វិធីសមាទានសីល
១០ បែបអ្នកកាន់សីល ១០ ឧបាសក ឧបាសិកា អ្នករក្សាសីល១០ ត្រូវកោរសក់ បើមានពុកមាត់
ពុកចង្កា ក៏ត្រូវកោរផងដែរ។ ត្រូវកាត់ក្រចកដៃ ក្រចកជើង ឲ្យស្មើនឹងសាច់ ។
ត្រូវស្លៀកពាក់ស ឬពានា សំពត់សផងក៏បាន តាមគួរដល់ការលៃលកឲ្យសមរម្យតាមសុភាពបុរសនិងស្ត្រី
។ សីលកើតមានឡើងដោយសារវិរតីចេតនា ពុំមែនដោយសារ កោរសក់ ស្លៀកពាក់សទេ ក៏ពិតមែនហើយ
ប៉ុន្តែការកោរសក់ ស្លៀកពាក់សនេះជាប្រវេណីមួយសម្រាប់គ្រហស្ថអ្នកកាន់សីល ១០ ។
ក្នុងព្រះពុទ្ធសាសនា ជាគ្រឿងសម្គាល់ឲ្យឃើញប្លែកពីគ្រហស្ថទាំងពួង ទាំងជាភ័ស្តុតាង
ដល់ផ្លូវចិត្តរបស់គ្រហស្ថអ្នកកាន់សីល ១០ នោះផងទៀត ។
ប៉ុន្តែកុំយល់ថាដូចគ្នានឹងអ្នកស្លៀកពាក់សតាមធម្មតា ឬអ្នកដែលកោរសក់
កោរពុកចង្កាធម្មតា ឥតបានសមាទានកាន់សីលនោះសោះឡើយ ។
អ្នកកាន់សីលនិងអ្នកមិនកាន់សីលមានសភាពផ្សេងផ្ទុយគ្នាដោយផ្លូវចិត្ត ដោយចរិយា និងគុណសម្បត្តិ
សូម្បីអ្នកកាន់សីលផងគ្នា ក៏គង់ផ្សេងទីទៃពីគ្នា ដោយថ្នាក់សីលធម៌ដែរ ។
ភិក្ខុមានសីលខ្ពស់ជាងសាមណេរ ។ សាមណេរមានសីលខ្ពស់ជាងគ្រហស្ថអ្នកកាន់សីល ១០ ។
គ្រហស្ថអ្នកកាន់សីល ១០ មានថ្នាក់ខ្ពស់ជាងអ្នកកាន់សីល ៨ ។ អ្នកកាន់សីល ៨
មានថ្នាក់ខ្ពស់ជាងអ្នកកាន់សីល ៥ ។ អ្នកកាន់សីលទាំងនះ សុទ្ធតែគួរគារពគ្នាតាមលំដាប់
ថ្នាក់សីល ទាំងតាមលំដាប់ ថ្នាក់អាយុវស្សាក្មេង ចាស់ ហើយនិង គុណសម្បត្តិផងទៀត
ទើបសមគួរតាមលំអានគន្លង គារវធម៌ក្នុងព្រះពុទ្ធសាសនា និងបោរាណិកធម៌ក្នុងកាលព្រេងនាយ
។ សូម្បី សត្វតិរច្ឆានធំតូចដូចយ៉ាង សត្វទទា ស្វា ដំរី ដែលចេះគោរពគ្នាតាមថ្នាក់អាយុចាស់ក្មេងក៏អាចបានសុគតិភពជាទិដ្ឋានុគតិឲ្យមនុស្សយកតម្រាប់បានដែរ
។ វិធីសមាទានសីល ១០ ដូចតទៅនេះ អ្នកទទួលកាន់តាមសិក្ខាបទ ១០ មុននឹងទទួល
គប្បីសូត្រនមស្ការថ្វាយបង្គំរំឭកដល់គុណព្រះរតនត្រ័យដោយសង្ខេបជាមុន រួចហើយត្រូវ
សូមនូវ ទសសីល ព្រមទាំងព្រះត្រ័យសរណគមន៍ចំពោះនឹងភិក្ខុដែលខ្លួននឹងសមាទានថា៖ ឧកាស
អហំ (មយំ) ភន្តេ តិសរណេន សហ ទស សីលានិ យាចាមិ (យាចាម) អនុគ្គហំ កត្វា សីលំ ទេថ មេ
(នោ) ភន្តេ ។ សូមគោរព, បពិត្រព្រះករុណាដ៍ចំរើន ខ្ញុំព្រះករុណា
(ខ្ញុំព្រះករុណាទាំងឡាយ) សូមនូវសីល ទាំងឡាយ ១០ មួយអន្លើដោយព្រះត្រៃសរណគមន៍ផង ទានប្រោស
សូមព្រះករុណា មេត្តាធ្វើនូវសេចក្តីអនុគ្រោះឲ្យនូវសីល ដល់ខ្ញុំព្រះករុណា
(ដល់ខ្ញុំព្រះករុណាទាំងឡាយ) ។ ទុតិយម្បិ អហំ(មយំ) ភន្តេ តិសរណេន សហ ទស សីលានិ
យាចាមិ (យាចាម) អនុគ្គហំ កត្វា សីលំ ទេថ មេ(នោ) ភន្តេ ។ សូមគោរព, បពិត្រព្រះករុណាដ៍ចំរើន
ខ្ញុំព្រះករុណា (ខ្ញុំព្រះករុណាទាំងឡាយ) សូមនូវសីលទាំងឡាយ ១០
មួយអន្លើដោយព្រះត្រៃសរណគមន៍ផង ទានប្រោស សូមព្រះករុណា
មេត្តាធ្វើនូវសេចក្តីអនុគ្រោះឲ្យនូវសីល ដល់ខ្ញុំព្រះករុណា
(ដល់ខ្ញុំព្រះករុណាទាំងឡាយ) អស់វារៈជាគម្រប់ ពីរ ដងផង ។ តតិយម្បិ អហំ(មយំ) ភន្តេ
តិសរណេន សហ ទស សីលានិ យាចាមិ (យាចាម)អនុគ្គហំ កត្វា សីលំ ទេថ មេ(នោ) ភន្តេ ។
សូមគោរព, បពិត្រព្រះករុណាដ៍ចំរើន ខ្ញុំព្រះករុណា (ខ្ញុំព្រះករុណាទាំងឡាយ)
សូមនូវសីលទាំងឡាយ ១០ មួយអន្លើដោយព្រះត្រៃសរណគមន៍ផង ទានប្រោស សូមព្រះករុណា
មេត្តាធ្វើនូវសេចក្តីអនុគ្រោះឲ្យនូវសីល ដល់ខ្ញុំព្រះករុណា (ដល់ខ្ញុំព្រះករុណាទាំងឡាយ)
អស់វារៈជាគម្រប់ បី ដងផង ។ ចំណាំៈ ពាក្យនៅក្នុងវង់ក្រចក សម្រាប់គ្នាច្រើនតាំងពី ២
នាក់ឡើងទៅ នឹងសូមតែម្នាក់ ត្រូវប្រើពាក្យទាំងនោះជំនួសវិញ ។
ប៉ុន្តែបើសូត្រសូមទាំងអស់គ្នា ត្រូវថា អហំ…យាចាមិ…មេ
ដូចអ្នកសមាទានតែម្នាក់ដែរ ។ លោកអ្នកឲ្យសីល គួរពោលពាក្យថាៈ យមហំ វទាមិ តំ វទេហិ
អាត្មាពោលនូវពាក្យណា ចូរអ្នកពោលនូវពាក្យនោះ ។ បើឧបាសកឧបាសិកាច្រើនគ្នា តាំងពី ២
នាក់ឡើងទៅ, លោកអ្នកឲ្យសីលត្រូវថាៈ យមហំ វទាមិ, តំ វទេថ
អាត្មាពោលនូវពាក្យណា ចូរអ្នកទាំងឡាយពោលនូវពាក្យនោះ ។ អ្នកទទួលសីលត្រូវតបថា អាម
ភន្តេ ព្រះករុណាទានប្រោស ។ លោកអ្នកឲ្យសីលសូត្រថាៈ នមោ តស្ស ភគវតោ អរហតោ
សម្មាសម្ពុទ្ធស្ស នមោ តស្ស ភគវតោ អរហតោ សម្មាសម្ពុទ្ធស្ស នមោ តស្ស ភគវតោ អរហតោ
សម្មាសម្ពុទ្ធស្ស ។
ប្រែថាៈ
រីកិរិយានមស្ការថ្វាយបង្គំនៃខ្ញុំព្រះករុណា ចូរមានដល់ព្រះដ៏មានព្រះភាគអង្គនោះ
ព្រះអង្គជាព្រះអរហន្តដ៏ប្រសើរ
ទ្រង់ត្រាស់ដឹងនូវញេយ្យធម៌ទាំងពួងដោយប្រពៃចំពោះព្រះអង្គឥត
មានគ្រូអាចារ្យណាប្រដៅព្រះអង្គឡើយ។ លោកឲ្យត្រៃសរណគមន៍តទៅទៀតៈ ពុទ្ធំ សរណំ គច្ឆាមិ
ខ្ញុំព្រះករុណា សូមដល់នូវព្រះពុទ្ធជាទីពឹងទីរឭក ។ ធម្មំ សរណំ គច្ឆាមិ
ខ្ញុំព្រះករុណា សូមដល់នូវព្រះធម៌ជាទីពឹងទីរឭក ។ សង្ឃំ សរណំ គច្ឆាមិ ខ្ញុំព្រះករុណា
សូមដល់នូវព្រះសង្ឃជាទីពឹងទីរឭក ។ ទុតិយម្បិ ពុទ្ធំ សរណំ គច្ឆាមិ ខ្ញុំព្រះករុណា
សូមដល់នូវព្រះពុទ្ធជាទីពឹងទីរឭកជាគម្រប់ពីរដងផង ទុតិយម្បិ ធម្មំ សរណំ គច្ឆាមិ
ខ្ញុំព្រះករុណា សូមដល់នូវព្រះធម៌ជាទីពឹងទីរឭកជាគម្រប់ពីរដងផង ទុតិយម្បិ សង្ឃំ សរណំ
គច្ឆាមិ ខ្ញុំព្រះករុណា សូមដល់នូវព្រះសង្ឃជាទីពឹងទីរឭកជាគម្រប់ពីរដងផង ។ តតិយម្បិ
ពុទ្ធំ សរណំ គច្ឆាមិ ខ្ញុំព្រះករុណា សូមដល់នូវព្រះពុទ្ធជាទីពឹងទីរឭកជាគម្រប់បីដងផង
។ តតិយម្បិ ធម្មំ សរណំ គច្ឆាមិ ខ្ញុំព្រះករុណា
សូមដល់នូវព្រះធម៌ជាទីពឹងទីរឭកជាគម្រប់បីដងផង ។តតិយម្បិ សង្ឃំ សរណំ គច្ឆាមិ
ខ្ញុំព្រះករុណា សូមដល់នូវព្រះសង្ឃជាទីពឹងទីរឭកជាគម្រប់បីដងផង ។ តិសរណគ្គហណំ
បរិបុណ្ណំ ការទទួលត្រៃសរណគមន៍ ចប់បរិបូណ៌ហើយ ។ អ្នកទទួលសីលត្រូវតបថា អាម ភន្តេ
ព្រះករុណាទានប្រោស ។
រួចលោកឲ្យ សីល ១០
ដូចតទៅ៖
១ បាណាតិបាតា
វេរមណីសិក្ខាបទំ សមាទិយាមិ ខ្ញុំព្រះករុណាសូមសមាទាន នូវសិក្ខាបទ
គឺចេតនាជាហេតុវៀរចាកកិរិយាធ្វើនូវសត្វមានជីវិតឲ្យធ្លាក់ចុះកន្លង
គឺសម្លាប់សត្វ ។
២ អទិន្នាទានា
វេរមណីសិក្ខាបទំ សមាទិយាមិ ខ្ញុំព្រះករុណាសូមសមាទាន នូវសិក្ខាបទ គឺ
ចេតនាជាហេតុវៀរចាកកិរិយាកាន់យកនូវវត្ថុដែលគេមិនបានឲ្យ ដោយកាយឬដោយវាចា ។
៣ អព្រហ្មចរិយា
វេរមណីសិក្ខាបទំ សមាទិយាមិ ខ្ញុំព្រះករុណាសូមសមាទាន នូវសិក្ខាប
គឺចេតនាជាហេតុវៀរចាកកិរិយាប្រព្រឹត្តនូវធម៌ មិនប្រសើរ គឺសេពនូវមេថុធម្ម ។
៤ មុសាវាទា
វេរមណីសិក្ខាបទំ សមាទិយាមិ ខ្ញុំព្រះករុណាសូមសមាទាន នូវសិក្ខាបទគឺ
ចេតនាជាហេតុវៀរចាកកិរិយាពោលនូវពាក្យកុហក
។
៥
សុរាមេរយមជ្ជប្បមាទដ្ឋានា វេរមណីសិក្ខាបទំ សមាទិយាមិ ខ្ញុំព្រះករុណាសូម
សមាទាន នូវសិក្ខាបទ
គឺចេតនាជាហេតុវៀរចាកហេតុជាទីតាំងនៃសេចក្តីប្រមាទ គឺផឹកនូវទឹក
ស្រវឹង គឺសុរានិងមេរ័យ ។
៦ វិកាលភោជនា
វេរមណីសិក្ខាបទំ សមាទិយាមិ ខ្ញុំព្រះករុណាសូមសមាទាននូវសិក្ខាបទ
គឺចេតនាជាហេតុវៀរចាកកិរិយាបរិភោគនូវភោជនាហារក្នុងកាលខុស ។
៧
នច្ចគីតវាទិតវិសូកទស្សនា វេរមណីសិក្ខាបទំ សមាទិយាមិ ខ្ញុំព្រះករុណាសូមសមាទាន
នូវសិក្ខាបទ គឺចេតនាជាហេតុវៀរចាកកិរិយារាំ ច្រៀង ប្រគំ និងការមើលល្បែងផ្សេងៗ ដែល
ជាសត្រូវដល់កុសលធម៌ ។ ៨ មាលាគន្ធវិលេបនធារណបណ្ឌនវិភូសនដ្ឋានា វេរមណីសិក្ខាបទំ
សមាទិយាមិ
ខ្ញុំព្រះករុណាសូមសមាទាន នូវសិក្ខាបទ
គឺចេតនាជាហេតុវៀរចាកការទ្រទ្រង់ ការប្រដាប់
និងការតាក់តែងស្អិតស្អាងរាងកាយ
ដោយផ្កាកម្រង គ្រឿងក្រអូប និងគ្រឿងលាបផ្សេងៗ ។
៩ ឧច្ចាសយនមហាសយនា
វេរមណីសិក្ខាបទំ សមាទិយាមិ
ខ្ញុំព្រះករុណាសូមសមាទាន នូវសិក្ខាបទ
គឺចេតនាជាហេតុវៀរចាក សេនាសនៈដ៏ខ្ពស់ហួស
ប្រមាណ និងសេនាសនៈដ៏ប្រសើរ ។
១០ ជាតរូបរជតប្បដិគ្គហណា
វេរមណីសិក្ខាបទំ សមាទិយាមិ
ខ្ញុំព្រះករុណាសូមសមាទាន នូវសិក្ខាបទ គឺចេតនាជាហេតុវៀរចាកការកាន់យកនូវមាសនិង
ប្រាក់ដោយខ្លួនឯង
ឬប្រើអ្នកដទៃឲ្យទទួលកាន់យក ហើយត្រកអរចំពោះមានិងប្រាក់នោះ ។
ឥមានិ ទស សិក្ខាបទានិ
អប្បមាទេន សម្មារក្ខិតព្វំ អ្នក(អ្នកទាំងឡាយ) ត្រូវរក្សាដោយប្រពៃ
នូវសិក្ខាបទទាំងឡាយ ១០
នេះកុំបីធ្វេសប្រហែសឡើយ ។
អ្នកសមាទានត្រូវទទួលថា អាម ភន្តេ
ព្រះករុណា ទានប្រាស ។
លំដាប់មកទៀត
លោកអ្នកឲ្យសីល សំដែងអានិសង្សសីលឲ្យស្ដាប់ សីលេន សុគតឹ យន្តិ សីលេន ភោគសម្បទា សីលេន
និព្វុតឹ យន្តិ តស្មា សីលំវិសោធយេ សត្វទាំងឡាយ ទៅកាន់ស្ថានសួគ៌បាន ក៏ព្រោះសីល
សត្វទាំងឡាយបានបរិបូណ៌ដោយភោគៈ ក៏ព្រោះសីល សត្វទាំងឡាយ បានទៅកាន់ទីរំលត់ទុក្ខ
គឺព្រះនិព្វាន ក៏ព្រោះសីល ព្រោះហេតុនោះ បុគ្គលជាសប្បុរស
គប្បីជម្រះនូវសីលឲ្យបរិសុទ្ធ កុំឲ្យសៅហ្មង ។ អ្នកសមាទានត្រូវទទួលថា សាធុ ប្រពៃហើយ
។ ចប់វគ្គទទួលសីល ១០
លោកអ្នកឲ្យសីលសំដែងអំពីអានិសង្សសង្ខេបឲ្យស្ដាប់តទៅទៀត
កិកីវ អណ្ឌំ ចមរីវ វាលធឹ បិយំវ បុត្តំ នយនំវ ឯកកំ តថេវ សីលំ អនុរក្ខមានកា សុបេសលា
ហោថ សទា សគារវា ។ សត្វត្រដេវ៉ិច រក្សានូវស៊ុតវា យ៉ាងណាមិញ សត្វចាមរី
រក្សានូវកន្ទុយវា យ៉ាងណាមិញ មាតារក្សានូវបុត្រាតែមួយយ៉ាងណាមិញ ជនមានភ្នែកតែម្ខាង
រក្សានូវភ្នែក យ៉ាងណាមិញ អ្នកទាំងឡាយ កំពុងរក្សាសីល
ជាអ្នកមានសីលជាទីស្រឡាញ់ក្រៃលែង ចូរជាអ្នកប្រកបដោយសេចក្ដីគោរពសីល ឲ្យបានសព្វកាល
ក៏យ៉ាងនោះដែរ ។
សីលំ យោគិស្ស លង្ការោ
សីលំ យោគិស្ស មណ្ឌនំ សីលេហិ លង្កតោ យោគី មណ្ឌនេ អគ្គតំ គតោ ។ សីលជាគ្រឿងអលង្ការរបស់យោគី
( អ្នករក្សាសីល ) សីលជាគ្រឿងប្រដាប់របស់យោគី ។យោគី ( អ្នករក្សាសីល )
ប្រដាប់តាក់តែងដោយសីលទាំងឡាយ បានដល់នូវភាវៈ ខ្ពង់ខ្ពស់ក្នុងការប្រដាប់ ( រាងកាយ )
។ សីលនេះ លោករាប់ថាជាអរិយទ្រព្យ ជាទ្រព្យប្រសើរវិសេសថ្លៃថ្លា ជាងទ្រព្យមានវិញ្ញាណ
ឥតវិញ្ញាណ របស់បុរសស្រ្តីក្នុងលោកនេះ ។ ពុទ្ធសាសនិកជន អ្នកមានវិចារណញ្ញាណ
គង់នឹងអាចរិះរេឃើញយល់បានដោយងាយ ៗ ។
ន បុប្ផគន្ធោ បដិវាតមេតិ
ចន្ទនំ តគរមល្លិកា វា សតញ្ច គន្ធោ បដិវាតមេតិ សពា្វ ទិសា សប្បុរិសោ បវាយតិ ។
ក្លិនផ្កាបក់ផ្សាយច្រាសខ្យល់ពុំបានទេ ក្លិនខ្លឹមចន្ទន៍ក្ដី ក្លិនក្រស្នាក្ដី
ក្លិនផ្កាម្លិះរួតក្ដី បក់ផ្សាយច្រាសខ្យល់ពុំបានទេ មានតែក្លិននៃពួកសប្បុរស (
អ្នកមានសីល ) ទើបបក់ផ្សាយច្រាសខ្យល់បានសប្បុរស ( អ្នកមានសីល )
បក់ផ្សាយក្លិនសព្វទិសានុទិស ទាំងបណ្ដោយនិងបញ្ច្រាសខ្យល់បាន ។
ចន្ទនំ តគរំ វាបិ ឧប្បលំ
អថ វស្សិកី ឯតេសំ គន្ធជាតានំ សីលគន្ធោ អនុតរោ ។ ខ្លឹមចន្ទន៍ក្ដី ក្រស្នាក្ដី
ផ្កាឧប្បលក្ដី ផ្កាម្លិះលាក្ដី ( សុទ្ធតែមានក្លិនក្រអូប ) ប៉ុន្តែក្លិនសីល
ក្រអូបក្រៃលែងជាងគន្ធជាតទាំងនុ៎ះ ( ឥតមានគន្ធជាតអ្វីក្រអូបដូចក្លិនសីលឡើយ ) ។
ទសសិក្ខាបទំ និដ្ឋិតំ ចប់សិក្ខាបទ ១០
ចម្លងពីសៀវភៅ “គិហិបដិបត្តិ
ពិស្ដារ”
No comments:
Post a Comment