ព្រះនាមដើម
និល ទៀង
ព្រះនាមពេញ
សម្ដេចព្រះមហាសង្ឃរាជា គណធិបតី សិរីបរមបពិត្រ ជាសង្ឃនាយកតិលកលោកាចរិយោត្ដមបរមមេធសង្ឃជេដ្ឋា មហាសង្ឃរាជា ធម្មិកវរោត្ដមបរមបពិត្រ ដ៏ជាអធិបតីព្ធដ៏គណសង្ឃក្នុងក្រុងកម្ពុជា ជេដ្ឋារដ្ឋាមហាឥន្ទបត្តនគរបវរបូរីរម្យឧត្ដមរាជបនិជាមហាមគ្គនាយក
ប្រសូត
ព.ស.២៣៦៨/គ.ស.១៨២៤
សុគត
ព.ស.២៤៥៧/គ.ស.១៩១៣
ឋានៈ
សម្ដេចព្រះសង្ឃរាជ
ពីព.ស.
ព.ស.២៤០១ ដល់ ព.ស.២៤៥៧
បន្តដោយ
កែ អ៊ុក
| ព្រះរាជជីវប្រវត្តិ |
ព្រះអង្គទ្រង់ប្រសូត នៅថ្ងៃសៅរ៍ ៧កើត ខែអាសាធ ឆ្នាំវក ឆស័ក ព.ស.២៣៦៨ គ.ស.១៨២៤ ក្នុងស្រុកពោធិព្រះបាទ ខេត្តកៀនស្វាយ (ស្រុកកៀនស្វាយ ខេត្តកណ្ដាល បច្ចុប្បន្ន)។ ព្រះអង្គជាបុត្រច្បងនៃ បិតានាម និល មាតានាម ឡឹក។| ការភៀសព្រះកាយនៅស្រុកសៀម |
ក្នុងគ.ស.១៨៣១ កាលនោះកុមារទៀង ទើបតែ អាយុបាន៨ឆ្នាំ ទ័ពយួន និងសៀម បានពើបប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លា នៅតំបន់កៀនស្វាយដើម្បីដណ្ដើមយកស្រុកខ្មែរ។ គ្រួសារសម្ដេចទៀងទាំងប៉ុន្មាន ត្រូវទ័ពសៀមចាប់កេណ្ឌកៀរយកទៅស្រុកសៀម ទុកធ្វើជាទាសាទាសី។ កុមារទៀង និងជីដូន ត្រូវគេបញ្ជូនឲ្យទៅរស់នៅឯទីក្រុងបាងកក។ នៅទីនោះកុមារទៀង បានជួបនឹងមាម្នាក់ឈ្មោះ ពៅ ជាអាមាត្យរបស់ព្រះបាទសម្ដេចព្រះ អង្គ ដួង កាលព្រះអង្គនៅជាព្រះអង្គម្ចាស់ដែលសៀមកេណ្ឌកៀរយកទៅធ្វើជាឈ្លើយ ដែរ។ ចំណែកគ្រួសារសម្ដេចមួយផ្នែកទៀត ត្រូវសៀមបញ្ជូនទុកឲ្យរស់នៅ ស្រុកមង្គលបុរី ក្នុងខេត្តបាត់ដំបង។| ការសាងព្រះផ្នួស |
ព្រះអង្គមានព្រះជន្មបាន១១ឆ្នាំ ក្នុងឆ្នាំមមី ឆស័ក ព.ស.២៣៧៨ គ.ស.១៨៣៤ បានបំពេញផ្នួសជាសាមណេរ នាវត្តមួយនៅទីក្រុងបាងកក។ព្រះជន្មបាន២១វស្សា ក្នុងឆ្នាំរោង ព.ស.២៣៨៨ គ.ស.១៨៤៤ សម្ដេចព្រះន័ងក្លៅ ព្រះចៅក្រុងសៀម ទ្រង់ព្រះរាជានុញ្ញាតឲ្យសាមណេរ ទៀង ចូលបំពេញឧបសម្បទា ក្នុងនាគខ្នានព្រះរាជទ្រព្យ នៅវត្តព្រះស្រីរតនសាស្ដាររាម គឺវត្តព្រះកែវមក៌ត ក្រុងបាងកក។
| ការយាងត្រឡប់មកប្រទេសកម្ពុជាវិញ |
ព្រះជន្មបាន២៦វស្សា ក្នុងឆ្នាំរកា ឯកស័ក ព.ស.២៣៩៣ គ.ស.១៨៤៩ ព្រះអង្គបានទៅថ្វាយព្រះពរលាសម្ដេចព្រះន័ងក្លៅ ត្រឡប់មកប្រទេសកម្ពុជាវិញ។ លុះមកដល់ប្រទេសកម្ពុជាហើយ ព្រះបាទហរិរក្សរាមាឥស្សរាធិបតី ព្រះអង្គ ដួង ទ្រង់សូមនិមន្តឲ្យគង់នៅប្រទេសកម្ពុជា ហើយទ្រង់បានធ្វើព្រះរាជសុភអក្សរ ថ្វាយសម្ដេចព្រះន័ងក្លៅ។| សម្ដេចព្រះសង្ឃរាជនៃក្រុងកម្ពុជាធិបតី |
ព្រះជន្មបាន៣៤វស្សា ក្នុងឆ្នាំម្សាញ់ នពស័ក ព.ស.២៤០១ គ.ស.១៨៧៥ ព្រះបាទសម្ដេចព្រះហរិរក្សរាមាឥស្សរាធិបតី ព្រះអង្គ ដួង ទ្រង់បានលើកព្រះព្រហ្មមុនី និល ទៀង ឲ្យគ្រងទីសម្ដេចព្រះមហាសង្ឃរាជាក្រុងកម្ពុជា។លុះរំលងពីនោះមកបានមួយឆ្នាំ ព.ស.២៤០២ គ.ស.១៨៥៨ ព្រះបាទសម្ដេចព្រះហរិរក្សរាមាឥស្សរាធិបតីព្រះអង្គ ដួង បានតាំងសម្ដេចព្រះមហាសង្ឃរាជ និល ទៀង ជាស្ដេចសង្ឃពេញទី ហើយបានរៀបចំពិធីថ្វាយទឹកក្លស់ទឹកស័ង្ខ នៅក្រុងឧត្ដង្គមានជ័យ មានគោរម្យងារជា “សម្ដេចព្រះមហាសង្ឃរាជា គណធិបតី សិរីបរមបពិត្រ ជាសង្ឃនាយកតិលកលោកាចរិយោត្ដមបរមមេធសង្ឃជេដ្ឋា មហាសង្ឃរាជា ធម្មិកវរោត្ដមបរមបពិត្រ ដ៏ជាអធិបតីព្ធដ៏គណសង្ឃក្នុងក្រុងកម្ពុជា ជេដ្ឋារដ្ឋាមហាឥន្ទបត្តនគរបវរបូរីរម្យឧត្ដមរាជបនិជាមហាមគ្គនាយក” សម្រេចកិច្ចអស់ទ្រទ្រង់សង្ឃព្រះរាជាគណៈទាំង៤សម្រាប់។
| សម្ដេចព្រះសង្ឃរាជនៃព្រះមហាក្សត្រ៣ព្រះអង្គ |
សម្ដេចព្រះមហាសង្ឃរាជ និល ទៀង ព្រះអង្គមានឋានន្តរស័ក្ដិជាមហាសង្ឃរាជ នៅក្នុងរាជ្យ៣គឺ៖▪ ព្រះបាទសម្ដេចព្រះហរិរក្សរាមាឥស្សរាធិបតីព្រះអង្គ ដួង
▪ ព្រះបាទសម្ដេចព្រះ នរោត្ដម ព្រះចៅក្រុងកម្ពុជាធិបតី
▪ ព្រះបាទសម្ដេចព្រះ ស៊ីសុវត្ថិ ព្រះចៅក្រុងកម្ពុជាធិបតី
| ព្រះទិវង្គត |
ព្រះជន្មបាន៩០វស្សាគត់ នៅក្នុងឆ្នាំឆ្លូវ ព្រះអង្គទ្រង់សោយទិវង្គត នៅថ្ងៃព្រហស្បតិ៍ ២កើត ខែអស្សុជ ឆ្នាំឆ្លូវ បញ្ចស័ក ព.ស.២៤៥៧ ត្រូវនឹងថ្ងៃទី២ ខែតុលា គ.ស.១៩១៣ វេលាម៉ោង១២និង៤០នាទីអាធ្រាត ដោយព្រះរោគជរាពាធ នៅព្រះរាជតំណាក់វត្តឧណ្ណាលោម ក្រុងភ្នំពេញ៕
សូមនមស្សការ/ជំរាបសួរ អាត្មាតាមរកប្រវត្តិអ្នកប្រាជ្ញអស់រយៈពេលដ៏យូរទើបតែពើបប្រទះ អាត្មាសូមចម្លងយកដាក់ក្នុងវេបសាយ ទុកគ្រាន់សម្រាប់សិក្សា សមពុំសមក៏សូមអភ័យទោស ទុកជាមុន ពិតជាល្អមែន ។
ReplyDelete