Tuesday, January 10, 2012

ធម៌ខន្តី

អត្តនោបិ បរេសញ្ច អត្ថាវហោវ ខន្តិកោ សគ្គមោក្ខគមំ មគ្គំ អារុឡ្ហោ ហោតិ ខន្តិកោ ។
អ្នកមានខន្តីជាអ្នកនាំមកនូវប្រយោជន៍ដល់ខ្លួនផង, ដល់ជនទាំងឡាយឯទៀតផង, អ្នកមានខន្តីជាអ្នកឡើងទៅកាន់ផ្លូវជាទីទៅនៃ ឋានសួគ៌ និង ព្រះនិព្វាន ។
ខន្តិប្រែថា«សេចក្តីអត់ធន់»ចំពោះសត្វនិងសង្ខារ។សេចក្តីអត់ធន់ចំពោះហេតុដែលនាំឲ្យកើត លោភៈ ទោសៈ មោហៈ , សេចក្តីអត់ធន់ចំពោះអក្កោសវត្ថុពាក្យជេរទាំង ១០ យ៉ាងគឺៈ ចោរោសិ ឯងជាចោរ១, ពាលោសិ  ឯងជាមនុស្សពាល ១, មូឡ្ហេសិ ឯងជាមនុស្សវង្វេង ១, ឱដ្ឋោសិ ឯងជាសត្វអូដ្ឋ ១, គោណោ សិ ឯងជាសត្វគោ ១, គទ្រភោសិ ឯងជាសត្វលា ១, នេរិយកោសិ ឯងជាសត្វនរក ១, តិរច្ឆាន គតោសិ ឯងជាសត្វតិរច្ឆាន ១, សុគតិ មិនមានដល់ឯង ១, ទុគ្គតិ មានដល់ឯង ជាប្រាកដ ១ ។ ក្នុងលោកសន្និវាសនេះ គេនិយមរាប់យកនូវរតនវត្ថុគឺមាស ពេជ្រ ត្បូង និលជាដើមថាជាវត្ថុល្អប្រសើរបំផុតតាមលោកនិយម,ប៉ុន្តែក្នុងព្រះពុទ្ធសាសនាព្រះសម្មាសម្ពុទ្ធទ្រង់ លើកយកធម៌ខន្តីសេចក្តីអត់ធន់នេះថាជាវត្ថុប្រសើរបំផុតជាងគ្រឿងអាភរណៈទាំងនោះទៅទៀត។ ខន្តិជាគូគ្នានឹងសោរច្ចៈដែលប្រែថាសេចក្តីស្ងប់ស្ងៀម,ធម៌ទាំងពីរយ៉ាងនេះ តែង តែអាស្រ័យគ្នា ឃ្លាតចេញពីគ្នាមិនបានដូចជាមនុស្សខ្វាក់និងខ្វិនដូចជាមេសោរនិងកូនសោរតោងតែអាស្រ័យគ្នាទៅ វិញទៅមក។ខន្តិសេចក្តីអត់ធន់ជាគុណធម៌ល្អបំផុតដែលធ្វើឲ្យកល្យាណធម៌ដ៏ទៃកើតឡើងបាន ដូចជាសីលសមាធិធម៌ទាំងនេះដែលកើតឡើងក៏អាស្រ័យខន្តិជាមូលដ្ឋានឬជាប្រភពដែរពីព្រោះ ខន្តិជាមាតារបស់កល្យាណធម៌ ទាំងពួង បើខ្វះខន្តិធម៌នេះធម៌ដទៃក៏ពុំអាចតាំងនៅ បានឡើយ ។
បុគ្គលណាមានខន្តិធម៌នេះនៅប្រចាំក្នុងខន្ធសន្តានហើយបុគ្គលនោះតែងបានជាទីស្រឡាញ់ ពេញចិត្តនៃទេវតានិងមនុស្សទាំងឡាយទោះបីបុគ្គលនោះទៅកាន់ទីណាៗក៏ដោយតែងតែមិនមាន គ្រោះថ្នាក់ឧបសគ្គអ្វីឡើយ។លោកសរសើរខន្តិសេចក្តីអត់ធន់មានន័យច្រើនយ៉ាងសូម្បីព្រះសម្មា សម្ពុទ្ធអង្គណាក៏ដោយ ដែលបានត្រាស់ដឹងឡើងក្នុងលោកទ្រង់សំដែង សរសើរគុណរបស់ ខន្តីថា ខន្តិ បរមំ តបោតីតិក្ខា ថាខន្តិជាតបៈដ៏ ឧត្តមតែមួយបទប៉ុណ្ណេះ ។ ពាក្យថា «តបៈ» ប្រែថា ការ ដុតកំដៅ ឬដុតបំផ្លាញ,ពួកធម៌ណាដែលកើតឡើង ហើយដុតបំផ្លាញបាបធម៌ជាសត្រូវដល់ខ្លួនបាន, ធម៌អម្បាលនោះបានឈ្មោះថាតបៈធម៌ទាំងអស់,ដូចជាកុសលកម្មបថជាតបៈធម៌របស់អកុសលកម្មបថ ព្រោះកាលបើអកុសលកម្មបថកើត ឡើង អាចកំចាត់ អកុសលកម្មឲ្យអន្តរធានទៅបាន, រីរិយៈ (សេចក្តីព្យាយាមប្រឹងប្រែង)កើតឡើងក៏អាចកំចាត់បង់សេចក្តីខ្ជិលច្រអូសឲ្យអន្តរធានទៅបានប៉ុណ្ណេះជាដើម ។ ឯខន្តិ (សេចក្តីអត់ធន) នោះបានជាហៅថាតបៈធម៌ព្រោះ ដុតបាបធម៌ ទាំងឡាយមានទោសៈ សេចក្តីប្រទូស កោធៈ សេចក្តីក្រោធព្យាបាទ សេចក្តីបំផ្លាញគេឲ្យវិនាស វិហឹសា សេចក្តីបៀតបៀន គេអរតិសេចក្តីមិនត្រេកអរ បដិឃៈ សេចក្តីថ្នាំងថ្នាក់ជាដើមដែលជាសាខារបស់ ទោសឲ្យរីងស្ងួតទៅ ឯទោសៈដែលចំរើនធំថ្លោសឡើងបានក៏អាស្រ័យសេចក្តីមិនអត់ធន់ដូចអ្នកដែលទាស់ទែងខ្វែងគំនិត គ្នាដូចភិក្ខុក្រុងកោសម្ពីដែលអាស្រ័យនឹងហេតុបន្តិចបន្តួចសព្វបើគ្រាន់តែទឹកសល់អំពីការ ជម្រះលាមកប៉ុណ្ណោះក៏មិនប្រឹងអត់ធន់ផ្តួចផ្តើមឲ្យកើតជាវិវាទរោលរាលធំធាត់ឡើងដរាបដល់បែកសាមគ្គី អំពីគ្នា បើប្រសិនជាខាងណាអត់បាន រឿងរ៉ាវនោះក៏នឹងស្ងប់រម្ងាប់ទៅមិនខានឡើយ ។
ខន្តិសេចក្តីអត់ធន់នេះមិនមែនមានគុណចំពោះតែខ្លួនឯងទេរមែងមានគុណប្រយោជន៍ដល់អ្នកដទៃផង ហេតុដូច្នេះបានជាលោកសរសើរថាជាតបធម៌ដ៏សំខាន់ក្រៃពេក។មួយទៀតអ្នកមានខន្តីជាអ្នកអាចឡើងទៅកាន់ ផ្លូវជាទីទៅកាន់ឋានសួគ៌និងព្រះនិព្វាន បាន ។

No comments:

Post a Comment