នេះ​មនុស្ស​ដែល​ស្រឡាញ់​សេចក្តី​ពិត អនុវត្ត​តាម​ច្បាប់​វិទ្យាសាស្ត្រ​​នឹង​ចេះ​ស្វែង​រក​ទិន្នន័យ​ឬ​ព័ត៌មាន​ត្រឹមត្រូវ​ គ្រប់គ្រាន់ និង​ទាន់សម័យ​សម្រាប់​ធ្វើ​​​ការ​សម្រេច​ចិត្ត​ប្រកប​ដោយ​គតិ​បណ្ឌិត​ឬ​​​បញ្ញាញាណ ។ ពួក​គេ​​រស់​នៅ​មាន​សេរីភាព ​រួច​ផុត​ពី​សេចក្តី​បង្រៀន​ក្លែងក្លាយ​​ទាំង​ឡាយ ដែល​ជា​អន្ទាក់​​, សំណាញ់​, ឬ​រនាំង​ហ៊ុំ​ព័ទ្ធ​បិទ​បាំង​ពួក​គេ​មិន​ឲ្យ​មើល​ឃើញ​ការ​ពិត ​។ មនុស្ស​ជឿ​លើ​សេចក្តី​ពិត​តាម​បែប​វិទ្យាសាស្ត្រ​​​នឹង​រស់​នៅ​ប្រកប​ដោយ​សេចក្តី​សុខ​ស្ងប់ គ្មាន​ការ​រវល់​អំពល់​ទុក្ខ ឬ​ភ័យ​ព្រួយ​បង្ក​ឡើង​ដោយ​ការ​បន្លាច ឬ​​ការ​អូស​ទាញ​ឲ្យ​​ជឿ​ទៅ​លើ​សេចក្តី​ជំនឿ​ឥត​ហេតុ​ផល ឬ​អរូបិយជំនឿ​ទាំង​ឡាយ ដូច​ជា​ជំនឿ​ថា​មាន​​មនុស្ស​​, សត្វ​ ឬ​ហេតុការណ៍​​អស្ចារ្យ ​ស្ថាន​នរក ​ស្ថាន​សួគ៌ ​ខ្មោច ​ប្រេត ​អតីតជាតិ ​អនាគត​ជាតិ​ ​ទេវតា ​ព្រហ្ម ឬ​អាទិទេព​ជា​ដើម ។ ជា​រួម មនុស្ស​ជឿ​សេចក្តី​ពិត មិន​ងាយ​សម្រេច​ចិត្ត​ជឿ​តាម​សម្តី​ពន្យល់​ឬ​សេចក្តី​បង្រៀន​​ណា​មួយ​ដែល​​មិន​ទាន់​​មាន​ការ​សិក្សា​ស្រាវជ្រាវ​​ពិសោធន៍​ល្អិត​ល្អន់​ដោយ​អ្នក​វិទ្យាសាស្ត្រ​នោះ​ឡើយ ។
ចំណែក​មនុស្ស​ដែល​មិន​ស្វែង​យល់​សេចក្តី​ពិត ពួក​គេ​នឹង​ធ្លាក់​ចូល​ក្នុង​សេចក្តី​បង្រៀន​ក្លែងក្លាយ ដែល​នាំ​ទៅ​ដល់​ការ​ខាត​បង់​ពេល​វេលា ទ្រព្យ​សម្បត្តិ និង ជីវិត​ក៏​អាច​មាន ។ មនុស្ស​នៅ​ក្នុង​ក្រុម​នេះ​នឹង​ធ្វើ​ខ្លួន​ងាយ​ឲ្យ​មនុស្ស​ដទៃ​បោក​បញ្ឆោត បំភ័យ ឬ​អូស​ទាញ​ឲ្យ​ធ្វើ​អំពើ​ផ្សេងៗ​ដែល​គ្មាន​ភាព​ប្រកដ​និយម ដូច​ជា​ត្រូវ​គេ​បោក​ឲ្យ​ជឿ​លើ​ការ​សាក់​លើ​ខ្លួន​ប្រាណ ការ​ទិញ​កន្សែង​យ័ន្ត, ការ​ទិញ​ថ្នាំ​បុរាណ​ធ្វើ​ពី​ឫស​ឈើ​​ឬ​សត្វ​ងាប់, ការ​ស្រោច​ទឹក​លើក​រាសី, ការ​ទស្សន៍ទាយ​មើល​អនាគត, ពិធី​សែន​ព្រេន​ ជំនឿ​ហោះហើរ​ដើរ​លើ​អាកាស ឬ​ការ​វិនិយោគទុន​បោកប្រាស​តាម​បែប​ពីរ៉ាមីដ ។ មនុស្ស​ក្រុម​នេះ​នឹង​ងាយ​ត្រូវគេ​បញ្ឆោត​​ឲ្យ​ចំណាយ​ពេល​វេលា ទ្រព្យ​សម្បត្តិ​ ឬ​ជីវិត​ទៅ​លើ​​គោល​លទ្ធិ​មួយ ។ ពួក​គេ​នឹង​ក្លាយ​ទៅ​ជា​មនុស្ស​យន្ត​ធ្លាក់​ចូល​ក្នុង​ការ​បញ្ជា​របស់​ជន​បោក​ប្រាស់​ដែល​រង់ចាំ​ឱកាស​កេងប្រវ័ញ្ច​យក​ប្រយោជន៍​ទៅ​បម្រើ​បុគ្គល​ផ្ទាល់​ខ្លួន​ឬ​បក្ស​ពួក​របស់​គេ ។ មនុស្ស​​មិន​ស្រឡាញ់​ការពិត​ ឬ​សេចក្តី​បង្រៀន​តាម​បែប​វិទ្យាសាស្ត្រ​នឹង​សម្រេច​ចិត្ត​យ៉ាង​ងាយ​ដោយ​មិន​បាន​គិត​ពិចារណា​ឲ្យ​បាន​ត្រឹម​ត្រូវ​តាម​បែប​វិទ្យាសាស្ត្រ ។

ទី ២ - សេពគប់នឹងជនជាអសប្បុរស

ដើម្បី​យល់​ច្បាស់​អត្ថន័យ​នៅ​ក្នុង​គោលការណ៍​មួយ​នេះ យើង​ត្រូវ​សិក្សា​ពាក្យ​សប្បុរស​ និង​ អសប្បុរស​ឲ្យ​បាន​ល្អិតល្អន់ ជាមុន​សិន ។ ពាក្យ​ថា សប្បុរស គឺ​បុរស (មនុស្ស​ប្រុស​ក្តី​ ស្រី​ក្តី) ជា​អ្នក​ស្ងប់ មិន​ធ្វើ​អំពើ​អាក្រក់​ដោយ​កាយ វាចា ឬ​ចិត្ត ។ សប្បុរសជន ជា​មនុស្ស​ប្រព្រឹត្ត​ល្អ ត្រឹមត្រូវ​តាម​ច្បាប់​រដ្ឋ​និង​ច្បាប់​សាសនា ។ សប្បុរសជន​ជា​មនុស្ស​រស់​នៅ​ចុះ​សម្រុង​នឹង​មនុស្ស​ដទៃ​​នៅ​ក្នុង​សហគមន៍ ឬ​សង្គម​ជាតិ​ទាំង​មូល ។ ពួក​សប្បុរស​ជន​គោរព​សិទ្ធិ​មនុស្ស​យ៉ាង​ខ្ជាប់ខ្ជួន​ និង មាន​មេត្តា​ករុណា​ដល់​សត្វ​ និង​ រុក្ខជាតិ​នៅ​លើ​ផែន​ដី ។ សប្បុរសជន​មិន​គិត​តែ​ប្រយោជន៍​ផ្ទាល់​ខ្លួន​ឬ​ប្រយោជន៍​របស់​ក្រុម​បក្ស​ខ្លួន​នោះ​ទេ ។ ពួក​គេ​ចេះ​ជួយ​ឧបត្ថម្ភ​មនុស្ស​ដទៃ​ដែល​ជា​ជន​ល្ងិតល្ងង់​ឲ្យ​មាន​ប្រាជ្ញា ជួយ​ជន​រង​ទុក្ខ​ឲ្យ​មាន​សេរីភាព ជួយ​ជន​ក្រីក្រ​​ស្រេក​ឃ្លាន​​ឲ្យ​​ទទួល​បាន​អាហារ​​បរិភោគ ជួយ​ជន​ខ្វះ​ទី​ជម្រក​ឲ្យ​មាន​គេហដ្ឋាន​ត្រឹមត្រូវ បង្រៀន​មនុស្ស​ខ្វះ​ទ្រព្យ​សម្បត្តិ​​​ឲ្យ​ចេះ​ប្រកប​អាជីព​ត្រឹមត្រូវ​សម្រាប់​ជួយ​យឹតយោង​ខ្លួន​និង​គ្រួសារ ។ លើស​ពី​នោះ​ទៀត ​សប្បុរសជន​ប្រដៅ​បង្រៀន​កូនចៅ​របស់​ពួក​គេ​ឲ្យ​ចេះ​គោរព​មនុស្ស​​ដទៃ​ដោយ​គ្មាន​ការ​រើស​អើង​វណ្ណៈ ឬ​សាសនា ។ ពួក​គេ​ចេះ​គោរព​សេចក្តី​សម្រេច​ចិត្ត​របស់​មនុស្ស​ដទៃ ស្តាប់​យោបល់​ល្អ​របស់​មនុស្ស​ផ្សេង​ទៀត​ដើម្បី​កែ​លម្អ​ខ្លួន​គេ​ឲ្យ​កាន់​តែ​ប្រសើរ ។ ការ​សម្រេច​ចិត្ត​របស់​សប្បុរសជន​ គឺ​ធ្វើ​ឡើង​បន្ទាប់​ពី​​ពួក​គេ​បាន​សិក្សា​ស្រាវជ្រាវ​រាវ​រក​ព័ត៌មាន​ត្រឹមត្រូវ និង ប្រឹក្សាយោបល់​ជាមួយ​មនុស្ស​មាន​បទ​ពិសោធន៍​ច្រើន​ ឬ​ជន​ជា​បណ្ឌិត ។​ ការ​ប្រតិបត្តិ​ជីវិត​តាម​មាគ៌ា​របស់​សប្បុរសជន​​នឹង​ធ្វើ​ឲ្យ​មនុស្ស​រស់​នៅ​យ៉ាង​សុខ​ស្ងប់ ចម្រុងចម្រើន និង សន្តិភាព​​​នៅ​ក្នុង​សង្គម ។​ ហេតុ​ដូច្នេះ​ហើយ​ទើប​បុរាណាចារ្យ​ប្រដៅ​ឲ្យ​មនុស្ស​ជំនាន់​ក្រោយ​សេពគប់​រាប់រក​មនុស្ស​ជា​សប្បុរសជន ។
ផ្ទុយ​ពី​សប្បុរសជន មនុស្ស​ជា​អសប្បុរសជន​​ខ្វះ​ខាត​គុណសម្បត្តិ​ទាំងឡាយ​​ដែល​សប្បុរសជន​មាន​ដូច​បាន​រៀបរាប់​ខាង​លើ​ស្រាប់ ។ ពិនិត្យ​មើល​ពី​ជ្រុង​ជ្រោយ​ទ្រព្យ​សម្បត្តិ ទោះបី​អសប្បុរសជន​មាន​ទ្រព្យ​ច្រើន​សន្ធឹក​យ៉ាង​ណា ក៏​មនុស្ស​នៅ​ក្នុង​ក្រុម​នេះ​មិន​អើពើ​ចែក​រំលែក​ទ្រព្យ​របស់​ខ្លួន​ធ្វើ​ជា​ប្រយោជន៍​ដល់​មនុស្ស​ដទៃ ដូច​ជា​ការ​ចែក​ទាន​ដោយ​ផ្ទាល់​​ដល់​ជន​ក្រីក្រ ឬ​ការ​បង្កើត​មូល​និធិ​សម្រាប់​ជួយ​សិស្ស​និស្សិត​ក្រីក្រ​ កសាង​សាលា​រៀន ​មន្ទីរ​ពេទ្យ ឬ​ផ្លូវ​ថ្នល់​ ដែល​ជា​ប្រយោជន៍​ដល់​សហគមន៍​ទាំង​មូល​នោះ​ទេ ។ កុំ​ថា​ឡើយ​​ដល់​ទៅ​ការ​ចែក​រំលែក​ទ្រព្យ​សម្បត្តិ​របស់​ខ្លួន​ដល់​មនុស្ស​ដទៃ អសប្បុរសជន​មិន​រវល់​អើពើ​ចំណាយ​ពេល​វេលា​ស្ម័គ្រ​ចិត្ត​ជួយ​កិច្ចការ​សង្គម ដូច​ជា​ការ​ជួយ​បង្ហាត់​បង្រៀន​ជន​ល្ងិតល្ងង់ ការ​ជួយ​កិច្ចការ​វត្តវ៉ា​អារាម សាលា​រៀន ឬ​មន្ទីរ​ពេទ្យ​ជាដើម ។ ​​​អសប្បុរសជន​សម្រេច​ចិត្ត​ធ្វើ​អ្វី​មួយ​តែង​ឈរ​លើ​មូលដ្ឋាន​ទាញ​យក​ប្រយោជន៍​មក​ដល់​ខ្លួន​ឬ​បក្សពួក​របស់​ខ្លួន​ជា​មុន​ ។ អសប្បុរសជន​​ទាញ​យក​គ្រប់​ហេតុ​ផល​ដើម្បី​បន្ត​អំពើ​រើស​អើង​វណ្ណៈ ជំនឿ​សាសនា និង ពណ៌​សម្បុណ៌​ស្បែក​របស់​មនុស្ស​ដទៃ​ដែល​មិន​មែន​នៅ​ក្នុង​វណ្ណៈ​របស់​ពួក​គេ ។
ដើម្បី​ជា​ភស្តុតាង​សម្រាប់​អះអាង​ចំណុច​ទាំង​ពីរ​ខាង​លើ​នេះ សូម​យើង​នាំ​គ្នា​ពិនិត្យ​មើល​សង្គម​មនុស្ស​នៅ​ប្រទេស​ឥណ្ឌា​នៅ​សម័យ​ព្រះពុទ្ធ​ ថា​តើ​សប្បុរសជន និង អសប្បុរសជន បាន​​គិត​ពិចារណា និង ធ្វើ​សកម្មភាព​អ្វី​ខ្លះ​សម្រាប់​ខ្លួន​គេ​និង បក្សពួក​របស់​គេ ។ នៅ​ប្រទេស​ឥណ្ឌា មនុស្ស​ត្រូវ​បាន​បែង​ចែក​ចេញ​ជា​ ៤ វណ្ណៈ​ធំៗ ពោល​គឺ​ វណ្ណៈ​ព្រាហ្មណ៍ វណ្ណៈ​ក្សត្រ វណ្ណៈ​វេស្សៈ និង វណ្ណៈ​សូទ្រៈ ។ ជា​ទូទៅ​មនុស្ស​​វណ្ណៈ​ព្រាហ្មណ៍​ ទាញ​យក​ហេតុផល​ថា ពួក​គេ​ជា​មនុស្ស​កើត​មក​ពី​​មាត់​​មនុស្ស​ទេព​ឈ្មោះ "មនុ" ឬ​កើត​មក​ពី​ព្រះ​ឱស្ឋ​របស់​​​ព្រះ​ព្រហ្ម ដែល​ធ្វើ​ឲ្យ​ពួក​គេ​ជា​មនុស្ស​ខ្ពង់ខ្ពស់​ជាង​មនុស្ស​មក​ពី​វណ្ណៈ​ដទៃ ។ ពួក​មនុស្ស​វណ្ណៈ​ព្រាហ្មណ៍​​បាន​បង្កើត​​​គម្ពីរ​ មនុ សស្ត្រៈ ដើម្បី​បោក​ប្រាស់ កេង​ប្រវ័ញ្ច ជិះជាន់​មនុស្ស​​នៅ​វណ្ណៈ​ក្រោមៗ ជា​ពិសេស​មនុស្ស​ចណ្ឌាល (ជន​ក្រៅ​វណ្ណៈ) ដោយ​គ្មាន​សុភវិនិច្ឆ័យ​ឡើយ ។ ទោះ​បី​​មក​ដល់​បច្ចុប្បន្ន​នេះ រដ្ឋាភិបាល​ឥណ្ឌា​មាន​​ច្បាប់​រដ្ឋធម្មនុញ្ញ ដែល​ការពារ​សិទ្ធិ​របស់​ជន​ក្រៅ​វណ្ណៈ​ទាំង​ឡាយ​ក៏​ដោយ ក៏​មនុស្ស​នៅ​វណ្ណៈ​ព្រាហ្មណ៍ និង វណ្ណៈ​ក្សត្រ បន្ត​ជិះជាន់ កេងប្រវ័ញ្ច និង រើសអើង​មនុស្ស​វណ្ណៈ​វេស្សៈ សូទ្រៈ និង ជន​ក្រៅ​វណ្ណៈ (ចណ្ឌាល) ជានិច្ច ។ ​រឿង​និទាន​អំពី​ជីវិត​របស់​តួអង្គ​ព្រះ​ពុទ្ធ​បាន​​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ការ​រើស​អើង​វណ្ណៈ​​ដ៏​តឹងតែង​នៅ​ក្នុង​សង្គម​ឥណ្ឌា​នា​សម័យ​បុរាណ​ ។ ​មាតា​បិតា​របស់​ព្រះ​ពុទ្ធ​គឺ​ជា​មនុស្ស​នៅ​ក្នុង​វណ្ណៈ​ក្សត្រ​ (ម្ចាស់​ដី) ដែល​តែង​ប្រមូល​ភោគផល​កសិកម្ម​ពី​ប្រជាកសិករ​នៅ​ក្នុង​វណ្ណៈ​សូទ្រៈ​ និង ​មនុស្ស​ក្រៅ​វណ្ណៈ​ ។ អំពើ​ជិះជាន់​ កេង​ប្រវ័ញ្ច និង រើស​អើង​វណ្ណៈ បាន​បន្ត​ពី​មួយ​ជំនាន់​ទៅ​​មួយ​ជំនាន់​​ទៀត​ដោយ​គ្មាន​ការ​កែ​ប្រែ ដោយសារ​​ពួក​មនុស្ស​នៅ​វណ្ណៈ​ខាង​លើ (វណ្ណៈ​ព្រាហ្មណ៍ និង វណ្ណៈ​ក្សត្រ) បាន​ចូល​ដៃ​ឃុបឃិត​គ្នា​បង្កើត​ជា​គម្ពីរ​សាសនា​ច្រើន​រាប់​មិន​អស់​សម្រាប់​បិទបាំង​គំនិត​អាក្រក់​របស់​ពួក​គេ និង សម្រាប់​បំបាក់​ផ្នត់​គំនិត​មនុស្ស​ដទៃ​ទៀត​ឲ្យ​ទ្រាំ​ទទួល​យក​​គម្ពីរ​សាសនា​ទាំង​នោះ​ព្រោះ​ជា​បំណង​​របស់​ព្រះ​អាទិទេព ។ គម្ពីរ​សាសនា​ និង ពិធី​សាសនា​ច្រើន​ស្អេក​ស្កះ​ទាំង​នោះ​បាន​ក្លាយ​ទៅ​ជា​ឧបករណ៍​សម្រាប់​​គាប​សង្កត់​ផ្នត់​គំនិត​មនុស្ស​នៅ​វណ្ណៈ​ក្រោមៗ​ឲ្យ​បន្ត​ទ្រាំ​ទ្រ​ទទួល​យក​​ស្ថានភាព​ជីវិត​របស់​ខ្លួន​ដោយ​គ្មាន​ការ​ពិចារណា​ ឬ​ងើប​ប្រឆាំង​នឹង​អំពើ​អយុត្តិធម៌​សោះ ។ ពួក​អសប្បុរសជន​នៅ​វណ្ណៈ​ខាង​លើ​បន្ត​ពន្យល់​ពួក​មនុស្ស​នៅ​វណ្ណៈ​ក្រោម​ថា​ មូលហេតុ​ដែល​ធ្វើ​ឲ្យ​ពួក​ខ្លួន​មាន​ទ្រព្យ​សម្បត្តិ​ច្រើន​​ រស់​នៅ​សុខស្រួល មាន​បាវបម្រើ​ច្រើន​នៅ​ជាតិ​នេះ​ គឺ​មក​ពី​ពួក​ខ្លួន​បាន​ធ្វើ​បុណ្យ​ច្រើន​ពីជាតិ​មុនៗ ហើយ​មូលហេតុ​ដែល​ធ្វើ​ឲ្យ​ពួក​មនុស្ស​នៅ​វណ្ណៈ​ក្រោមៗ​ក្លាយ​ជា​ជនក្រីក្រ​ដូច្នេះ​ គឺ​មក​ពី​ពួក​គេ​បាន​ធ្វើ​កម្មអាក្រក់​ ឬ​ថា​មិន​បាន​ធ្វើ​បុណ្យ​ច្រើន​ពី​ជាតិ​មុនៗ ។ ដូច្នេះ​ពួក​គេ​ត្រូវ​ស៊ូទ្រាំ​ខាំមាត់​សង្កត់​ចិត្ត​ទទួល​យក​ស្ថានភាព​ក្រីក្រ​នៅ​ក្នុង​ជាតិ​នេះ​ ហើយ​ខំ​ធ្វើ​បុណ្យ​ដាក់​ទាន​ឲ្យ​បាន​ច្រើន​ ​ដើម្បី​អាច​កើត​មក​ម្តង​ទៀត​នៅ​ជាតិ​ក្រោយ ​ជា​សេដ្ឋី​មាន​បាវ​បម្រើ​ច្រើន​ ដូច​ពួក​វណ្ណៈ​ព្រាហ្មណ៍​ និង ​វណ្ណៈ​ក្សត្រ​ ។ ការ​បកស្រាយ​បង្វែ​ទិស​របៀប​នេះ​ទទួល​បាន​ផល​រហូត​មក​រាប់​រយ​ជំនាន់​ មនុស្ស​នៅ​វណ្ណៈ​ក្រោម​មិន​ហ៊ាន​ងើប​ឡើង​ប្រឆាំង​នឹង​​មនុស្ស​នៅ​វណ្ណៈ​ខាង​លើ​ដើម្បី​ទាមទារ​យក​សិទ្ធិ​សេរីភាព​របស់​ខ្លួន​ទេ ។ ​​មក​ដល់​សម័យ​កាល​ព្រះពុទ្ធ​ មនុស្ស​ជាច្រើន​បាន​ជួប​ប្រាស្រ័យ​ទាក់ទង​​គ្នា​ដើម្បី​ដោះដូរ​ទំនិញ​ព្រម​ទាំង​គំនិត​ថ្មីៗ និង បច្ចេកវិទ្យា​ទំនើបៗ ដែល​ធ្វើ​ឲ្យ​មនុស្ស​ជាច្រើន​ចាប់​ផ្តើម​សួរដេញដោល​អំពី​ទ្រឹស្តី​ទាំងឡាយ​ដែល​មាន​ចែង​នៅ​ក្នុង​គម្ពីរ​វេទ​របស់​ពួក​ព្រាហ្មណ៍​​ថា​តើ​វា​មាន​ភាព​ប្រាកដ​និយម​​​​ក្នុង​កម្រិត​ណា ។ ព្រះ​ពុទ្ធ​ក៏​ជា​ទស្សវិទូ​ម្នាក់​ក្នុង​ចំណោម​ទស្សនវិទូ​ទាំង​ឡាយ​ដែល​បាន​មើល​ឃើញ​អំពើ​អយុត្តិធម៌​នៅ​ក្នុង​សង្គម​ឥណ្ឌា​នៅ​សម័យ​នោះ ។ ព្រះ​អង្គ​បាន​​ដេញដោល​​ និង ​បដិសេធ​ទ្រឹស្តីទាំងឡាយ​ដែល​បាន​ចែង​នៅ​​​ក្នុង​គម្ពីរ​វេទ​ដែល​ព្រះ​អង្គ​បាន​រៀនសូត្រ​​ជាមួយ​គ្រូ​​​តាំង​ពី​កុមារភាព​មក​ ។ ព្រះ​អង្គ​បាន​តស៊ូ​ស្វិតស្វាញ​ប្រឆាំង​នឹង​ការ​បែងចែក​ និង រើសអើង​វណ្ណៈ ។ បិតា​របស់​ព្រះអង្គ​ក៏​ជា​មនុស្ស​នៅ​ក្នុង​ក្រុម​រើស​អើង​វណ្ណៈ​ដែរ ។ សេចក្តី​បង្រៀន​របស់​ព្រះ​ពុទ្ធ​បាន​ធ្វើ​ឲ្យ​មនុស្ស​នៅ​ក្នុង​វណ្ណៈ​ក្រោម​ពេញ​ចិត្ត​ និង ​យក​ទៅ​អនុវត្ត​តាម ក៏​ប៉ុន្តែ​សេចក្តី​បង្រៀន​នោះ​បាន​ធ្វើ​ឲ្យ​មនុស្ស​នៅ​វណ្ណៈ​ខាង​លើ​ខឹង​សម្បា​យ៉ាង​ខ្លាំង ។​ ​បដិវត្តន៍​ខាង​គំនិត​របស់​ព្រះ​ពុទ្ធ​បាន​ហុច​ផល​យ៉ាង​សម្បើម​​ដោយ​មាន​មនុស្ស​ជាច្រើន​បាន​ងាក​ទៅ​ប្រតិបត្តិ​តាម​សេចក្តី​បង្រៀន​របស់​ព្រះ​អង្គ ដែល​ធ្វើ​ឲ្យ​សង្គម​មាន​យុត្តិធម៌ មនុស្ស​មាន​សិទ្ធិ​សេរីភាព ។ មនុស្ស​ចាប់​ផ្តើម​យល់​អំពី​តម្លៃ​នៃ​ពាក្យ​ថា​ មេត្តា​ ករុណា ចំពោះ​គ្នា​ទៅវិញ​ទៅ​មក ។ ប្រជាជន​ចាប់​ផ្តើម​បោះបង់​ពិធី​ខាង​សាសនា​ដែល​ពួក​ព្រាហ្មណ៍​បាន​បង្ខំ​ឲ្យ​ធ្វើ​រាប់​ពាន់​ឆ្នាំ​កន្លង​ទៅ ។ នេះ​គឺ​ជា​ឧទាហរណ៍​បញ្ជាក់​អំពី​ផលប្រយោជន៍​នៃ​ការ​សេពគប់មិត្ត​ជា​សប្បុរសជន និង ផល​អាក្រក់​បាន​ពី​ការ​សេពគប់​មិត្ត​ជា​អសប្បុរសជន ។

ទី ៣ - កិរិយា​ដេក, និយាយ, ខ្ជិល, ខឹង​ច្រើន

នៅ​ក្នុង​គោលការណ៍​នេះ មាន​កិរិយា​ខាង​រាងកាយ​សំខាន់ៗ​ចំនួន ៤ ដែល​យើង​គួរ​ពិចារណា និង ទាញ​យក​ភស្តុតាង​មក​អះអាង​ការពារ​គំនិត​នីមួយៗ​ឲ្យ​បាន​ច្បាស់​លាស់​ ។ មនុស្ស​ និង សត្វ​គ្រប់​រូប​តែង​មាន​ និង ​ប្រើប្រាស់​កិរិយា​ទាំង​ ៤ នេះ​ប្រចាំ​ថ្ងៃ​ ដើម្បី​ឲ្យ​រាង​កាយ​ប្រព្រឹត្ត​ទៅ​ប្រកប​ដោយ​តុល្យភាព និង សុខភាព​​ ។ យើង​សូម​ផ្តោត​យក​តែ​មនុស្ស​ហើយ​សុំ​មិន​លើក​ជីវិត​សត្វ​មក​បរិយាយ​នៅ​ទី​នេះ​ទេ ។
កិរិយា​ទី ១ គឺ​ការ​ដេក ។ ជាទូទៅ​​ មនុស្ស​ត្រូវ​ចំណាយ​ពេល ៨ ម៉ោង សម្រាប់​ដេក​សម្រាក ដើម្បី​ឲ្យ​ខួរ​ក្បាល​ត្រជាក់​ផង និង ទុក​ពេល​ឲ្យ​រាងកាយ​បញ្ចេញចោល​សារជាតិ​គីមី​ពុល​ដែល​សល់​នៅ​ក្នុង​ខ្លួន និង ខួរ​ក្បាល ផង ។ លើស​ពី​នោះ​ទៀត ក្នុង​ពេល​ដេក​លង់លក់ ខួរ​ក្បាល​មនុស្ស​ចាប់​ផ្តើម​រៀបចំ​ព័ត៌មាន​ដែល​ទទួល​បាន​កាល​ពី​ពេល​ភ្ញាក់​ដឹង​ខ្លួន​ (ព័ត៌មាន​ទទួល​បាន​តាម​រយៈ​ភ្នែក​, ត្រចៀក​, អណ្តាត, ច្រមុះ, ស្បែក, និង​ ចិត្ត) ឲ្យ​មាន​សណ្តាប់​ធ្នាប់​ត្រឹមត្រូវ​ ។ ព័ត៌មាន​ណា​ដែល​គ្មាន​ប្រយោជន៍ ខួរ​ក្បាល​មនុស្ស​នឹង​បោះបង់​ចោល​ដើម្បី​ទុក​លំហ​សម្រាប់​រក្សាទុក​ព័ត៌មាន​ដែល​មាន​ប្រយោជន៍ ។ ចំពោះ​ព័ត៌មាន​ដែល​មាន​ប្រយោជន៍​វិញ ជាពិសេស​ព័ត៌មាន​ទាក់ទង​នឹង​ទីកន្លែង​មាន​ម្ហូប​ចំណី សុវត្ថិភាព និង វិធី​ការពារ​ខ្លួន​ឲ្យ​រួច​ផុត​ពី​គ្រោះ​ថ្នាក់​ជាដើម ត្រូវ​បាន​ខួរ​ក្បាល​យក​ទៅ​តម្រៀប​ទុក​តាម​លំដាប់លំដោយ​សម្រាប់​មនុស្ស​យក​មក​ប្រើប្រាស់​នៅ​ពេល​ខាង​មុខ ។ បន្ទាប់​ពី​ដេក​លក់​បាន ៧ ឬ​ ៨ ម៉ោង មនុស្ស​ម្នាក់ៗ​នឹង​ភ្ញាក់​ឡើង​​ប្រកប​ដោយ​អារម្មណ៍​ភ្លឺ​ថ្លា គិត​ដោះស្រាយ​បញ្ហា​អ្វី​មួយ​បាន​លឿន ព្រម​ទាំង​មាន​ប្រតិកម្ម​តប​នឹង​ស្ថានភាព​អាសន្ន​មួយ​យ៉ាង​រហ័សរហួន​ផង​ដែរ ។ មនុស្ស​ដែល​ដេក​មិន​គ្រប់គ្រាន់​ច្បាស់​ជា​មាន​ប្រតិកម្ម​យឺតៗ អាច​បង្ក​គ្រោះថ្នាក់​នៅ​ពេល​បើកបរ​ ឬ​បញ្ជា​គ្រឿង​យន្ត ចំណែក​សិស្សានុសិស្ស​ដែល​ដេក​មិន​គ្រប់គ្រាន់​វិញ​ក៏​ពិបាក​នឹង​ចងចាំ​មេរៀន​ដែល​បាន​រៀន​កាល​ពី​ថ្ងៃ​ម្សិល​មិញ​ដែរ ។
ដូច្នេះ​ ការ​ដេក​គឺ​ពិត​ជា​រឿង​សំខាន់​ណាស់សម្រាប់​មនុស្ស​គ្រប់​រូប ទោះ​បី​មនុស្ស​ខ្លះ​ត្រូវ​ការ​ពេលវេលា​ត្រឹម ៣ ទៅ ៤ ម៉ោង​ក៏​អាច​ដេក​លក់​គ្រប់គ្រាន់​ក៏​ដោយ ។ សេចក្តី​បង្រៀន​នៅ​ក្នុង​គោលការណ៍​ទី ៣ នេះ គឺ​ កុំ​ចំណាយ​ពេល​ដេក​លើស​ពី​សេចក្តី​ត្រូវការ​​របស់​រាង​កាយ ។ ការ​ចំណាយ​ពេល ៩ ឬ​ ១០ ម៉ោង​ សម្រាប់​ដេក​ពួន គឺ​ពិត​ជា​បង្ហិន​ពេល​វេលា​សំខាន់​លើស​ពី ១ ភាគ ៣ ក្នុង​មួយ​ថ្ងៃ​​សម្រាប់​ធ្វើ​ការងារ​ជា​ប្រយោជន៍​ដល់​ខ្លួន​ឯង ដល់​គ្រួសារ និង សង្គម ។ បើ​យើង​ពិចារណា​ពី​ជ្រុង​ជ្រោយ​សុខភាព ការ​ដេក​ច្រើន​ក៏​នឹង​បង្ក​ឲ្យ​សាច់ដុំ​ចុះ​ខ្សោយ ឆ្អឹង​ងាយ​ផុយ​ស្រួយ តម្រង​នោម និង សួត​ពិបាក​ធ្វើការ ។ ការ​ដេក​ច្រើន​ពេក​ក៏​នឹង​បង្ក​ឲ្យ​ស្បែក​ខ្នង​រលាក ហើយ​ក្រពះ​ក៏​ពិបាក​រំលាយ​អាហារ ដែល​បង្ក​ទៅ​ជា​រោគ​ទល់​លាមក​ក៏​មាន ។ មាន​រោគ​ជា​ច្រើន​បង្ក​ឡើង​ដោយ​សារ​តែ​ការ​ដេក​ច្រើន​ហួស​សេចក្តី​ត្រូវការ​របស់​រាងកាយ ។ ដូច្នេះ​យើង​មិន​ត្រូវ​ដំអក់​ទម្រន់​មិន​ក្រោក​ពី​គ្រែ​​ឬ​ទី​ដេក​​នៅ​ពេល​ដល់​ម៉ោង​ត្រូវ​ភ្ញាក់​នោះ​ទេ វៀរលែង​តែ​ករណី​មាន​ជម្ងឺ​ ។ ការ​ពិសារ​គ្រឿង​ញៀន​ស្រវិង​ក៏​នឹង​បង្ក​ឲ្យ​មនុស្ស​ម្នាក់ៗ​ត្រូវ​ចំណាយ​ពេល​វេលា​សម្រាប់​ដេក​ពួន​លើស​ពី​សេចក្តី​ត្រូវការ​របស់​រាង​កាយ​ដែរ ។ ហេតុ​នេះ​យើង​ក៏​ត្រូវ​ជៀសវាង​គ្រឿង​ញៀន​​​ឬ​ស្រវឹង​ទាំង​ឡាយ​ដែល​បង្ក​បញ្ហា​ដល់​សុខភាព​ខួរ​ក្បាល សួត ថ្លើម និង តម្រង​នោម ។​​
កិរិយា​ទី​ ២ គឺ​ការ​និយាយ​ច្រើន​ហួសហេតុ​ដែល​មនុស្ស​​គ្រប់​រូប​គួរ​កាត់បន្ថយ ។ ជា​ទូទៅ​ មនុស្ស​​​និយាយ​ប្រាស្រ័យ​ទាក់ទង​គ្នា​ជាប់​ជាប្រចាំ ដើម្បី​ចែក​រំលែក​ព័ត៌មាន ចំណេះ​ដឹង វិធី​ធ្វើ​ការងារ​ និង ជួញ​ដូរ ។ ការ​និយាយ​គឺ​ជា​អំពើ​ដែល​រាងកាយ​មនុស្ស​ប្រើ​សម្ពាធ​ខ្យល់​បញ្ចេញ​ពី​សួត​ដើម្បី​បញ្ជា​ប្រអប់​សំឡេង​ឲ្យ​មាន​ចេញ​ជា​សំឡេង​ស្រែក ខ្សិប ឬ​និយាយ ។ យើង​ឃើញ​ថា​មនុស្ស​ម្នាក់ៗ​ត្រូវ​ប្រើ​ថាមពល​យ៉ាង​ច្រើន​ដើម្បី​និយាយ​ទាក់ទង​គ្នា ។ បើ​មនុស្ស​និយាយ​តិច គាត់​ក៏​នឹង​ចំណាយ​ថាមពល​តិច បើ​គាត់​និយាយ​ច្រើន គាត់​ក៏​ចំណាយ​ថាពល​ច្រើន​ដែរ ។ ពេល​យើង​ដឹង​ការពិត​ដូច្នេះ​ហើយ យើង​ត្រូវ​កាត់បន្ថយ​ការ​និយាយ​ឲ្យ​បាន​តិច​តាម​អាច​ធ្វើ​បាន​ដើម្បី​សន្សំ​ថាមពល​ទុក​ប្រើប្រាស់​នៅ​ក្នុង​កាយវិការ​ដទៃទៀត ។ មនុស្ស​មួយ​​ដែល​ចំនួន​ប្រកប​អាជីព​ខ្លះៗ​ដែល​ទាមទារ​ការ​និយាយ​ច្រើន ដូច​ជា​គ្រូ​បង្រៀន ភិក្ខុ មេធាវី ឬ​តំណាង​រាស្ត្រ ។ ការ​និយាយ​របស់​ពួក​គាត់​​ភាគ​ច្រើន​​ជា​ការ​នាំ​ប្រយោជន៍​ដល់​មនុស្ស​ច្រើន​នាក់ ។ ប៉ុន្តែ​ពួក​គាត់​ក៏​ខាតបង់​ថាមពល​ច្រើន​ណាស់​ដែរ​នៅ​ពេល​និយាយ​ម្តងៗ ។ ប៉ុន្តែ​មនុស្ស​ខ្លះ​បែរ​ជា​ចង់​បញ្ចេញ​សំដី​រោយរាយ​ព្រោកប្រាជ្ញ​ឥតប្រយោជន៍​តាម​តៀមស្រា ឬ​វត្តវ៉ាអារ៉ាម ដោយ​គ្មាន​គោលដៅ​ពិត​ប្រាកដ ព្រោះ​ពួក​នេះ​មាន​អំនួត​ខ្ពស់ និង​ ចង់​ឲ្យ​មនុស្ស​ដទៃ​កោតក្រែង​ខ្លួន​ថា​ជា​អ្នក​ចេះ​ដឹង​ច្រើន ។ ការ​និយាយ​បែប​នេះ​គឺ​ជា​ការ​បង់​ខាត​ថាមពល​របស់​ខ្លួន ។ បើ​ជ្រុល​ជា​និយាយ​ដើម​អាក្រក់​​ឬ​បង្ខូច​​កិត្តិយស​របស់​មនុស្ស​ដទៃ​​វិញ ជន​ព្រោកប្រាជ្ញ​ឥតបាន​ការ​ទាំង​នោះ​ច្បាស់​ជា​នឹង​ត្រូវ​គេ​ជេរ​ស្តី​ឬ​វាយប្រហារ​ឲ្យ​ឈឺ​សាច់​ជា​មិន​ខាន ។​ បើ​នៅ​ក្នុង​វង់​ជជែក​វិញ មនុស្ស​និយាយ​ច្រើន​មិន​ទុក​ឱកាស​ឲ្យ​ដៃគូ​បញ្ចេញ​គំនិត​របស់​គេ​ទេ ។ នេះ​គឺ​ពិត​ជា​ការ​ខាត​បង់​ដ៏​ធំ​មួយ ព្រោះ​ថា​មនុស្ស​ម្នាក់ៗ​តែង​មាន​គំនិត​ល្អរៀងៗ​ខ្លន គ្រាន់​តែ​គេ​មិន​ចង់​បញ្ចេញ​ឲ្យ​ក្រុម​ពិភាក្សា​ដឹង​​ព្រោះ​គាត់​គ្មាន​ឱកាស ។ ដូច្នេះ​មនុស្ស​និយាយ​ច្រើន​គួរ​តែ​ទុក​ឲ្យកាស​ស្តាប់​យោបល់​របស់​មនុស្ស​ដទៃ កុំ​គិត​ថា​មាន​តែ​ខ្លួន​ទេ​ទើប​មាន​យោបល់​ល្អ ឬ​ចេះ​ដឹង​ច្រើន​ជាង​គេ ។ ម្យ៉ាង​ទៀត​ការ​និយាយ​ច្រើននឹង​នាំ​ឲ្យ​បែក​ធ្លាយ​ការណ៍​សម្ងាត់​ដែល​នាំ​ឲ្យ​ជនបង្កប់​លួច​យក​ព័ត៌មាន​ទៅ​ប្រើ​​សម្រាប់​ធ្វើ​អំពើ​​​អាក្រក់​ដល់​​​ខ្លួន​ឬ​ប្រទេស​របស់​ខ្លួន ។
​កិរិយា​ទី​ ៣ គឺ​ភាព​កំជិល​​ដែល​មនុស្ស​ម្នាក់ៗ​ត្រូវ​ជៀសវាង ។ គ្មាន​ជន​ណា​ម្នាក់​អាច​អួតអាង​ថា​ខ្លួន​គេ​គ្មាន​ភាព​កំជិល​នៅ​ក្នុង​ខ្លួន​នោះ​ឡើយ ។ មនុស្ស​ម្នាក់ៗ​តែង​មាន​ភាព​កំជិល​នេះ​ជាប់​មក​តាំង​ពី​កំណើត ។ យើង​ខិតខំ​បង្កើត​របៀប​ធ្វើការងារ​ និង បង្កើត​ឧបករណ៍​បច្ចេកវិជ្ជា​ផ្សេងៗ ដើម្បី​ធ្វើ​​កិច្ចការ​មួយ​បាន​សម្រេច​ដោយ​ប្រើ​ពេល​វេលា​តិច​ ដើម្បី​សន្សំ​ពេល​យក​ទៅ​សម្រាក​លំហែ​កម្សាន្ត​ ពោល​គឺ​ភាព​កំជិល ។ មនុស្ស​ខ្លះ​បាន​ជួល​ឬ​ប្រើ​មនុស្ស​ផ្សេង​ទៀត​ឲ្យ​ធ្វើ​ការងារ​ជំនួស​ខ្លួន​ក៏​មាន ។ ក្រុម​មនុស្ស​មាន​អំណាច​ប្រើ​ប្រាស់​មនុស្ស​នៅ​ក្រោម​បង្គាប់​ឲ្យ​ធ្វើ​ការងារ​រាប់​ពាន់​ប្រភេទ​ជំនួស​ខ្លួន ។ ពួក​ម្ចាស់​ដី​ប្រើ​កូន​ឈ្នួល​ធ្វើ​ការងារ​កសិកម្ម​យ៉ាង​លំបាក​និង​ផ្តល់​ប្រាក់​ឈ្នួល​បន្តិចបន្តួច​ឬ​មិន​ឲ្យ​សោះ​ក៏​មាន ។ នោះ​ហើយ​ជា​ភាព​កំជិល​របស់​មនុស្ស​ ។ រី​ឯ​អ្នក​វិទ្យាសាស្ត្រ​ក៏​បាន​ស្វះស្វែង​រក​វិធី​ធ្វើការងារ ឬ​បង្កើត​ឧបករណ៍​សម្រាប់​ធ្វើការងារ​ឲ្យ​បាន​ច្រើន​ដោយ​ប្រើ​ពេល​វេលា​និង​ថាមពល​តិច​បំផុត ។ ឧទាហរណ៍ មនុស្ស​ជំនាន់​ដើម​ត្រូវ​ធ្វើ​ស្រែ​ដោយ​ប្រើ​សត្វ​ជា​ជំនួយ​ព្រោះ​ខ្ជិល​ប្រើ​កម្លាំង​របស់​ខ្លួន ហើយ​ក្រោយ​មក​មនុស្ស​ក៏​បាន​បង្កើត​គ្រឿង​យន្ត​ជំនួស​សត្វ​វិញ​ព្រោះ​វា​ជួយ​ឲ្យ​ពួក​គេ​សម្រេច​គោលដៅ​ឆាប់​ ។ យើង​លើក​យក​ភាព​កំជិល​បែប​​ទី​មួយ​មក​បង្ហាញ​សិន​ថា​ ភាព​កំជិល​មិន​មែន​សុទ្ធ​តែ​អាក្រក់​ទាំង​អស់​នោះ​ទេ ។ យើង​ឲ្យ​ឈ្មោះ​ភាព​កំជិល​ប្រភេទ​នេះ​ថា "​ទុកពេល​ស្វែងរក​គំនិត​ល្អ​​ផ្សេង​ទៀត​ដើម្បី​​​ធ្វើ​ការងារ​មួយ​ឲ្យ​បាន​ឆាប់​និង​ប្រសើរ​ជាង​មុន" ។ ភាព​កំជិល​បែប​នេះ​គឺ​មាន​ប្រយោជន៍​​ច្រើន​ជាង​ការ​ធ្វើ​ការងារ​តាម​វិធី​ដដែលៗ​ តាម​ក្បួន​ចាស់ តាម​ទម្លាប់ ដែល​​ចំណាយ​ពេល ឬ​កម្លាំង​ច្រើន និង​ បាន​ផល​តិច ។
ចំណែក​ឯ​ភាព​កំជិល​ដែល​យើង​ត្រូវ​វៀរ​ចាក​ឲ្យ​ឆ្ងាយ​នោះ​គឺ​ជា​ភាព​កំជិល​ដែល​មនុស្ស​ម្នាក់​មិន​​​អនុវត្ត​តាម​វិធី​​ធ្វើ​ការងារ​ដ៏​ប្រសើរ​ដែល​គេ​បាន​ណែនាំ និង មិន​រវល់​គិត​គូរ​រក​វិធី​ធ្វើ​ការងារ​ថ្មី​ដើម្បី​សម្រេច​គម្រោង​ណាមួយ​ឡើយ ។ ឧទាហរណ៍​ទី ១ កសិករ​ម្នាក់​ត្រូវ​ភ្ជួរ​ស្រែ​មួយ​ហិកតា​ឲ្យ​ចប់​ក្នុង​រយៈ​ពេល ១០ ថ្ងៃ ។ ប្រសិន​បើ​គាត់​មាន​តែ​គោ​ឬ​ក្របី​មួយ​នឹម​និង​នង្គ័ល​តែ​មួយ ជា​​ធម្មតា​គាត់​ត្រូវ​ក្រោក​ពី​ព្រលឹម​ដើម្បី​ភ្ជួ​ស្រែ​ឲ្យ​បាន​យូរ​ក្នុង​មួយថ្ងៃៗ ។ ប៉ុន្តែ​គាត់​បែ​ជា​ខ្ជិល​ក្រោក​ពី​ព្រលឹម ហើយ​រង់​ចាំ​ថ្ងៃ​រះ​ផុត​ព្រៃ ឬ​រង់​ចាំ​ជិត​ថ្ងៃ​ត្រង់​ទើប​ចេញ​ទៅ​ស្រែ ។ គាត់​មិន​អាច​នឹង​សម្រេច​ទិសដៅ​របស់​គាត់​បាន​ឡើយ ។ ជម្រើស​ទី​ ២ ​គាត់​អាច​ជួល​មនុស្ស​ដទៃ​​ឲ្យ​មក​ជួយ​ការងារ​នោះ ពេល​នោះ​គាត់​នៅ​តែ​អាច​សម្រេច​ទិសដៅ​បាន​ ។ ប៉ុន្តែ​គាត់​ខ្ជិល​ចំណាយ​ប្រាក់​ឬ​គ្មាន​ប្រាក់​សម្រាប់​ចំណាយ ពេល​នោះ​គម្រោង​របស់​គាត់​នឹង​មិន​អាច​សម្រេច​តាម​ទិសដៅ​ដាក់​ចុះ​ឡើយ ។ ឧទាហរណ៍​​ទី ២ និស្សិត​ម្នាក់​ត្រូវ​សរសេរ​និក្ខេបបទ​កម្រាស់​ ២០០ ទំព័រ ដើម្បី​ការពារ​គំនិត​​របស់​គាត់​សម្រាប់​បញ្ចប់​ថ្នាក់​បរិញ្ញាប័ត្រ ។ គាត់​ត្រូវ​បញ្ចប់​គម្រោង​នោះ​ក្នុង​រយៈពេល ១២​ ខែ ដោយ​រាប់​បញ្ចូល​ទាំង​ការ​រៀបចំ​គម្រោង ការ​ចុះ​ស្រាវជ្រាវ​យក​ទិន្នន័យ ការ​វិភាគ​ទិន្ន័យ និង ការ​សរសេរ​និក្ខេបបទ​ផង​ដែរ ។ និស្សិត​ម្នាក់​នោះ​ខ្ជិល​ធ្វើ​កិច្ចការ​ទាំង​នោះ​និង​រង់ចាំ​ជិត​ដល់​ឆ្នាំ​បញ្ចប់​សឹម​ចាប់​ផ្តើម​ធ្វើ​ការងារ​នោះ ។ ពេលវេលា​ចេះ​តែ​រំកិល​ទៅ​មុខ​គ្មាន​រង់ចាំ​និស្សិត​កំជិល​នោះ​ទេ ។ នៅ​ចុង​ឆ្នាំ​គាត់​គ្មាន​ទាំង​គម្រោង ទាំង​ទិន្នន័យ សម្រាប់​សរសេរ ហើយ​ក៏​គ្មាន​ឯកសារ​សម្រាប់​បញ្ជាក់​ថា​គាត់​បាន​ធ្វើ​កិច្ចការ​ទាំង​នោះ ។ ឧទាហរណ៍​ទី ៣ ភិក្ខុ​មួយ​អង្គ​ត្រូវ​រៀន​គម្ពីរ​ព្រះត្រៃបិដក​​ទាំង​ ១១០​ ក្បាល​ និង​​គម្ពីរ​​ផ្សេងៗ​របស់​ពុទ្ធសាសនា និង របស់​សាសនា​​ផ្សេងៗ​ទៀត​ឲ្យ​ចេះ​ចាំ​យ៉ាង​ស្ទាត់​​សម្រាប់​យក​ទៅ​ការពារ​គំនិត​​នៅ​ពេល​​តស៊ូមតិ (សង្គាយនា) ជា​មួយ​នឹង​ភិក្ខុ​​ដទៃ​នៅ​ថ្ងៃ​ប្រគួត​ប្រឡង​​បញ្ចប់​ការសិក្សា​នៅ​មហាវិទ្យាល័យ ។ ភិក្ខុ​មួយ​អង្គ​នោះ​​អាន​តែ​គម្ពីរ​ព្រះត្រៃបិដក​ជា​ភាសា​ខ្មែរ និង ខ្ជិល​អាន​សៀវភៅ​​ផ្សេង​ទៀត​ ។ ថ្ងៃ​ប្រគួត​បាន​ឈាន​មក​ដល់ ការ​ជជែក​ដេញដោល​បាន​ឈាន​ឡើង​ដល់​កម្រិត​ជ្រៅ​និង​លំបាក​យ៉ាង​ខ្លាំង ។ ភិក្ខុ​ជាដៃគូ​ប្រគួត​បាន​ចោទសួរ​ភិក្ខុ​កំជិល​យ៉ាង​ចាស់​ដៃ​ និង បាន​ធ្វើ​ឲ្យ​ភិក្ខុ​កំជិល​ចាញ់ដៃ​អាម៉ាស់​មុខ​ ខឹង​ចិត្ត​ទៅ​សម្ងំ​សូធ្យ​រៀន​បន្ថែម​សម្រាប់​ឡើង​ទៅ​ប្រយុទ្ធ​នៅ​​ពេល​​ក្រោយ​ទៀត ។ ឧទាហរណ៍​ទី ៤ បុរស​ម្នាក់​ចង់​ក្លាយ​ជា​មនុស្ស​មាន​ទ្រព្យ​សម្បត្តិ​ច្រើន​ប៉ុន្តែ​គាត់​ខ្ជិល​ទៅ​ប្រកប​អាជីវកម្ម​ឬ​ធ្វើការងារ​បម្រើ​ក្រុមហ៊ុន​ដទៃ ។ គាត់​គិត​ថា​បើ​គាត់​ទៅ​កាស៊ីណូ​ គាត់​អាច​នឹង​ឈ្នះ​ល្បែង​បាន​ប្រាក់​ច្រើន​សន្ធឹក​ក្នុង​ពេល​ឆាប់ៗ បើ​មិន​ដូច្នោះ​ទេ គាត់​អាច​នឹង​ទិញ​ឆ្នោត​ដែល​អាច​ឲ្យ​គាត់​ត្រូវ​បាន​ប្រាក់​រាប់​លាន​ដុល្លា ។ បុរស​ម្នាក់​នោះ​បន្ត​ទៅ​កាស៊ីណូ​ដើម្បី​លេង​ល្បែង​គ្មាន​លោះ​ថ្ងៃ ។ ថ្ងៃ​ខ្លះ​ក៏​ឈ្នះ​ ថ្ងៃ​ខ្លះ​ក៏​ចាញ់ ។ ជា​សរុប​គាត់​ចាញ់​ល្បែង​អស់​ប្រាក់​រាប់​ម៉ឺន​ដុល្លា ត្រូវ​​បញ្ចាំ​ផ្ទះ​ដើម្បី​យក​ប្រាក់​ទៅ​លេង​ល្បែង​ទៀត ។ គាត់​ក៏​បាន​ចំណាយ​ប្រាក់​សន្ធឹក​ណាស់​ដែរ​ដើម្បី​ទិញ​លេខ​ឆ្នោត ។ ទី​បំផុត ផ្ទះ​ក៏​អស់​ ការងារ​ក៏​គ្មាន ព្រម​ទាំង​ជំពាក់​ប្រាក់​អ្នក​ដទៃ​​យ៉ាង​​ច្រើន​ទៀត​ផង ។ នេះ​ជា​លទ្ធផល​នៃ​ភាព​កំជិល ដែល​មនុស្ស​គ្រប់​រូប​គួរ​វៀរ​ចាក​ឲ្យ​ឆ្ងាយ ។​
កិរិយា​ទី ៤ ការ​ខឹង​សម្បារ​ ដែល​មនុស្ស​ត្រូវ​កាត់​បន្ថយ​ឲ្យ​បាន​តិច​បំផុត ។ មនុស្ស​គ្រប់​គ្នា​តែង​មាន​អារម្មណ៍​ខឹង​ស្បារ​ ទោះ​បី​ជា​ជន​សាមញ្ញ ឬ អ្នក​ចេះ​ដឹង​ខ្ពស់​ក្លាយ​ជា​អរហន្ត​ក៏​ដោយ គ្រាន់​តែ​កម្រិត​នៃ​កំហឹង​មាន​ខុសគ្នា​ទៅតាម​កម្រិត​នៃ​ភាព​ចេះ​ដឹង​ និង ការ​ចេះ​ខន្តី​ ឬ​សណ្តោស ។ កំហឹង​គឺ​ជា​អារម្មណ៍​​ឆេះ​ក្តៅ​ ពុះ​កញ្ជ្រោល​ឡើង​នៅ​ក្នុង​ក្បាល​របស់​បុគ្គល​ម្នាក់​​នៅ​ពេល​ស្ថានភាព​មួយ​មិន​កើតឡើង​តាម​ការ​រំពឹង​ទុក​ ឬ មនុស្ស​ម្នាក់​បង្ក​បញ្ហា​​ឬ​មិន​ធ្វើ​ការងារ​ឲ្យ​សម​នឹង​ចិត្ត​ចង់បាន​របស់​បុគ្គល​ទី​មួយ​នោះ ។ មនុស្ស​​​​ដែល​មាន​ខន្តី​ និង ​យល់​ស្ថានការណ៍ ព្រម​ទាំង​ទុក្ខ​លំបាក​របស់​ជនដទៃ ក៏​ចេះ​បន្ធូរ​អារម្មណ៍​ខឹង​បាន​ឆាប់ និង មិន​ជះ​កំហឹង​ទៅ​លើ​ជន​ទីពីរ ។ មនុស្ស​គ្មាន​ខន្តី​ មិន​ស្វែង​យល់​ស្ថានការណ៍​របស់​ជនដទៃ នឹង​បន្ត​រក្សា​កំហឹង​ឲ្យ​ឆេះ​ងំ​នៅ​ក្នុង​ក្បាល​របស់​ខ្លួន រួច​ហើយ​ជះ​កំហឹង​នោះ​ទៅ​លើ​ជន​ទី​ពីរ និង មនុស្ស​នៅ​ក្បែរ​ខ្លួន​ដូច​ជា​កូន​ចៅ ប្តីសី ឬ មនុស្ស​នៅ​ក្រោម​បង្គាប់ ។ សូម្បី​របស់​មាន​តម្លៃ​​ និង ជាទី​ស្រឡាញ់​របស់​ខ្លួន​​ក៏​មនុស្ស​មិន​ចេះ​ទប់​កំហឹង​នោះ​នឹង​វាយ​បំបែក​ឲ្យ​ខ្ទេច​ ។ គ្មាន​នរណា​ម្នាក់​ចង់​រស់​នៅក្បែរ​មនុស្ស​មិន​ចេះ​ទប់​កំហឹង​សោះ​ឡើយ ព្រោះ​កំហឹង​របស់​បុគ្គល​នោះ​នឹង​ឆ្លង​​ដល់​ខ្លួន​​មិន​ខាន ។ កំហឹង​​ដែល​មិន​មាន​ការ​ទប់ស្កាត់​ត្រឹម​ត្រូវ​គឺ​​ជា​ភាព​ចង្រៃ​​​ដល់​សីលធម៌ (moral hazard) ។​
ការ​បកស្រាយ​ខាង​លើ​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា​​ ការ​ដេកច្រើន, ការ​និយាយច្រើន, ភាព​កំជិល, និង កំហឹង​គ្មាន​ការ​គ្រប់គ្រង​គឺ​ជា​មូលហេតុ​នាំ​មក​នូវ​​ក្តីវិនាសទី ៣ ។ ហេតុ​នេះ​បុគ្គល​គ្រប់រូប​គួរ​ជៀសវាង​​ឬ​កាត់​បន្ថយ​ការ​បញ្ចេញ​អារម្មណ៍​ទាំង​នោះ​ឲ្យ​បាន​តិច​បំផុត​តាម​អាច​ធ្វើ​បាន​​ដើម្បី​អាច​រស់​នៅ​សុខ​ចម្រើន និង ចុះ​សម្រុង​ជាមួយ​មនុស្ស​ដទៃ​នៅ​ក្នុង​គ្រួសារ និង សហគមន៍ ។ មាន​វិធី​ប្រកប​ដោយ​ប្រសិទ្ធភាព​ជាច្រើន​ដែល​មនុស្ស​គ្រប់រូប​គួរ​រៀន​និង​ប្រតិបត្តិ​តាម​ដើម្បី​ជួយ​ខ្លួន​ឯង​ឲ្យ​ជៀសវាង​ការដេក​ទ្រមក់ ការ​និយាយ​ច្រើន ភាព​កំជិល និង កំហឹង​ឥត​គម្រប​របស់​ខ្លួន ។

ទី ៤ - មិនចិញ្ចឹមមាតា​បិតា

តាម​​ច្បាប់​ធម្មជាតិ​ ​​មេបា​សត្វ​​​ប្រភេទ​ខ្លះ​​​បង្កើត​កូន​ដើម្បី​បន្ត​ពូជពង្ស​​រួច​ហើយ​ក៏​បន្ត​រក​ចំណី​​មក​បញ្ចុក​កូន​រហូត​ដល់​កូន​ធំធាត់​អាច​ស្វែង​រក​ចំណី​​ដោយ​ខ្លួន​ឯង ។ មេបា​សត្វ​ខ្លះ​ថែម​ទាំង​​​បង្រៀន​កូន​ឲ្យ​ចេះ​រក​ចំណី​អាហារ និង ជួយ​ការពារ​កូន​​ឲ្យ​រួចផុត​ពី​សត្វ​ដទៃ​ដែល​អាច​ចាប់​កូន​ធ្វើ​ជា​ចំណី ​​។ នៅ​ពេល​កូន​ធំធាត់​ដឹង​ក្តី​ ពួក​​គេ​​បន្ត​ជីវិត​ដោយ​ខ្លួន​ឯង​ និង ដើរ​តួ​នាទី​ជា​មេបា​​ដើម្បី​បន្ត​ពូជ​ពង្ស​សត្វ​ប្រភេទ​នោះ​បន្ត​ទៀត ។ អ្នក​វិទ្យាសាស្ត្រ​​នៅ​មិន​ទាន់​រក​ឃើញ​កូន​សត្វ​ប្រភេទ​ណា​មួយ​វិល​ត្រឡប់​​យក​ចំណី​មក​ជួយ​មេបា​​របស់​ខ្លួន​ទេ វៀរលែង​តែ​មនុស្សប៉ុណ្ណោះ ។ មនុស្ស​ក៏​ជា​ពូជ​សត្វ​​ម្យ៉ាង​ដែរ ​ប៉ុន្តែមនុស្ស​ជា​សត្វ​មាន​ភាសា​ពិសេស​សម្រាប់​ឆ្លើយឆ្លង​គ្នា សម្រាប់​បង្រៀន​ឬ​ផ្ទេរ​ចំណេះ​ដឹង​ និង ​បច្ចេកវិជ្ជា​ទៅ​មនុស្ស​ជំនាន់​មួយ​ទៀត ។ មនុស្ស​ប្រើប្រាស់​ភាសា​ពន្យល់​គ្នា​ឲ្យ​ចេះ​ជួយ​បែងចែក​ចំណី​អាហារ ជួយ​ធ្វើ​ការងារ និង ការពារ​គ្នា​តាម​លទ្ធភាព​ដែល​ពួក​គេ​មាន ។ ​មនុស្ស​រស់​នៅ​ក្នុង​កុលសម្ព័ន្ធ​ សហគមន៍ ឬ ប្រទេស​​​ជា​មួយ​គ្នា​បាន​បង្កើត​​ច្បាប់​ទម្លាប់​សម្រាប់​មនុស្ស​នៅ​ក្នុង​កុលសម្ព័ន្ធ​​ សហគមន៍ ឬ​ប្រទេស​នោះ ។ មនុស្ស​បាន​បង្កើត​ច្បាប់​សម្រាប់​​គ្រប់គ្រង​កុល​សម្ព័ន្ធ​ឬ​​​រដ្ឋ និង ច្បាប់​សាសនា​​ដើម្បី​​ឲ្យ​មនុស្ស​​រស់​នៅ​ចុះ​សម្រុង​ និង ចេះ​ជួយ​គ្នា​ដើម្បី​ឲ្យ​ពូជ​មនុស្ស​អាច​រស់នៅ​ប្រកប​ដោយ​សេចក្តី​សុខ ។ ការ​សិក្សា​ស្រាវជ្រាវ​​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា ភាគ​ច្រើន​នៃ​​ច្បាប់​សាសនា​​បាន​បង្រៀន​មនុស្ស​​ជា​កូនចៅ​ទទួល​យក​ភារៈ​​ចិញ្ចឹម​ឪពុក​ម្តាយ​ដោយ​ស្ម័គ្រចិត្ត និង ពេញចិត្ត ។ ឧទាហរណ៍ នៅ​ក្នុង​គម្ពីរ​ព្រះត្រៃបិដក​នៃ​ពុទ្ធសាសនា​និកាយ​ថេរវាទ មាន​សេចក្តី​បង្រៀន​ថា កូន​មាន​តួនាទី​ចំពោះ​ឪពុក​ម្តាយ​ស្រប​តាម​ប្រការ ៥ យ៉ាង គឺ ១- ជួយ​ចិញ្ចឹម​បីបាច់, ២- ជួយ​ធ្វើការងារ​ជំនួស​, ៣- ជួយ​ការពារ​និង​រក្សា​វង្ស​ត្រកូល​, ៤- ប្រតិបត្តិ​ខ្លួន​​ឱ្យ​​ត្រឹមត្រូវ​សម​​ជាអ្នកទទួល​និង​គ្រប់​គ្រង​មរតកពី​ពួក​គាត់, និង ៥- ធ្វើបុណ្យទាន​ជូនពួក​គាត់​ពេល​ពួក​គាត់​លា​ចាក​លោក​នេះ ។ ប៉ុន្តែ​មាន​មនុស្ស​មួយ​ចំនួន​​​​​មិន​អនុវត្ត​តាម​ច្បាប់​សាសនា​ទាំង​នោះ​​ទេ ពោល​គឺ​​​មិន​ខ្វល់​ជួយ​ចិញ្ចឹម​ឪពុក​ម្តាយ​របស់​​ខ្លួន​​​ទោះ​បី​ពួក​គេ​មាន​លទ្ធភាព​ និង សមត្ថភាព​គ្រប់គ្រាន់​ក៏​ដោយ ។
យើង​សង្កេត​ឃើញ​ថា​ច្បាប់​សាសនា​គ្មាន​វិធី​អ្វី​​ដើម្បី​ចាប់​បង្ខំ​ពួក​កូន​ទាំង​នោះ​ឲ្យ​អនុវត្ត​តាម​ច្បាប់​ទាំង​នោះ​ទេ ក្រៅ​តែ​វិធី​​ពីរ​យ៉ាង ពោល​គឺ ទី ១ ការ​លើក​ទឹកចិត្ត​​ថា​​វា​ជា​កិច្ច​ការ​ដែល​ព្រះ​អាទិទេព​ដាក់​ចុះ​​ឬ​ទេវតា​នឹង​ជួយ​រក្សា​ពួក​ខ្លួន​ឲ្យ​មាន​សុវត្ថិភាព​​ និង វិធី​ទី ២ គឺ​ការ​និយាយ​បំភិតបំភ័យ​ដើម្បី​បន្លាច​ឲ្យ​ពួក​កូន​ទាំង​នោះ​ទទួលយក​និង​ធ្វើ​តាម​ ។ យើង​មិន​ត្រូវ​បន្ទោស​ពួក​កូនៗ​ថា​​ពួក​គេ​មិន​ចិញ្ចឹម​ឪពុក​ម្តាយ​​ឲ្យ​បាន​ត្រឹមត្រូវ ដោយ​យើង​មិន​​បាន​សិក្សា​មើល​​អំពី​លទ្ធភាព​​របស់​ពួក​កូនៗ​ទាំង​នោះ​ក្នុង​ការ​បំពេញ​​កិច្ចការ​ទាំង​នោះ​​ឡើយ ។ ប្រសិន​បើ​ពួក​កូន​ទាំង​នោះ​គ្មាន​លទ្ធភាព​ធ្វើ​កិច្ចការ​ទាំង​នោះ​ទេ តើ​អ្នក​ណា​ជា​អ្នក​​ជួយ​​ពួក​គេ ? យើង​ត្រូវ​​ពិនិត្យ​មើល​ឲ្យ​ហួស​ពី​ការ​ទទួល​ខុសត្រូវ​របស់​ពួក​កូន​ៗ​ និង ត្រូវ​​សួរ​ថា​តើ​សហគមន៍​ទាំង​មូល​​មាន​តួនាទី​អ្វី​ខ្លះ​ដែល​អាច​ជួយ​​មនុស្ស​ចាស់​នៅ​ក្នុង​ភូមិ និង ជួយ​​បាន​ក្នុង​កម្រិត​ណា ? តើ​ភិក្ខុសង្ឃ​អាច​​ដើរ​តួ​ជា​អ្នក​ដឹក​នាំ​ប្រជាជន​ជា​ពុទ្ធបរិស័ទ​ចំណុះ​ជើង​វត្ត​ឲ្យ​ចូលរួម​គ្នា​ជួយ​ពួក​មនុស្ស​ចាស់​ទាំង​នោះ​បាន​ក្នុង​កម្រិត​ណា ? តើ​ប្រទេស​ទាំង​មូល​អាច​បង្កើត​ច្បាប់​​ការពារ​​មនុស្ស​ចាស់​​បាន​ក្នុង​កម្រិត​ណា រាប់​​ទាំង​ការ​គោរព​សិទ្ធិ​​មនុស្ស និង សិទ្ធិ​ទទួល​បាន​​ការ​ឧបត្ថម្ភ​​ត្រឹមត្រូវ​ពី​រដ្ឋាភិបាល​ទាំង​ផ្នែក​ចំណី​អាហារ ទី​ជម្រក ការ​ថែទាំ​សុខភាព និង សុខុមាលភាព ? ប្រសិន​បើ​​សហគមន៍ វត្ត​អារាម និង រដ្ឋាភិបាល​​រួម​គ្នា​​​ជួយ​មនុស្ស​ចាស់​ទាំង​ឡាយ​​ ពេល​នោះ​បន្ទុក​ក្នុង​ការ​ចិញ្ចឹម​បីបាច់​ឪពុកម្តាយ​នឹង​មិន​សូវ​​ជា​ធ្ងន់​ពេក​សម្រាប់​ពួក​កូនៗ​ដើម្បី​ទទួល​យក​នោះ​ឡើយ ។​

ទី ៥ - ភូតកុហក បោកបញ្ឆោត

នៅ​ក្នុង​គោលការណ៍​នេះ​​យើង​ត្រូវ​បែង​ចែក​ជាពីរ​ផ្នែក​​ឲ្យ​ដាច់​ស្រឡះ​ដើម្បី​ឲ្យ​យើង​អាច​បកស្រាយ​ និង​ រក​ភស្តុតាង​អំណះអំណាង​មក​ការពារ​ចំណុច​នីមួយៗ​ឲ្យ​បាន​ពេញលេញ​ និង ងាយ​យល់ ។ ផ្នែក​ទី ១ គឺ​ពាក្យ​ថា ភូត​ឬ​កុហក ។ តើ​សំដី​កុហក​ផ្តល់​ប្រយោជន៍​ឬ​គុណវិបត្តិ​អ្វី​ដល់​មនុស្ស​​ជា​អ្នក​និយាយ និង មនុស្ស​ជា​អ្នក​ស្តាប់ ? ជា​ទូទៅ​ គ្មាន​មនុស្ស​ណា​ម្នាក់​អាច​អួត​អាង​ថា​មិន​ធ្លាប់​និយាយ​កុហក​សោះ​​ក្នុង​មួយ​ជីវិត ។ មាន​ពេល​ខ្លះ​សំដី​កុហក​អាច​ផ្តល់​ប្រយោជន៍​ដល់​អ្នក​និយាយ​​ និង គ្មាន​មនុស្ស​ណា​មក​ចាប់​ទោស​អូស​ដំណើរ​អ្វី​ទេ​ប្រសិន​បើ​​គេ​ប្រើ​វា​សម្រាប់​ដោះ​ទាល់​ឬ​ការពារ​សុវត្ថិភាព​របស់​ខ្លួន ឬ សុវត្ថិភាព​មនុស្ស​ដទៃ ។ ឧទាហរណ៍​ មាន​ជនចំឡែក​ម្នាក់​មក​សុំ​ស្នាក់​នៅ​ក្នុង​វត្ត​មួយ​​នៅ​ក្នុង​បំណង​ស៊ើប​អង្កេត​មើល​ស្ថានភាព​របស់​ប្រជាជន​ក្នុង​ភូមិ ដូច​ជា​ចង់ដឹង​ថា​តើ​គ្រួសារ​ណា​​មាន​ទ្រព្យ​ច្រើន​ជាង​គេ ឬ​​ថា​តើ​មាន​ការ​យាមកាម​ត្រឹមត្រូវ​​ឬ​អត់ ។ ប្រសិន​បើ​ជនចំឡែក​​សួរ​ភិក្ខុ​មួយ​អង្គ​នៅ​ក្នុង​វត្ត​នូវ​សំណួរ​ទាំងឡាយ​ប្រភេទ​នេះ​ តើ​ភិក្ខុ​អង្គ​នោះ​ត្រូវ​ឆ្លើយ​យ៉ាង​ណា ? បើ​ឆ្លើយ​តាម​ការពិត ជនចំឡែក​នឹង​ប្រើប្រាស់​ព័ត៌មាន​នោះ​ក្នុង​ផ្លូវ​អាក្រក់​​ដូច​ជា​ការ​មក​លួច​ឬ​ប្លន់​ទ្រព្យ​ប្រជាជន​ជាដើម ។ បើ​មិន​ឆ្លើយ​តាម​ការពិត​ទេ ភិក្ខុ​នឹង​មាន​កំហុស​ថា​​បាន​ពោល​ពាក្យ​មុសា ។ ដូច្នេះ​ភិក្ខុ​អង្គ​នោះ​ត្រូវ​ថ្លឹង​មើល​ថា តើ​ក្នុង​ចំណោម​អំពើ​ទាំង​ពីរ​នោះ​ អំពើ​មួយ​ណា​នឹង​នាំ​ទៅ​ដល់​ផល​វិបត្តិ​តិច​ជាង​គេ ។ ប្រសិន​បើ​មិន​អាច​​គេចវេស​​​មិន​​ឆ្លើយតប​ចំពោះ​សំណួរ​ទាំង​នោះ​បាន​ទេ​ ភិក្ខុ​អង្គ​នោះ​អាច​នឹង​ជ្រើស​យក​​ការ​មិន​ផ្តល់​ព័ត៌មាន​ពិត ឬ​អាច​ឆ្លើយ​ថា​មិន​ដឹង​ជា​ការ​ស្រេច ។ អំពើ​របស់​ភិក្ខុ​នោះ​ជួយ​ការពារ​ទ្រព្យ​សម្បត្តិ​ឬ​អាយុ​ជីវិត​​របស់​ប្រជាជន ដែល​ជា​ប្រយោជន៍​ប្រសើរ​ជាង​ការ​និយាយ​ព័ត៌មាន​ពិត​​ក្នុង​បំណង​​​រក្សា​សីល​ "មិន​ពោល​ពាក្យ​មុសាវាទ" ។ ប៉ុន្តែ​​ការ​ពោល​ពាក្យ​កុហក​មួយ​ចំនួន​នឹង​​នាំ​ផល​អវិជ្ជមាន​ដល់​ខ្លួន​​ផង និង ដល់​មនុស្ស​ដទៃ​ផង​ដែរ ។ ឧទាហរណ៍ ភិក្ខុ​មួយ​អង្គ​​ពោល​ពាក្យ​អួត​អាង​ថា​អាច​ព្យាបាល​ជម្ងឺ​ច្រើន​មុខ​ជូន​អ្នក​ស្រុក​ ដោយ​លោក​គ្រាន់​តែ​ប្រើ​ថ្នាំ​ឫស​ឈើ​មួយ​ឆ្នាំង​ប៉ុណ្ណោះ ។ ជម្ងឺ​អេដស៍​គឺ​ជា​ជម្ងឺ​មួយ​ក្នុង​ចំណោម​ជម្ងឺ​ដែល​ភិក្ខុ​អង្គ​នោះ​អួត​ថា​អាច​ព្យាបាល​ឲ្យ​ជា​សះស្បើយ ។ មាន​គ្រួសារ​មួយ​ដែល​មាន​កូន​ប្រុស​ម្នាក់​កើត​ជម្ងឺ​អេដស៍​ដែល​បុគ្គលិក​ពេទ្យ​គ្មាន​វិធី​ព្យាបាល​ឲ្យ​ជា​សះស្បើយ​ទេ គឺ​មាន​តែ​ការ​ចំណាយ​ប្រាក់​សម្រាប់​ទិញ​ថ្នាំ​លេប​ដើម្បី​បង្ក្រាប​​កុំ​ឲ្យ​ចំនួន​វីរុស​កើន​ឡើង​ច្រើន​ពេក​ដែល​អាច​​ឈាន​ទៅ​ដល់​សម្លាប់​បុរស​វ័យ​ក្មេង​នោះ ។ ឪពុក​ម្តាយ​​យុវជន​នោះ​មិន​ជឿ​ពាក្យ​ណែនាំ​របស់​ពេទ្យ​​ក៏​នាំ​កូន​ទៅ​ជួប​ភិក្ខុ​ពូកែ​អួតអាង​អង្គ​នោះ​ដើម្បី​សុំ​ឲ្យ​លោក​ជួយ​ព្យាបាល ។ ការពិត​គឺ​គ្មាន​ថ្នាំ​ឫ​ឈើ​ណា​អាច​សម្លាប់​មេរោគ​អេដស៍​បាន​ឡើយ ។ ដោយ​ក្តី​អំណួត​​​ មោទនភាព និង ខ្លាច​ខ្មាស់​ប្រជាជន​​ផង​ប្រសិន​បើ​ភិក្ខុ​អង្គ​នោះ​ពោល​ពាក្យ​ពិត​​ "​អាត្មា​មិន​អាច​ព្យាបាល​រោគ​អេដស៍" ជាជាង​ការ​ពោល​ពាក្យ​ពិត ភិក្ខុ​អង្គ​នោះ​កុហក​ថា​លោក​អាច​ព្យាបាល​យុវជន​ឲ្យ​ជា​សះស្បើយ​ពី​រោគ​អេដស៍ ។ ទី​បំផុត​ឪពុក​ម្តាយ​ក៏​អស់​ប្រាក់​ យុវជន​នោះ​ក៏​ស្លាប់​ព្រោះ​មិន​បាន​ទទួល​ថ្នាំ​ពេទ្យ​ត្រឹម​ត្រុវ​ដើម្បី​សម្លាប់​មេរោគ​អេដស៍ ។ នេះ​គឺ​ជា​​ការ​ពេល​ពាក្យ​កុហក​ដែល​បង្ក​ឲ្យ​មនុស្ស​ដទៃ​បាត់​បង់​ទ្រព្យ គ្រោះ​ថ្នាក់ និង ស្លាប់​បាត់បង់​ជីវិត ។
ផ្នែក​ទី ២ គឺ​ការ​បោក​បញ្ឆោត ។ ពាក្យ​ថា​ បោក​បញ្ឆោត គឺ​ជា​​សំដី​ដែល​មនុស្ស​ទី​ ១ ​និយាយ​​លួង​លោម​មនុស្ស​ទី ២ ​ឲ្យ​ធ្វើ​អំពើ​មួយ​​​ដែល​នឹង​មិន​នាំ​ផល​ល្អ​ដល់​​មនុស្ស​ទី ១ ទេ ប៉ុន្តែ​មនុស្ស​ទី ២ បែរ​ជា​បាន​ផល​ទៅ​វិញ ។ ឧទាហរណ៍​ មនុស្ស​សាមញ្ញ​ម្នាក់​បាន​ពោល​ពាក្យ​បញ្ឆោត​ប្រជាជន​ទូទៅ​ថា រូប​ខ្លួន​គឺ​ជា​ព្រះ​សិរីអារ្យ​មេត្រី​ចុះ​មក​ចាប់​ជាតិ​ដើម្បី​ជួយ​សង្គ្រោះ​មនុស្ស​លោក ។ បុរស​ម្នាក់​នោះ​មាន​ក្រុម​បក្ស​របស់​ខ្លួន​ជាច្រើន​ព្រម​ទាំង​មាន​មនុស្ស​មាន​អំណាច​ជួយ​ការពារ​រូប​គេ​ផង​ដែរ ។ ជន​បោកប្រាស់​នោះ​បាន​បញ្ឆោត​មនុស្ស​ជាច្រើន​ឲ្យ​ជឿ​​​ និង ចំណាយ​ប្រាក់​ជា​ច្រើន​ដើម្បី​ទិញ​ជ័រ​គ្រីស្តាល់​របស់​ខ្លួន​ដោយ​និយាយ​ថា​​ជ័រ​នោះ​នឹង​ក្លាយ​ទៅ​ជា​ដុំ​ពេជ្រ​នៅ​ពេល​អនាគត ។ លើស​ពី​នោះ​ទៀត​​ ជន​បោក​ប្រាស់​ម្នាក់​នោះ​នៅ​បាន​បោក​ប្រជាជន​ជាច្រើន​ឲ្យ​ចំណាយ​ប្រាក់​សង់​វិមាន​ធំស្កឹមស្កៃ​នៅ​លើ​ដី​វត្ត​របស់​ខ្លួន​ព្រោះ​នៅ​ពេល​​ដល់​​ពេល​កំណត់​ជន​បោកប្រាស់​នោះ​នឹង​ហោះ​ឡើង​ទៅ​ស្ថាន​សួគ៌ ហើយ​មនុស្ស​ណា​ដែល​រស់​នៅ​ក្នុង​វិមាន​នៅ​ក្នុង​ដី​វត្ត​​​នោះ​​អាច​នឹង​តោង​​ជើង​ជន​បោក​ប្រាស់​នោះ​ហោះ​ឡើង​ទៅ​ស្ថាន​សួគ៌​ជាមួយ​​ដែរ ។ ទី​បំផុត​អំពើ​បោកប្រាស់​ក៏​ត្រូវ​បាន​បើកបង្ហាញ​ឲ្យ​ដឹង​ជា​សាធារណៈ ជន​បោក​ប្រាស់​ក៏​បាន​សារភាព​​នូវ​អំពើ​បោកប្រាស់​របស់​ខ្លួន ។ មេ​បោកប្រាស់​នេះ​សម​នឹង​ទទួល​​ពិន័យ​យ៉ាង​ធ្ងន់ធ្ងរ​ស្រប​នឹង​ច្បាប់​ជាធរមាន ប៉ុន្តែ​ដោយសារ​តែ​មាន​ខ្សែ​ឬ​ខ្នង​បង្អែក​ធំ ជនបោកប្រាស់​ក៏​បាន​ដោះ​លែង​ឲ្យ​រួច​ខ្លួន​បន្ទាប់​ពី​បាន​ពោល​ពាក្យ​សុំ​ទោស​បែប​លាក់​កំណួច​របស់​ខ្លួន ។ ចំណែក​ប្រជាជាន​រាប់​ពាន់​នាក់​ដែល​ត្រូវ​ជន​បោកប្រាស់​បញ្ឆោត​ឲ្យ​ចំណាយ​ប្រាក់​រាប់​ម៉ឺន​នោះ​វិញ​​បាន​ត្រឹម​តែ​ខឹង​មួម៉ៅ​ក្តៅក្រហាយ និង ជេរ​ប្រទេច​ដាក់​បណ្តាសា​មនុស្ស​គម្រក់​នោះ​ប៉ុណ្ណោះ ​ព្រោះ​មិន​អាច​ធ្វើ​អ្វី​កើត និង ឈឺ​ចិត្ត​មិន​គួរ​នឹង​​ល្ងង់​ខ្លៅ​ត្រូវ​​គេ​បោកប្រាស់​យ៉ាង​ងាយ​ដូច្នេះ​សោះ ។ ទី​បំផុត លោភៈ និង មោហៈ បាន​ត្រឹម​នាំ​មក​នូវ​ទោសៈ​ដាក់​ខ្លួន​ប៉ុណ្ណោះ ។ ដូច្នេះ​សូម​ប្រជាជន​ទាំង​អស់ប្រុង​ប្រយ័ត្ន​ខ្លួន មិន​ត្រូវ​ធ្លាក់​ខ្លួន​ចាញ់​ពាក្យ​ល្បង​លួង​លោម​របស់​ជនពាល​ឡើយ ទោះ​ជនពាល​ជា​ភិក្ខុ​សង្ឃ ឬ ជន​សាមញ្ញ​ក៏​ដោយ ។​

ទី ៦ - លាក់​​អាហារ​ឆ្ងាញ់ និង ធនធាន

នៅ​ក្នុង​គោលការណ៍​នេះ​ក៏​មាន​ពីរ​ផ្នែក​ដែល​យើង​ត្រូវ​បកស្រាយ​ដាច់ដោយ​ឡែក​ពី​គ្នា ។ ផ្នែក​ទី​ ១ ការ​លាក់​​អាហារ​ឆ្ងាញ់​​មិន​ចែក​រំលែក​ជាមួយ​នឹង​មនុស្ស​ដទៃ ។ តាម​ច្បាប់​ធម្មជាតិ សត្វ​មួយ​ចំនួន​ធំ​​ស្វែង​រក​ចំណី​អាហារ​សម្រាប់​ចិញ្ចឹម​ជីវិត​ត្រឹម​តែ​មួយ​ថ្ងៃ​ប៉ុណ្ណោះ ព្រោះ​ពួក​គេ​មិន​ដែល​ខ្វល់ខ្វាយ​កើប​ប្រមូល​អាហារ​​មក​ទុក​សម្រាប់​ថ្ងៃ​ស្អែក​​ទេ ។ បើ​ថ្ងៃ​ស្អែក​ឡើង​រក​មិន​បាន​អាហារ​ពួក​វា​ក៏​នឹង​ស្វែង​រក​អាហារ​នៅ​ថ្ងៃ​ស្អែក​ទៀត ។ មាន​សត្វ​បក្សី​ប្រភេទ​ខ្លះ​ត្រូវ​ហើរ​ផ្លាស់​ទី​ចម្ងាយ​រាប់​ពាន់​គីឡូម៉ែត្រ​ដើម្បី​ស្វែង​រក​ចំណី​ ដោយ​ចំណាយ​ពេល​ហើរ​ច្រើន​ថ្ងៃ​ទើប​ទៅ​ដល់​គោល​ដៅ​ក៏​មាន ។ សត្វ​ខ្លះ​ក៏​រស់​នៅ​​ក្នុង​ជីវិត​ក្រាំង​​មិន​ស៊ី​អាហារ​រយៈពេល​ច្រើន​ខែ ឧទាហរណ៍ កង្កែប​ក្រាំង​​នៅ​ខែ​ប្រាំង ឬ សត្វ​ខ្លា​ឃ្មុំ​នៅ​ដំបន់​ប៉ូល​ខាង​ជើង ។ ប៉ុន្តែ​ក៏​មាន​សត្វ​​មួយ​ចំនួន​ចេះ​គិត​គូរ​យក​ចំណី​ទៅ​ជីក​កប់​លាក់​ទុក​សម្រាប់​ពេល​ក្រោយ​ផង​ដែរ ឧទាហរណ៍ សត្វ​ក្អែក​ប្រភេទ​ខ្លះ​យក​ចំណី​ទៅ​ជីក​កប់​នៅ​ទីតាំង​ច្រើន​កន្លែង​ដើម្បី​កុំ​ឲ្យ​ក្អែក​ដទៃ​ទៀត​រក​ឃើញ ហើយ​​​​ក៏​មាន​សត្វ​ក្អែក​ខ្លះ​លួច​តាម​សង្កេត​មើល​សកម្មភាព​ជីក​កប់​លាក់​ចំណី​នោះ​ដើម្បី​ទៅ​លួច​យក​​ចំណី​នោះ​មក​ស៊ី​ក៏​មាន​ដែរ ។ ពួក​សត្វ​ស្វា​មួយ​ចំនួន​ក៏​មាន​វិធី​លួច​លាក់​ចំណី​មិន​ឲ្យ​​ស្វា​ដទៃ​រក​ឃើញ​ផង​ដែរ ។ រីឯ​មនុស្ស​ក៏​ជា​សត្វ​ដែល​ត្រូវ​ការ​​ចំណី​ដើម្បី​​​បន្ត​ជីវិត​ដូច​សត្វ​ដទៃ​ ដូច្នេះ​មនុស្ស​ក៏​មាន​ល្បិច​កល​ជីក​កប់​ចំណី​លាក់​ទុក​​សម្រាប់​យក​មក​​បរិភោគ​នៅ​ថ្ងៃ​ក្រោយ​ដែរ ។ ល្បិច​នេះ​គឺ​ដុះ​ឡើង​ក្នុង​ខួរ​ក្បាល​មនុស្ស​ចាប់​តាំង​ពី​ពេល​ពូជ​មនុស្ស​ដំបូងៗ​ដែល​ដើរ​ស្វែង​រក​ចំណី​យ៉ាង​លំបាក​លំបិន ។ សូម្បី​​​មក​ដល់​​​សម័យ​ទំនើប​​នេះ​ដែល​ងាយ​រក​ចំណី​ក៏​ដោយ​ ក៏​នៅ​មាន​មនុស្ស​មួយ​ចំនួន​បន្ត​កើប​ប្រមូល​ចំណី​លាក់​ទុក​សម្រាប់​ខ្លួន​ឯង​ ឬ​ក្រុម​គ្រួសារ​របស់​ខ្លួន​ដែរ ។ ឧទាហរណ៍​ជាក់​ស្តែង មនុស្ស​ខ្លះ​ទៅ​វត្ត​អារាម​ដើម្បី​ប្រមូល​យក​ចំណី​មក​ផ្ទះ​វិញ​ដោយ​មិន​ខ្ចី​ខ្វល់​ទុក​ចំណី​ខ្លះ​សម្រាប់​មនុស្ស​ដទៃ​ឡើយ ។ ភិក្ខុ​ខ្លះ​​ក៏​មាន​ល្បិច​លាក់​អាហារ​ទុក​មិន​ចែក​ឲ្យ​កូនសិស្ស​នៅ​ក្នុង​វត្ត​អារាម​​អាច​ទទួល​ទាន​ ហើយ​មាន​ពេល​ខ្លះ​អាហារ​នោះ​ក៏​ហួស​ថ្ងៃ​កំណត់​អាច​ទទួល​ទាន​បាន​ ឬ ផ្អូម​ស្អុយ​ខូច​មិន​អាច​បរិភោគ​បាន​ក៏​​​យក​ចេញ​មក​ប្រគល់​ឲ្យ​កូនសិស្ស ។ ទាំង​នោះ​គឺ​ជា​អំពើ​ដ៏​ថោកទាប​ដែល​មនុស្ស​មិន​គួរ​នឹង​បន្ត​ធ្វើ​តទៅ​ទៀត​សោះ ។ បើ​ថ្ងៃ​នេះ​យើង​មាន​ចំណី​អាហារ​ទទួល​ទាន​ ហើយ​យើង​ចែក​រំលែក​ឲ្យ​មនុស្ស​ដទៃ​បាន​បរិភោគ​ដូច​យើង​ ពួក​គេ​ក៏​សប្បាយ​រីករាយ​ជាមួយ​នឹង​យើង ។ ថ្ងៃ​ក្រោយ​នៅ​ពេល​ពួក​គេ​មាន​ចំណី​ឆ្ងាញ់​​ពួក​គេ​​នឹកឃើញ​អំពើ​ល្អ​របស់​យើង​ ពេល​នោះ​ពួក​គេ​ក៏​នឹង​ចែក​ចំណី​ឆ្ងាញ់​ជាមួយ​យើង​ដែរ ។
ផ្នែក​ទី​ ២ ពាក្យ​ថា​ "ធនធាន" មាន​អត្ថន័យ​ទូលំទូលាយ​ដែល​អាច​រាប់​បញ្ចូល​ទាំង​ចំណី​អាហារ ​ប្រាក់កាស់ ចំណេះដឹង និង បច្ចេកវិជ្ជា​ ។ នៅ​ទី​នេះ​យើង​សូម​លើក​យក​អត្ថន័យ​របស់​ "ធនធាន" ​ដែល​មាន​ន័យ​ត្រឹម​តែ​ជា​ទ្រព្យ​សម្បត្តិ​​ដូច​ជា​លុយកាក់​ឬ​មាស​ប្រាក់​ប៉ុណ្ណោះ ។ បើ​មនុស្ស​​ម្នាក់​​លាក់​បំពួន​ចំណី​អាហារ​មិន​ចែក​រំលែក​ជាមួយ​មនុស្ស​ដទៃ មនុស្ស​ម្នាក់​​​នោះ​ក៏​មាន​វិធី​លាក់​បំពួន​ទ្រព្យ​របស់​ខ្លួន​មិន​ចែក​រំលែក​ជាមួយ​អ្នក​ផ្សេង​ដែរ ។ លុយកាក់​ ឬ មាស​ប្រាក់​គឺ​ជា​វត្ថុ​ងាយ​ស្រួល​សម្រាប់​យក​ទៅ​លាក់​ទុក​ជាង​ចំណី​អាហារ​ឆ្ងាយ​ណាស់ ។ សព្វ​ថ្ងៃ​មនុស្ស​មាន​ទ្រព្យ​ច្រើន​បាន​យក​ទ្រព្យ​ទាំង​នោះ​ទៅ​ផ្ញើ​ទុក​នៅ​ឯ​ធនាគារ ដែល​មាន​សុវត្ថិភាព​ជាង​ការ​លាក់​ទុក​នៅ​ឯ​ផ្ទះ ។ ពេល​អ្នក​ជិត​ខាង​ ឬ មិត្ត​ភក្តិ​ម្នាក់​មក​ពឹងពរ​​សុំ​ឬ​ខ្ចី​បុល ជន​កំណាញ់​​​នោះ​ក៏​ពោល​ថា​គ្មាន​ប្រាក់​សេស​សល់​នៅ​ផ្ទះ​សម្រាប់​ឲ្យ​ខ្ចីបុល​ទេ ។ នៅ​ពេល​ចូល​ដល់​វ័យ​ចំណាស់ មនុស្ស​កំណាញ់​​នោះ​​​បន្ត​ប្រើ​ល្បិច​ចុង​ក្រោយ​ដើម្បី​ជីក​កប់​​ទ្រព្យ​សម្បត្តិ​របស់​ខ្លួន​សម្រាប់​​បើក​យក​មក​ចាយ​​នៅ​ជាតិ​ក្រោយ​ទៀត ។ មាន​សេចក្តី​បង្រៀន​​គួរ​ឲ្យ​អស់​សំណើច​​មួយ​ថា ពេល​ស្លាប់​​មនុស្ស​មិន​អាច​យក​ទ្រព្យ​ទៅ​តាម​​ខ្លួន​បាន​ទេ​សូម្បី​កាក់​ក្រហម​មួយ​សេន​ក៏​យក​តាម​មិន​បាន​ផង ។ ប៉ុន្តែ​ពួក​គេ​អាច​​ដាក់​ផ្ញើ​ទ្រព្យ​​ទាំង​នោះ​​ចូល​គណនី​របស់​ខ្លួន​​នៅ​ឯធនាគារ​ស្ថានសួគ៌ ដោយ​ការ​ធ្វើ​បុណ្យ​ដាក់​ទាន​តាម​រយៈ​ភិក្ខុ​សង្ឃ​ក្នុង​ពុទ្ធសាសនា​ជា​អ្នក​មាន​សីល ។ បើ​យើង​ពិចារណា​ឲ្យ​ល្អិត​ល្អន់​បន្តិច ​ការ​ធ្វើ​បុណ្យ​ដាក់​ទាន​តាម​ភិក្ខុ​សង្ឃ​​​នោះ​ក៏​នឹង​គ្មាន​វិធី​អ្វី​អាច​ផ្ទៀងផ្ទាត់​មើល​ឃើញ​ថា​ប្រាក់កាស់​ដែល​​បុគ្គល​នោះ​បាន​ធ្វើ​បុណ្យ​ទាន​នោះ​ត្រូវ​បាន​វេរ​ផ្ទេរ​ចូល​ក្នុង​គណនី​​នៃ​ធនាគារ​របស់​​គាត់​នៅ​ឯ​ស្ថាន​សួគ៌​ឬ​ស្ថាន​ខ្មោច​ឯណា​ដែរ ។ សេចក្តី​បង្រៀន​ទាំង​នោះ​គ្រាន់​តែ​ជា​សិល្បៈ​លួងលោម​​​មនុស្ស​ឲ្យ​​រៀន​លះបង់​​ទ្រព្យ​សម្បត្តិ​ធ្វើ​ទាន​ដល់​មនុស្ស​ក្រីក្រ​​ដើម្បី​ឲ្យ​ពួក​មនុស្ស​ទាំង​នោះ​បាន​ចំណី​បរិភោគ​គ្រប់គ្រាន់​ដូច​​មនុស្ស​ដទៃ​ ។ តើ​មាន​នរណា​ម្នាក់​ហ៊ាន​ចេញ​មុខ​មក​អះអាង​បញ្ជាក់​ថា ប្រាក់​ដែល​គាត់​បាន​ធ្វើបុណ្យ​រាប់សិប​ឆ្នាំ​មក​ហើយ​នោះ​ត្រូវ​បាន​ភិក្ខុ​សង្ឃ​​ផ្ទេរ​ចូល​គណនី​របស់​គាត់​នៅ​ក្នុង​ធនាគារ​នៅ​ឯ​ស្ថាន​សួគ៌​ជាន់​ទី​​ ១០ ឬ ទី ៣៣ ដែល​​មាន​អាសយដ្ឋាន​យ៉ាង​នេះ​ឬ​យ៉ាង​នោះ ហើយ​មាន​អ្នក​​ធ្វើ​ការងារ​នៅ​ធនាគារ​ទី​នោះ​​នឹង​ប្រើ​វិធី​​យ៉ាង​ណា​​ដើម្បី​ផ្ទៀង​ផ្ទាត់​ថា​​រូប​គាត់​​​ជា​ម្ចាស់​គណនី​នោះ​ ។ តើ​មាន​អ្នក​ស្លាប់​ប៉ុន្មាន​នាក់​ដែល​បាន​ចេញ​មុខ​មក​អះអាង​បញ្ជាក់​ថា​គាត់​បាន​បើក​លុយកាក់​​របស់​គាត់​យក​ទៅ​ចាយ​រួច​ហើយ ? អ្វីៗ​ទាំង​អស់​ដែល​មនុស្ស​បង្កើត​​ឬ​ទាញ​ចេញ​ពី​ផែនដី​ដើម្បី​ប្រើប្រាស់​ក្នុង​ពេល​​រស់​នៅ​មាន​ជីវិត​នៅ​លើ​ផែនដី វត្ថុ​ទាំង​នោះ​នឹង​ត្រឡប់​ទៅ​​ដី​វិញ​តាម​ច្បាប់​ធម្មជាតិ ។ ទោះ​បី​មនុស្ស​ច្រើន​ជំនាន់​​បាន​បង្កើត​​​ច្បាប់​សាសនា​ជា​ច្រើន​ឬ​អាទិទេព​ស្អេកស្កះ​ដើម្បី​​​​​អួតអាង​បញ្ជាក់​ថា​វត្ថុ​ទាំង​នោះ​នឹង​ត្រូវ​បាន​បញ្ជូន​ទៅ​​កាន់​ភព​ផ្សេង​​​ឬ​ថា​មនុស្ស​នឹង​វិល​មក​កើត​លើ​ផែនដី​ជា​ថ្មី​ក៏​ដោយ ក៏​ជា​សត្យានុម័ត​រឿង​នោះ​គ្មាន​កើត​ឡើង​សោះ​ឡើយ ។ វា​គឺ​ជា​ការ​បោកប្រាស់​បំភ័ន្ត​ភ្នែក និង​ ជា​ឡប់ឡែ​សម្រាប់​បន្ធូរ​ទុក្ខព្រួយ​របស់​មនុស្ស​ងាយ​ជឿ​តាម​ការ​ពាក្យ​បោកប្រាស់​ប៉ុណ្ណោះ ។ ​ជា​សេចក្តី​សន្និដ្ឋាន​រួម ប្រសិន​បើ​មនុស្ស​ម្នាក់​មាន​​ចំណី​ឆ្ងាញ់​នៅ​ថ្ងៃ​​ម៉ោង​នេះ​ឬ​ថ្ងៃ​នេះ សូម​បែង​ចែក​ឲ្យ​មនុស្ស​ដទៃ​បរិភោគ​ផង ព្រោះ​ចំណី​ឆ្ងាញ់​នោះ​នឹង​ស្អុយ​ខូច​ទៅ​ជា​សម្រាម​នៅ​ម៉ោង​ក្រោយ​ឬ​ថ្ងៃ​ស្អែក​ឬ​សប្តាហ៍​ក្រោយ​​​ ។ ប្រសិន​បើ​បុគ្គល​ម្នាក់​មាន​ទ្រព្យ​ច្រើន​ចាយ​មិន​អស់ សូម​ចែក​ជា​ទាន បង្កើត​ជា​មូលនិធិ​ជួយ​ជន​ក្រីក្រ ឬ​បង្កើត​កម្មវិធី ឬ​គម្រោង​ផ្សេងៗ​សម្រាប់​ជួយ​អភិវឌ្ឍ​សហគមន៍ ឬ ប្រទេស ព្រោះ​ថា​នៅ​ពេល​បុគ្គល​នោះ​ស្លាប់​បាត់បង់​ជីវិត​ គាត់​នឹង​ក្លាយ​ទៅ​ជា​ផេះផង់​សូន្យ​ចាក​អ្វីៗ​ទាំង​អស់ សូម​កុំ​សង្ឃឹម​ថា​នឹង​បាន​មក​កើត​ជា​ថ្មី ឬ​ទៅ​កើត​ជា​ទេវតា​ ឬ​ទៅ​ជួប​ព្រះ​អាទិទេព​ណា​មួយ​ឲ្យ​សោះ ។ ទ្រព្យ​សម្បត្តិ​ដែល​គាត់​ខំ​សន្សំ​ ឬ​លាក់​ទុក​ទាំង​ប៉ុន្មាន​នឹង​ត្រូវ​​ធ្លាក់​ចូល​ទៅ​ក្នុង​កណ្តាប់​ដៃ​មនុស្ស​ដែល​នៅ​រស់​យក​ទៅ​ប្រើប្រាស់​បន្ត​ទៀត ។

ទី ៧ - ប្រកាន់ជាតិ, ត្រកូល, ទ្រព្យ, ឋានៈ និង មិន​រាប់​សាច់ញាតិ​របស់​ខ្លួន​

មុន​នឹង​អាច​​យល់​គំនិត​បង្កប់​នៅ​ក្នុង​គោលការណ៍​នេះ យើង​ត្រូវ​ពិនិត្យ​មើល​សង្គម​ឥណ្ឌា​​នៅ​សម័យកាល​ព្រះ​ពុទ្ធ និង សម័យ​បច្ចុប្បន្ន​នេះ ដើម្បី​​វាយ​តម្លៃ​មើល​ថា​តើ​​ពួក​មនុស្ស​ទាំង​នោះ​បន្ត​ប្រព្រឹត្ត​តាម​ទំនៀមទម្លាប់​ចាស់​គំរិល​រាប់​ពាន់​ឆ្នាំ​របស់​ពួក​គេ​ឬ​មាន​ការ​កែប្រែ​ក្នុង​កម្រិត​ណា ។ យើង​បាន​សិក្សា​ និង ដឹង​រួច​ហើយ​ថា សង្គម​មនុស្ស​នៅ​ប្រទេស​ឥណ្ឌា​ត្រូវ​បាន​​បែង​ចែក​ជា​ ៤ ក្រុម​ឬ​វណ្ណៈ​ដាច់​ស្រឡះ​ពី​គ្នា ។​ លើស​ពី​នោះ​ទៀត មាន​​មនុស្ស​មួយ​ក្រុម​ពិសេស​ទៀត​គឺ​ពួក​ចណ្ឌាល ដែល​ជា​មនុស្ស​នៅ​ក្រៅ​វណ្ណៈ​ទាំង ៤ ខាង​លើ ។ មាន​ខ​ជា​ច្រើន​នៅ​ក្នុង​គម្ពីរ​ មនុ ដែល​ពួក​មនុស្ស​នៅ​ក្នុង​វណ្ណៈ​ព្រាហ្មណ៍​បាន​តាក់តែង​ឡើង​ដើម្បី​គ្រប់គ្រង​មនុស្ស​នៅ​ក្នុង​វណ្ណៈ​ដទៃ​ទៀត​ ។ ពួក​ព្រាហ្មណ៍​អះអាង​ថា​ពួក​គេ​ជា​មនុស្ស​ពិសេស​ដែល​ព្រះ​អាទិទេព​ចាត់​ឲ្យ​រៀន​គម្ពីរ​វេទ និង គម្ពីរ​ផ្សេង​ទៀត សម្រាប់​រៀប​ចំ​ពិធី​យញ្ញ​សម្រាប់​បូជា​អាទិទេព ។ ពួក​នេះ​ប្រកាន់​យ៉ាង​តឹងរឹង​ថា គ្មាន​មនុស្ស​ណា​ផ្សេង​នៅ​ក្នុង​វណ្ណៈ​ផ្សេង​ទៀត​អាច​អាន​​ឬ​រៀន​គម្ពីរ​វេទ​ឬ​គម្ពីរ​មនុ​បាន​ឡើយ ហើយ​ក៏​គ្មាន​មនុស្ស​វណ្ណៈ​ផ្សេង​ណា​អាច​រៀបចំ​ធ្វើ​ពិធី​បូជា​ណា​មួយ​បាន​ដែរ ។ មនុស្ស​ស្ទើរ​តែ​ទូទាំង​ប្រទេស​ឥណ្ឌា​នៅ​បន្ត​ជឿ​ថា​ត្រកូល​របស់​ពួក​គេ​ប្រសើរ​ជាង​ត្រកូល​របស់​មនុស្ស​នៅ​វណ្ណៈ​ក្រោម ។ ការ​រើស​អើង​មនុស្ស​ដោយ​អាង​​លើ​កំណើត​នៅ​ក្នុង​វណ្ណៈ​ខ្ពស់​ឬ​​ត្រកូល​ល្អ​បាន​​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​​អំពើ​អយុត្តិធម៌​​​ដែល​ស៊ីចាក់​ជ្រៅ​ចូល​ដល់​ភូមិស្រុក​នៅ​​​ទី​កន្លែង​ឆ្ងាយ​ដាច់​ស្រយាល ។ មនុស្ស​នៅ​ក្នុង​វណ្ណៈ​ក្រោម​គ្មាន​ទ្រព្យ​សម្បត្តិ ឬ​ដី​ធ្លី​សម្រាប់​ប្រកប​របរ​កសិកម្ម ឬ​គ្មាន​ចំណេះ​វិជ្ជា​សម្រាប់​​បម្រើ​ក្នុង​សេវា​សង្គម​ណា​មួយ​ក្រៅ​ពី​ការ​ដើរ​រើស​ប្រមូល​ខ្មោច​មនុស្ស​ ឬ ខ្មោច​សត្វ​យក​ទៅ​ដុត​ចោល ឬ កើប​លាមក​ពី​បង្គន់​របស់​មនុស្ស​នៅ​វណ្ណៈ​ខាង​លើ​យក​ទៅ​ចាក់​ចោល​នៅ​ទី​ឆ្ងាយ​ ដើម្បី​ជា​ការ​ដោះដូរ​យក​ដុំ​បាយ​ឬ​អាហារ​សេសសល់​ ។ ​ទោះ​បី​មនុស្ស​នៅ​វណ្ណៈ​ក្រោម​បាន​រៀនសូត្រ​ចេះ​ដឹង​ច្រើន និង មាន​មុខងារ​ខ្ពស់​យ៉ាង​ណា ក៏​មនុស្ស​កំប៉ិកកំប៉ុក​នៅ​ក្នុង​វណ្ណៈ​ខាង​លើ​បន្ត​រើស​អើង មាក់ងាយ មនុស្ស​ម្នាក់​នោះ​គ្មាន​ថ្ងៃ​បញ្ចប់​សោះ​ឡើយ ។ ឧទាហរណ៍ លោក​បណ្ឌិត អាំបិដការ ដែល​ជា​មនុស្ស​មក​ពី​វណ្ណៈ​ចណ្ឌាល ដែល​បាន​ទទួល​រង​ការ​មើលងាយមើល​ថោក​គ្រប់​ពេល​វេលា​ពី​សំណាក់​សិស្ស​ឬ​គ្រូ​ដែល​ជា​មនុស្ស​នៅ​វណ្ណៈ​ខាង​លើ ។ នៅ​សាលា​រៀន​លោក​មិន​អាច​ចូល​អង្គុយ​ក្នុង​ថ្នាក់​ជាមួយ​សិស្ស​ផ្សេង​ទៀត មិន​អាច​បរិភោគ​ទឹក​ដោយ​ខ្លួន​ឯង​ព្រោះ​ត្រូវ​តែ​មាន​មនុស្ស​វណ្ណៈ​ខាង​លើ​ម្នាក់​ចាក់​ទឹក​ចេញ​ពី​ក្អម​មក​ពី​ទី​ខ្ពស់​ឲ្យ​ ព្រោះ​ពួក​មនុស្ស​ទាំង​នោះ​ប្រកាន់​មាំ​ថា មនុស្ស​ចណ្ឌាល​មិន​អាច​ប៉ះពាល់​ទឹក​របស់​ពួក​គេ​ឡើយ ។ ការ​រើស​អើង​នេះ​បន្ត​​​កើត​មាន​រហូត​ដល់​សកលវិទ្យាល័យ​ដែល​លោក​ទៅ​បង្រៀន នៅ​​សភា​ជាតិ​ឥណ្ឌា​ដែល​លោក​គឺ​ជា​ប្រធាន​គណៈកម្មការ​ព្រាង​ច្បាប់​រដ្ឋធម្មនុញ្ញ​ហើយ​ក៏​ដោយ ។ សូម្បី​ច្បាប់​រដ្ឋ​ធម្មនុញ្ញ​ឥណ្ឌា​ដែល​ទទួល​បាន​ការ​បោះ​ឆ្នោត​អនុម័ត​ដោយ​សំឡេង​ភាគ​ច្រើន​ក៏​ដោយ ក៏​មនុស្ស​​នៅ​វណ្ណៈ​ខាង​លើ​មិន​ទទួល​យក​ច្បាប់​នោះ​ទៅ​អនុវត្ត​​ភ្លាមៗ​ដែរ​ព្រោះ​គេ​គិត​ថា​មិន​មែន​ជា​ច្បាប់​ដែល​ផ្តល់​ប្រយោជន៍​ដល់​ពួក​គេ ។ នេះ​ជា​ភស្តុតាង​បញ្ជាក់​ឲ្យ​ឃើញ​អំពើ​រើសអើង​​ដែល​បាន​កើត​ឡើង​និង​កំពុង​កើត​ឡើង​នៅ​ក្នុង​សង្គម​ឥណ្ឌា ។ សព្វ​ថ្ងៃ​មនុស្ស​នៅ​ក្នុង​វណ្ណៈ​ក្រោម​បំផុត​កំពុង​ងើប​ឡើង​តស៊ូ​ប្រឆាំង​ដោយ​ចំហ​ចំពោះ​ការ​គ្រប់​គ្រង​ប្រកប​ដោយ​ភាព​អយុត្តិធម៌ និង ការ​រើសអើង​របស់​មន្ត្រី​មក​ពី​វណ្ណៈ​ព្រាហ្មណ៍ និង វណ្ណៈ​ក្សត្រ (ម្ចាស់​ដី) ។ មនុស្ស​ចណ្ឌាល​មួយ​ចំនួន​បាន​ផ្លាស់​ប្តូរ​​ជំនឿ​ពី​សាសនា​ព្រាហ្មណ៍​ទៅ​កាន់​សាសនា​ព្រះ​ពុទ្ធ​វិញ ព្រោះ​ពុទ្ធសាសនា​គ្មាន​ការ​រើស​អើង​វណ្ណៈ គ្មាន​ការ​ប្រកាន់​​ជាតិ​ ត្រកូល ឋានៈ ឡើយ ។ ពួក​មនុស្ស​ចណ្ឌាល​មាន​សេរីភាព​ដើរ​ហើរ និង ចូល​បម្រើ​ក្នុង​ក្រសួង​ជាច្រើន​ដោយ​គ្មាន​ខ្លាច​ការ​រើស​អើង ។ ប៉ុន្តែ​យើង​នៅ​តែ​សង្កេត​ឃើញ​មាន​ករណី​រើសអើង ករណី​មនុស្ស​វណ្ណៈ​ខាង​លើ​ចាប់​រំលោភ​ស្ត្រី​​​ជា​មនុស្ស​គ្មាន​វណ្ណៈ ករណី​រដ្ឋាភិបាល​មិន​​រៀបចំ​ខ្ទង់​ថវិកា​សម្រាប់​អភិវឌ្ឍ​ដំបន់​ដែល​មាន​មនុស្ស​ចណ្ឌាល​រស់​នៅ​ច្រើន ។
ទោះ​បី​នៅ​ប្រទេស​កម្ពុជា​គ្មាន​ប្រពៃណី​ប្រកាន់​វណ្ណៈ​ដី​ឆ្កួត​លីលា​ដូច​នៅ​ប្រទេស​ឥណ្ឌា​ក៏​ដោយ ក៏​យើង​សង្កេត​ឃើញ​​ក្រុម​មេដឹកនាំ​ប្រទេស​ និង អ្នក​ជំនួញ​ដែល​មាន​ប្រាក់​រាប់​លាន​ដុល្លា​រើស​អើង​ប្រជាជន​ក្រីក្រ​ឬ​បុគ្គលិក​តូចតាច ។ យើង​ក៏ឃើញ​មាន​ករណី​បង​ប្អូន​ឈប់​រាប់រក​គ្នា​ដោយសារ​តែ​ឋានៈ​មិន​ដូច​គ្នា ឬ ទ្រព្យ​សម្បត្តិ​មិន​ច្រើន​ដូច​គ្នា ឧទារហរណ៍ បង​ប្រុស​ជា​មនុស្ស​មាន​ប្រាក់​រាប់​លាន​ដុល្លា ចំណែក​ប្អូន​ប្រុស​ជា​ជនក្រីក្រ​រកស៊ី​រត់​ម៉ូតូ​ឌុប ។ បង​ប្រុស​​មិន​ហ៊ាន​ប្រាប់​ញាតិ​មិត្ត​ខាង​ភរិយា​ខ្លួន​ថា​មាន​ប្អូន​ប្រុស​ម្នាក់​ជា​អ្នក​រត់​ម៉ូតូ​ឌុប​ទេ​ព្រោះ​ខ្លាច​អាម៉ាស់​មុខ​ខ្លួន ។ នេះ​គឺ​ជា​អំពើ​រើស​អើង​ដ៏​លាមក​ដែល​កំពុង​កើត​មាន​នៅ​ប្រទេស​កម្ពុជា​សព្វ​ថ្ងៃ ។ យើង​ជា​ជនជាតិ​ខ្មែរ​មិន​ត្រូវ​បន្ត​ទំនៀមទម្លាប់​រើស​អើង​ដ៏​ថោកទាប​នេះ​ទៀត​ទេ​ប្រសិន​បើ​យើង​មាន​មោទនភាព​ជា​ខ្មែរ ជា​ប្រទេស​ធ្លាប់​មាន​វប្បធម៌​រុង​រឿង​ និង ជា​អារ្យប្រទេស ។

ទី ៨ - ប្រព្រឹត្តល្បែង ៣ ប្រការ

ពាក្យ​ថា​ល្បែង ៣ ប្រការ​​គឺ​រាប់​បញ្ចូល​នូវ​ល្បែង​ស្រី ល្បែង​ស្រា និង​ល្បែង​ប៉ោ​បៀ ។ ពាក្យ​ថា​ល្បែង​ស្រី​គឺ​សំដៅ​ការ​ចំណាយ​ពេល​វេលា​ទៅ​លើ​ការ​ដើរ​ហើរ​​ជា​មួយ​ស្រី​កំណាន់​ឬ​ស្រី​រក​ស៊ី​ផ្លូវ​ភេទ នាំ​ឲ្យ​បង់​ខាត​ពេល​វេលា ប្រាក់កាស់ និង ទឹកចិត្ត លើស​ពី​នោះ​ទៀត​បុគ្គល​នោះ​អាច​នឹង​ឆ្លង​រោគ​សង្គម​ដូច​ជា​រោគ​ស្វាយ ប្រម៉េះ ឬ​អេដស៍​ជា​ដើម ។ បើ​យើង​ស្រាវ​ជ្រាវ​រក​មើល​គំនិត​ដើម​របស់​គោល​ការណ៍​នេះ យើង​អាច​ទាញ​សេចក្តី​សន្និដ្ឋាន​ថា គោល​គំនិត​ដើម​គឺ​ការ​ប្រដៅ​បង្រៀន​មនុស្ស​ប្រុស​ជា​អ្នក​ប្រតិបត្តិ​ព្រហ្មចរិយធម៌​ឲ្យ​​ជៀស​វាង​អំពើ​ទាំងឡាង​ដែល​នាំ​​ឲ្យ​ពួក​គេ​​មិន​អាច​សម្រេច​គោលដៅ​មោក្ខធម៌​​ ។ ប៉ុន្តែ​មនុស្ស​ប្រុស​​ជា​អ្នក​​គ្រប់គ្រង​ផ្ទះ​សម្បែង​ក៏​អាច​យក​​គោលការណ៍​នេះ​​​ទៅ​អនុវត្ត​សម្រាប់​ដឹកនាំ​ជីវិត​របស់​ពួក​គេ​ឲ្យ​បាន​ជា​ប្រយោជន៍​ដែរ ។ ចំណែក​​ស្ត្រី​ជា​អ្នក​ប្រតិបត្តិ​ព្រហ្មចរិយធម៌ និង ស្ត្រី​ជា​មេផ្ទះ​ក៏​អាច​គោលការណ៍​នេះ​​​សម្រាប់​ដឹកនាំ​ជីវិត​បាន​ដូច​គ្នា ដោយ​គ្រាន់​តែ​ប្តូរ​ពីពាក្យ​ថា​ ល្បែង​ស្រី ទៅ​ជា​ ល្បែង​ប្រុស ជា​ការ​ស្រេច ។ សម្រាប់​ស្ត្រី​ជា​មេផ្ទះ​ ពួក​គាត់​ត្រូវ​មាន​ភក្តី​ចំពោះ​ស្វាមី​ និង គ្រួសារ ដោយ​មិន​ត្រូវ​បណ្តោយ​ចិត្ត​ និង ខ្លួន​ប្រាណ​ទៅ​ជា​ឧបករណ៍​​បម្រើ​ភេទ​របស់​បុរស​ដទៃ​ឡើយ ។
ពាក្យ​ថា​ល្បែង​ស្រា គឺ​​ការ​ចំណាយ​ពេល​វេលា និង ប្រាក់កាស់​ទៅ​លើ​​គ្រឿង​ស្រវឹង​ និង គ្រឿង​ញៀន​គ្រប់​ប្រភេទ ។
ត្រេកអរចំពោះភរិយាខ្លួនជាការប្រពៃ ប៉ុន្តែការលេងល្បែងស្រី រមែងជួបផលអវិជ្ជមានជាច្រើនដូចជា ខូចខាតទ្រព្យដែលមានស្រាប់ ខានបានរកទ្រព្យថ្មី មានបញ្ហាទាស់ទែងគ្នាជារឿយៗ ដើរលេងចោលទ្រព្យសម្បត្តិ ខានថែទាំគ្រួសារ (អាចជាហេតុធ្វើឲ្យប្រពន្ធផិតក្បត់ក៏មាន ) ខូចកិត្តិយសខ្លួន និង វង្សត្រកូល មានរឿងអាស្រូវច្រើនមិនចេះចប់ សុខភាពចុះថយជាលំដាប់ ប្រឈមមុខនឹងការឆ្លងជំងឺផ្សេងៗ ជាពិសេសរោគសង្គម និង កាមរោគ។
អ្នកលេងល្បែងស្រានាំមកនូវគុណវិបត្តិយ៉ាងច្រើនដូចជា វិនាសទ្រព្យសម្បត្តិដែលមានស្រាប់ ខាតពេលមិនបានរកទ្រព្យថ្មី និង ខានប្រកបការងារផ្សេងៗ មានរឿងរ៉ាវច្រើន បង្កការឈ្លោះទាស់ទែង និង អំពើហិង្សាញឹកញាប់ និយាយស្តីគ្មានសតិ គ្មានសុជីវធម៌ បាត់បង់សីលធម៌ ខូចភាពថ្លៃថ្នូរ (អាចឲ្យគេមើលងាយដល់កូន ប្រពន្ធ និង វង្សត្រកូល) មិនបានថែគ្រួសារ ខ្សោយប្រាជ្ញា និង ខ្សោយសុខភាពជាលំដាប់ ។
ល្បែងភ្នាល់គ្រប់យ៉ាងក៏ធ្វើឲ្យស្រកស្រុតស្រយុតរបូតទ្រព្យសម្បត្តិ យ៉ាងលឿនរហូតលក់កេរមរតក និង ប្រព្រឹត្តខុសផ្សេងៗទៀត ដូចជាសំណូកសូកប៉ាន់ ពុករលួយ និង ចោរកម្ម នាំឲ្យមានទំនាស់បែកបាក់គ្រួសារ ខូចកេរ្តិ៍ឈ្មោះ ធ្វើឲ្យអ្នកដទៃអស់ទំនុកចិត្ត (គេមើលងាយដល់កូនចៅ) ។ ហេតុនេះ ល្បែងស្រី ល្បែងស្រា និង ល្បែងស៊ីសង ល្បែងមួយណាក៏ជាប្រមុខនៃក្តីវិនាសទី៨ ។

ទី ៩ - បុរស​មិនត្រេកអរនឹងប្រពន្ធខ្លួន

ការ​រួម​ភេទ​គឺ​ជា​កាតព្វកិច្ច​របស់​មនុស្ស, សត្វ និង រុក្ខជាតិ​ដើម្បី​បន្ត​ពូជពង្ស​​​មនុស្ស, សត្វ និង រុក្ខ​ជាតិ​នោះ​នៅ​លើ​ផែន​ដី​​ ។ ចំពោះ​មនុស្ស ការ​រួមភេទ​ដើរ​តួ​​លើស​ពី​ការ​បន្ត​ពូជ​ពង្ស​ទៀត ។ សត្វ និង រុក្ខជាតិ​មាន​ពេលវេលា​របស់​ពួក​គេ​ក្នុង​ការ​រួមភេទ​ដើម្បី​បន្ត​ពូជពង្ស​របស់​គេ ។ ប៉ុន្តែ​ចំពោះ​មនុស្ស លើស​ពី​តួនាទី​បន្ត​ពូជពង្ស មនុស្ស​​​រួម​ភេទ​ដើម្បី​ជា​ការ​កម្សាន្ត​សប្បាយ ឬ​ពង្រឹង​ចំណង​មិត្តភាព​​រវាង​ស្វាមី​និង​ភរិយា ដើម្បី​​ទាក់ទាញ​ឪពុកម្តាយ​ឲ្យ​ចូលរួម​​ក្នុង​ការ​ចិញ្ចឹម​បីបាច់​ថែ​រក្សា​កូនៗ​របស់​ពួក​គេ ​។ ជា​ធម្មជាតិ មនុស្ស​ប្រុស​ក៏​ដូច​ជា​សត្វ​ឈ្មោល​ដែរ ពួក​គេ​រមែង​ចង់​រួម​ភេទ​ជាមួយ​នឹង​មនុស្ស​ស្រី​ច្រើន​រូប ​ព្រោះ​ចំណង់​ក្នុង​ការ​បន្ត​ពូជ​របស់​ខ្លួន​​ផង និង ការ​កម្សាន្ត​សប្បាយ​ផង ។ ការ​រស់​នៅ​ជា​គូ​ស្វាមី​ភរិយា​មួយ​ទល់​នឹង​មួយ​គឺ​ជារឿង​របស់​មនុស្ស​សម័យ​ទំនើប​នៅ​ក្នុង​វប្បធម៌​របស់​មនុស្ស​​មួយ​ភាគ​ធំ ។ នៅ​ក្នុង​វប្បធម៌​នៃ​ជនជាតិ​ខ្លះៗ មនុស្ស​ប្រុស​បាន​និង​កំពុង​ជ្រើស​យក​មនុស្ស​ស្រី​ច្រើន​រូប​ធ្វើ​ជា​ភរិយា ឧទាហរណ៍​នៅ​ក្នុង​វប្បធម៌​របស់​​ជនជាតិ​ដែល​កាន់​សាសនា​អ៊ិស្លាម ឬ​ពួក​អ្នក​កាន់​សាសនា​​គ្រិស្ត​នៃ​និកាយ​ម៉័រម៉ឹន ឬ​និកាយ​ស្មបន្ទាល់​ព្រះយេហូវ៉ា​ជាដើម ។ ចំពោះ​មនុស្ស​ប្រុស​ដែល​រស់​នៅ​ក្នុង​បណ្តា​ប្រទេស​ដែល​មាន​ច្បាប់​ហាម​ឃាត់​ឲ្យ​មាន​តែ​ប្តី​ឬ​ប្រពន្ធ​មួយ ថ្វី​ត្បិត​តែ​ពួក​គេ​មិន​យក​ប្រពន្ធ​ច្រើនមែន​ ប៉ុន្តែ​ពួក​គេ​បែរ​ជា​អាច​ទៅ​រួ​មភេទ​ជាមួយ​ស្ត្រី​រកស៊ី​ផ្លូវ​ភេទ​ដើម្បី​កម្សាន្ត​សប្បាយ ។ ការ​ធ្វើ​ដូច្នោះ​នឹង​នាំ​ឲ្យ​មនុស្ស​ប្រុស​ទាំង​នោះ​បង់​ខាត​ទ្រព្យសម្បត្តិ និង ពេលវេលា ថែម​ទាំង​កើត​ជំងឺ​ឆ្លង​តាម​ផ្លូវ​ភេទ​​ដូច​ជា​ជំងឺ​ស្វាយ ប្រមេះ ឬ​អេដស៍​ជា​ដើម ។ ដូច្នេះ​ហើយ​ទើប​ព្រះពុទ្ធ​ទ្រង់​ទូន្មាន​ថា បុរស​ដែល​មិនត្រេកអរនឹងប្រពន្ធខ្លួន​គឺ​ជាប្រមុខនៃក្តិវិនាសទី ៩ ។

ទី ១០ - បុរសចាស់​​យក​​ស្រីក្មេង​ធ្វើ​ជា​ភរិយា

មនុស្ស​ចាស់​ដែល​​​សម្រេច​ចិត្ត​ជ្រើសរើស​យក​មនុស្ស ​​ដែលមាន​អាយុ​ក្មេង​ជាង​ខ្លួន​ធ្វើ​ជា​គូ​កំណាន់ ​តែង​ជួប​ប្រទះ​ទុក្ខ​​​​ទោមនស្ស​ ។ ឧទាហរណ៍ ប្រសិន​បើ​មនុស្ស​ប្រុស​ចាស់​ម្នាក់​សម្រេច​ចិត្ត​ជ្រើស​រើស​យក​ស្ត្រី​​វ័យ​ក្មេង​ម្នាក់​មក​ធ្វើ​ជា​ភរិយា បុរស​​ចាស់​នោះ​ច្បាស់​ជា​ចំណាយ​ពេល​វេលា​ច្រើន​ដើម្បី​ផ្គាប់ចិត្ត​ភរិយា​ក្មេង ​។ នៅ​ក្នុង​បរិបទ​ដូច​គ្នា ស្ត្រី​ចាស់​ម្នាក់​ដែល​សម្រេច​ចិត្ត​ជ្រើសរើស​យក​មនុស្ស​ប្រុស​វ័យ​ក្មេង​ម្នាក់​ធ្វើ​ជា​ស្វាមី ក៏​នឹង​ជួប​ទុក្ខ​ទោមនស្ស​ច្រើន​មិន​ខុស​គ្នា​ដែរ ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ មិន​មែន​ការ​សម្រេច​ចិត្ត​បែប​នេះ​សុទ្ធ​តែ​ជា​រឿង​មិន​ល្អ​ទាំង​អស់​នោះ​ឡើយ ។ ប្រសិន​បើ​គូ​ស្នេហ៍​ទាំង​ពី​រ​ជា​មនុស្ស​មាន​ចិត្ត​ស្មោះ​ និង សណ្តោស​ចំពោះ​គ្នា​​ពិត​ប្រាកដ​មែន​ នោះ​ពួក​គេ​នឹង​មាន​សុភមង្គល​អស់​មួយ​ជីវិត ។ មាន​ឧទាហរណ៍​​ច្រើន​ណាស់​សម្រាប់​​​ឆ្លុះ​បញ្ចាំង និង ទូន្មាន​មនុស្ស​ជំនាន់​ក្រោយ​​ឲ្យ​ចេះ​សម្រេច​ចិត្ត​ត្រឹមត្រូវ​ទាក់​ទង​នឹង​ការ​ជ្រើស​រើស​គូ​កំណាន់​ខុស​វ័យ​គ្នា​នេះ ។ ​ដូច្នេះ​ទើប​មាន​ពាក្យ​ទូន្មាន​ថា បុរស​​ឬ​ស្ត្រី​​វ័យចំណាស់​ដែល​សម្រេច​ចិត្ត​ជ្រើស​យក​ស្ត្រី​ឬ​បុរស​វ័យ​ក្មេង​ធ្វើ​ជា​ភរិយា​ឬ​ស្វាមី គឺ​ជា​ប្រមុខ​នៃ​ក្តី​វិនាស ទី ១០ ។

ទី ១១ - ការ​ជ្រើសរើស​យក​ស្ត្រី​ ​ឬ​​បុរស​ដែល​​ជា​មនុស្ស​​​ខ្ជះខ្ជាយ​ធ្វើ​ជា​គូ​កំណាន់​

ការ​សម្រេច​ចិត្ត​​ជ្រើសរើស​មនុស្ស​ម្នាក់​​​ធ្វើ​ជា​មិត្ត​ភក្តិ​​គឺ​ជា​រឿង​សំខាន់​​ ។ ​លើស​ពី​នោះ​ទៀត ការ​សម្រេច​ចិត្ត​​ជ្រើស​រើស​មនុស្ស​ប្រុស​ឬ​ស្រី​ម្នាក់​​​ធ្វើ​ជា​​ស្វាមី ​ឬ​ភរិយា​ពិត​ជា​រឿង​សំខាន់​​យ៉ាង​ខ្លាំង​​​នៅ​ក្នុង​ជីវិត​របស់​គ្រហស្ថ ។ ប្រសិន​បើ​ជ្រើស​រើស​ខុស បុគ្គល​នោះ​នឹង​ជួប​ប្រទះ​ទុក្ខ​លំបាក​ទាំង​ផ្លូវ​ចិត្ត និង ផ្លូវកាយ ។ ឧទាហរណ៍ ប្រសិន​បើ​បុគ្គល​ម្នាក់​ជ្រើស​គូកំណាន់​ចិត្ត​ដែល​ជា​មនុស្ស​ល្ងង់​ខ្លៅ បុគ្គល​នោះ​នឹង​​រលាយ​បង់​ទាំង​ទ្រព្យ​សម្បត្តិ និង កិត្តិយស ។ ប្រពៃណី​ខ្មែរ និង ប្រពៃណី​ជនជាតិ​មួយ​ចំនួន​នៅ​លើ​ពិភពលោក ​​បាន​បណ្តោយ​ឲ្យ​ឪពុក​ម្តាយ​ ឬ​​ចាស់​ព្រឹទ្ធាចារ្យ​ ជា​អ្នក​សម្រេច​ចិត្ត​ជំនួស​យុវជន​​ក្នុង​ការ​ជ្រើស​រើស​គូស្រករ ។ ការ​ធ្វើ​ដូច្នេះ​មិន​មែន​សុទ្ធ​តែ​បាន​ផល​ល្អ​គ្រប់​ពេល​នោះ​ទេ ។ ដូច្នេះ​ ជនជា​បណ្ឌិត​គួរ​ជៀសវាង​​ការ​​សម្រេច​ចិត្ត​ខុស​​ក្នុង​ការ​ជ្រើស​យក​មនុស្ស​ប្រុស​ឬ​មនុស្ស​ស្រី​ម្នាក់​មក​ធ្វើ​ជា​គូគាប់ ។ ​នេះ​គឺ​​ជាប្រមុខនៃក្តីវិនាសទី១១ ។

ទី ១២ - ជន​កើតក្នុងត្រកូលក្សត្រ​ប្រាថ្នា​ចង់​ធ្វើ​ជា​ស្តេច​

បុគ្គល​​ដែល​​កើត​នៅ​ក្នុង​ត្រកូល​ក្សត្រ​ (ឬ​អ្នក​ដឹកនាំ) ​​មាន​ចិត្តលោភលន់​ ចង់​​បាន​អំណាច និង គំនរ​ទ្រព្យ​សម្បត្តិ ។ ជន​ទាំង​នោះ​គ្មាន​ចំណេះ​វិជ្ជា គ្មាន​សមត្ថភាព និង ទ្រព្យសម្បត្តិ ប៉ុន្តែ​បែរ​ជា​មាន​ចិត្ត​ចង់​ឡើង​គ្រងរាជសម្បត្តិ ។ ប្រវត្តិសាស្ត្រ​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា ជន​ទាំង​នោះ​មួយ​ចំនួន​បាន​បង្កើត​​ក្រុម​បក្ស​ និង បង្ក​ចលនា​តស៊ូ​បដិវត្ត​ដើម្បី​ផ្តួល​រំលំ​ស្តេច​កំពុង​គ្រងរាជ​សម្បត្តិ ​។ នៅ​ពេល​បាន​អំណាច​នៅ​ក្នុង​កណ្តាប់​ដៃ ជន​ទាំង​នោះ​​មិន​គិត​គូរ​​ដល់​ការ​កសាង​ជាតិ កសាង​សមត្ថភាព និង អប់រំ​កែលម្អ​ប្រជារាស្ត្រ​ឲ្យ​បាន​សេចក្តី​សុខ-ចម្រើន​ទេ ។ ជា​លទ្ធផល​ប្រទេសជាតិ​ធ្លាក់​​ចូល​ក្នុង​ភាព​អន្តរាយ រលាយ​ទ្រព្យ​សម្បត្តិ ប្រជារាស្ត្រ​ធ្លាក់​ក្នុង​​ទុរ្ភិក្ស ក្រីក្រ ស្រេក​ឃ្លាន ​។ ទី​បំផុត​ សង្គ្រាម​​​កាប់​សម្លាប់​គ្នា​​បាន​កើត​ឡើង​​បន្ត​បន្ទាប់​គ្មាន​ទី​បញ្ចប់ ។
នៅក្នុងការឆ្លើយនឹងប្រស្នារបស់មនុស្ស និង ទេវតា ព្រះសម្មាសម្ពុទ្ធបានត្រាស់សម្ដែងថា ប្រមុខនៃក្តីវិនាស មាន ១២ ប្រការ​យ៉ាង​នេះ​ឯង ។
កំណត់​សំគាល់
(១) សំណាង = ការសាង គឺទង្វើដែលគេធ្វើ ឬ អ្វីដែលជាសមិទ្ធផលនៃការសាង ដូច្នេះពាក្យថា ព្រេងសំណាង មិន​មែន​សំដៅ​លើ​បុណ្យ​ពីជាតិមុនតែម្យ៉ាងឡើយ គឺមានន័យ ថា អ្វីទាំងឡាយណាដែលគេបានធ្វើហើយពីកាលមុន ដោយរួមទាំងពីអតីតជាតិ និង ក្នុងជាតិនេះ ដូចជាកាលពីខែមុន ឆ្នាំមុន ជាដើមផងដែរ ។ ឧទាហរណ៍ ចំណេះវិជ្ជាដែលយើងបានសិក្សាហើយ ក៏​ចាត់​ទុក​ជា​ព្រេង​សំណាង​មួយ​ដែរ ។ បើបុគ្គលណានិយាយថា ពឹងលើសំណាង មានន័យថា ពឹងលើអ្វីដែលគេធ្វើ ។
អត្ថបទៈ https://km.wikipedia.org/  https://buddhistcircle123.wordpress.com/