Monday, May 20, 2013

កំណើតសត្វ​ ៤​ យ៉ាង​

សូម​ញាតិ​ញោម​ បង​ប្អូន​ប្រុស​ស្រី​ មិត្ត​អ្នក​អា​ន​ទាំង​ឡាយ​ សិក្សា​អំពី​កំណើត​សត្វ​ឲ្យ​បាន​ដឹង​ជា​មុន​សិន​ ។

តាម​ពិត​កំណើត​សត្វ​លោក​មាន​ច្រើន​ប្រ​ភេទ​ណាស់​ ដូច​ដែល​ព្រះ​ដ៏​មាន​បុណ្យ​របស់​យើង​ត្រាស់​ថា​ (សត្តា-អនន្ហា) ប៉ុន្តែ​ក្នុង​បញ្ហា​នេះ​ដែរ​ ព្រះ​អង្គ​ក៏​ទ្រង់​បាន​បំព្រួញ​ ឲ្យ​ខ្លី​មក​ដើម្បី​ឲ្យ​យើង​ទាំង​អស់​គ្នា​ងាយ​ស្រួល​សិក្សា​ គឺ​មាន​ត្រឹម​តែ​ ៤​ ប្រភេទ​ប៉ុណ្ណោះ​ គឺ៖

ទី​១. អណ្ឌ​ជៈ  សំដៅ​យក​សត្វ​ទាំងឡាយ​ណា​ ដែល​មក​អា​ស្រ័យ​ក្នុង​ស៊ុត​ ហើយ​ចោះ​ទំលាយ​សំបក​ស៊ុត​ចេញ​មក​ ដូច​ជាៈ សត្វ​ចាប លលក​ មាន់​ ទា​ ជា​ដើម ។
ទី​២. ជលាពុជៈ   សំដៅ​យក​សត្វ​ទាំង​ឡាយ​ណា​ ដែល​សម្រាល​ចេញ​ពី​ផ្ទៃ​មេ​ ឬ​ផ្ទៃ​ម្តាយ​ដូច​ជា​ សត្វ​មនុស្ស​ គោ​ ក្របី​ ឆ្កែ​ ឆ្មា​ ដំរី សេះ​ ជា​ដើម ។
ទី​៣. សំសេទជៈ   សំដៅ​យក​សត្វ​ទាំង​ឡាយ​ណា​ ដែល​កើ​ត​មក​ពី​ត្រី​ស្អុយ សាក​សព ឬ​ក្នុងវត្ថុ​ជូរ​ផ្អូម ជា​ដើម​ ដូច​ជា​ សត្វ​ដង្កូវ​ ។ល។​
ទី​៤. ឧ​ប​បា​តិ​កៈ​   សំដៅ​យក​សត្វ​ទាំង​ឡាយ​ណា​ ដែល​កើត​ឡើង​ឯង​ៗ​ ដូច​ជា​ ទេ​វតា​ នរក​ ប្រេត ជាដើម ។

បើ​សង្កេត​លើ​មាតិ​ការធម៌​ខាង​ដើម​ចាប់​ពី​មាតិ​កាទី ១ រហូត​ដល់​ទី​ ៣​ ខ្ញុំ​ជឿ​ជាក់​ថា​ញាតិ​ញោម​បង​ប្អូន​ប្រុស​ស្រី​ មិត្ត​អ្នក​អាន​ពិ​ត​ជា​មិន​ឆ្ងល់​ទេ​ ប៉ុន្តែ​រឿង​ដែល​អាថ៌​កំបាំង​ ហើយ​គួរ​ឲ្យ​ងឿង​ឆ្ងល់​នោះ គឺ​មាតិ​កា​ធម៌​ទី​ ៤​ គឺ​ កំណើត​សត្វ​ទី ៤​ ដូច្នេះ​ សូម​ឆ្លៀត​ឱ​កាស​លើក​យក​កំណើត​សត្វ​ទី ៤​ មក​អធិប្បាយ​ដូច​តទៅៈ

អធិ​ប្បាយ​កំណើត​សត្វ​ទី​ ៤
នៅ​ក្នុង​ព្រះ​អដ្ឋ​កថា​ បាន​សម្តែង​ថា​ បណ្តា​សត្វ​ទាំង​ឡាយ​ សត្វ​ប្រ​ភេទ​មួយ​កើត​ឡើង​ដោយ​ចោះ​សំបក​ស៊ុត​ចេញ​ ប្រភេទ​មួយ​កើត​ឡើង​ដោយ​អា​ស្រ័យ​វត្ថុ​ស្មោ​កគ្រោក​ ប្រភេទ​មួយ​កើត​ឡើង​ដោយ​សារ​ការ​សម្រាល​ចេញ​ពី​ផ្ទៃ​មេ ឬ​ផ្ទៃ​ម្តាយ ។ តែ​សម្រាប់​សត្វ​ឧ​បបាតិកៈ​ កំណើត​ គឺ​សំ​ដៅ​ដល់​សត្វ​ដែល​កើត​ឡើង​ដោយ​ពុំ​អា​ស្រ័យ​ហេតុ​ ដូច​សត្វ​ ៣​ ប្រភេទ​ខាង​លើ​ឡើយ​ ។

សត្វ​ពួក​នេះ​ វេលា​កើត​ក៏​កើត​ឡើង​ឯង​ៗ​ មាន​រូប​កាយ​ធំ​ឡើង​ភ្លាម​ៗ​ ។ សេចក្តី​អធិប្បាយ​យ៉ាង​នេះ​ យើង​គប្បី​យល់​ចូល​ចិត្ត​ថា​ ឧ​បបា​តិកៈ​កំណើត​ គឺ​ជា​កំណើត​ប្រ​ភេទ​មួយ​ ដែល​កើត​ឡើង​ដោយ​មិន​ចាំ​បាច់​មេ​បា​ឲ្យ​កំណើត​ឡើយ ។ អា​ស្រ័យ​ទៅ​លើ​ពុទ្ធ​ភា​សិត​ច្រើន​កន្លែង​ ស្តែង​ឲ្យ​ឃើញ​ថា​ ពួក​ទេវតា​និង​ពួក​នរក​ សុទ្ធ​តែ​ជាឧ​បបាតិកៈ​កំណើត​ ។



ម៉្យាង​ទៀត​ ក្នុង​អដ្ឋ​កថា​ដដែល​មាន​តួ​យ៉ាង​ថា ពួក​ទេ​វតា​ជា​ឧ​បបាតិ​កៈ​កំណើត​នេះ​ បាន​ដល់​ទេ​វតា​ចាតុម្ម​មហា​រាជិកា​រហូត​ដល់​ទេ​វតា​ជាន់​ខ្ពស់​ៗ​ឡើង​ទៅ​ជា ​លំដាប់ ។ ចំណែក​ភុម្ម​ទេវ​តា​ គឺ​ទេ​វតា​ដែល​ស្ថិត​នៅ​លើ​ផែន​ដី​នេះ​ រមែង​ប្រព្រឹត្ត​ទៅ​បា​ន​ទាំង​ ៤​ កំណើត​ ហើយ​លោក​បា​ន​បញ្ជាក់​បន្ថែម​ថា​ មនុស្ស​ខ្លះ​ក៏​ជា​ឧ​បបា​តិកៈ​កំណើត​ដែ​រ (​ដូ​ច​ជា​នាង​ចិញ្ចា​ជា​ដើម​) ។

ក្នុង​សេចក្តី​នេះ​ ខ្ញុំ​មិន​បាន​អធិប្បាយ​ឲ្យពិស្តារ​ទេ​ បើ​មិត្ត​អ្នក​អាន​ចង់​យល់​ច្បាស់​ អំពី​រឿង​ឧ​បបាតិ​កៈ​កំណើត​នេះ​ សូម​និ​មន្ត​និង​អញ្ជើញ​តាម​ដាន​នៅ​ក្នុង​អគ្គ​ញ្ញ​សូត្រ​ទៀត​ចុះ ។

ស្រង់​ចេញ​ពី​សៀវ​ភៅ " តើ​នរក​មាន​ដែរ​ឬ​ទេ? " រៀប​រៀង​ដោយ​ ភិក្ខុ វជិរប្ប​ញ្ញោ​ សាន-សុជា​

ដោយ​៥០០០​ឆ្នាំ​​  
http://www.5000-years.org/

Monday, April 29, 2013

ទង់ព្រះពុទ្ធសាសនា



ទង់​ព្រះពុទ្ធ​សាសនា​​បាន​​ធ្វើការ​​បង្ហាញ​​រូបរាង​​ ​និង​​ចាប់​​បង្ហូត​​នៅ​ក្នុង​​​ប្រទេស​​ខ្មែរ​គឺ​:​ ​នា​​ឧ៏កាស​បុណ្យ​​​ពាក់​​កណ្តាល​​សាសនា​​ ​ក្នុង​​ពុទ្ធ​សក​រាជ​​២៥០០​នៅ​ទី​​ក្រុង​​ភ្នំពេញ​​​គឺ​​ក្រោយ​​​​ពេល​​ដែល​​សម្តេច​​​​ព្រះសង្ឃ​​រាជ​​ ​ជួន​ ​​ណាត​ ​​យាង​​មក​ពី​​ប្រជុំ​មហា​​​សន្និបាត​​​ប្រមុខ​​ដឹក​សង្ឃ​​ពុទ្ធសាសនា​​​ទូទាំង​​ពិភពលោក​​ ​នា​​ប្រទេស​​ឥណ្ឌា​​រួច​​នោះ​​។​​
ទង់ព្រះពុទ្ធសាសនា មាន​ប្រាំពណ៌ ហើយ​ពណ៌​នីមួយៗ ​តំណាង​ព្រះរាជ​សកម្មភាព​​ព្រះសម្មា​សម្ពុទ្ធ​ និង​ផ្តល់​ជា​គតិ​អប់រំ​ដល់​ពុទ្ធ​សា​និក​ដូច​ត​ទៅ: 

* ពណ៌ខៀវ តំណាងអោយព្រះរាជសកម្មភាពព្រះពុទ្ធ កាលទ្រង់​ស្ម័គ្រ​ ព្រះទ័យ​​ឆ្កៀល​​ព្រះនេត្រ​ទាំង​សងខាង ​បូជា​ថ្វាយ​ដល់​ឥន្ទព្រាហ្មណ៏ ​ដើម្បី​​ប្រាថ្នា​ការ​ត្រាស់​ដឹង ​។​

តាមរយ:​ពណ៌ខៀវ ​តំណាង​ព្រះរាជ​សកម្មភាព​នេះ​ គឺចង់​អប់រំទូន្មាន​ពុទ្ធសាសនិក​ទាំងអស់​ឲ្យ​ ​មានភាពជ្រះ​ថ្លាហ៊ាន​លះបង់​វត្ថុជា​ទីស្រលាញ់​ដើម្បី​​​​ជួយ​សង្គ្រោះ​ជន​ស្រោច​ស្រង់​មនុស្ស​ពី​អន្លង់​ទុក្ខ ​ ពី​អន្លង់​អវិជ្ជា​ ឆ្ពោះ​ទៅ​កាន់​​ ទី​បរម​សុខ។

* ពណ៌លៀង​ តំណាង​ព្រះរាជសកម្មភាព​ព្រះពុទ្ធ​ ដែល​ទ្រង់​បាន​ពន្លះ​សាច់​ សម្រក់​ឈាម​​របស់​ព្រះអង្គ​ឲ្យដល់​ឥន្ទ្រ​ព្រាហ្មណ៏​ ដើម្បីបំពេញ​សាច់​ខ្វះខាត ​និង ​លាប​លន ​តុបតែង​លំអរ​​បង្គ្រប់​សាច់​បដិមា​ពុទ្ធ​អង្គ​ ដែល​ខ្វះ​ចន្លោះ​ បំណង​សម្រេច​ការ​ត្រាស់ដឹង ​។​

តាមរយ:​ពណ៌​តំណាងព្រះរាជសកម្មភាព​នេះ ​គឺចង់​បណ្តុំ​បណ្តាល​កម្លាំង​ សទ្ធា​​ដល់ ​ពុទ្ធ​បរិសទ្ធ​ឲ្យរួមគ្នា​ បរិច្ចាគអ្វីៗដែលខ្លួន​មាន ដើម្បីរួម​ចំណែក​​​កសាង​​បដិមា​ស្នងព្រះពុទ្ធ​អង្គ​ សម្រាប់​ទុកជា​ទីសក្ការ:​បូជា​តរៀងរហូត​ទៅ ។​

* ​ពណ៌ក្រហម​ តំណាង​កាល ​ដែលព្រះពុទ្ធ​ស្ម័គ្រ ព្រះហទ័យ​ពុះទ្រូង​រូង​ យក​ថ្លើម ​​និង​​ឈាម​តាមការ​ចង់បាន​របស់​ពេទ្យហ្ម​ ដើម្បី​យក​ទៅ​បឺត​ស្រូប​ពិសពស់​ពីព្រោះ​ព្រះ​​មាតា​ដែល​ត្រូវ​ពស់​អសិរ​ពិស​ចឹក​ ហើយ​តម្រូវ​ត្រង់​ឳសថ​  ​បែប​​នេះ​ ​ទើបសង្ក្រោះ​​អាយុជីវិត​ព្រះមាតា​ព្រះអង្គ​បាន ។​

តាមរយ:​ពណ៌ ​ព្រះរាជ​សកម្មភាព​នេះ ​គឺជា​ការផ្តល់ដំបូន្មាន​ពុទ្ធបរិស័ទ្ធ​ ត្រូវមាន​​​​​​​សន្តាន​​ចិត្ត​តបគុណ​មាតាបិតា​ដែល​ជា​ ” ព្រះរស់”​ អោយ​បាន​ល្អ​ទោះបី​​ជា​ខ្លួនត្រូវ​​លះបង់​ជីវិត​ក៏​ដោយ​។​

* ពណ៌គ្រាប់ខ្នុរ ឬ​ ហង្សបាទ ​តំណាងព្រះរាជសកម្មភាព​ព្រះពុទ្ធ​សម្រេច ​     ព្រះទ័យ​​​ប្រគល់​ជីវិត​អោយ​យក្សស៊ី ​ប្តូរនឹង​ជីវិតមា​តា​ដែល​យក្សចង់​ស៊ី ឲ្យ​លោក​​មាន​​ជីវិតរស់រាន​ត​ទៅ​ទៀត​។

តាមរយ:ពណ៌តំណាងព្រះរាជសកម្មភាពនេះ គឺចង់ធ្វើកា​អប់រំពុទ្ធ​សាសនិក​ឲ្យ​មាន​​ចិត្តកត្តញ្ញូកតវេទី​ចំពោះ​មាតាបិតា ​តាមរយ:​ការផ្គត់ផ្គង់​ ទំនុក​បម្រុង​បាយ​​ទឹក​ជូន​លោក​​ទាំង​ពីរ ​អោយបាន​ឆ្អែតឆ្អល់​មិនខ្លួន​ជាប្រ​ចាំ។​

* ពណ៌ស តំណាងព្រះរាជសកម្មភាព​ព្រះពុទ្ធ កាល​ដែលព្រះអង្គ​យោង​យក​កំណើត​​​ជា​​ព្រះវេស្សន្ត   ​ពេលនោះ​ទ្រង់បានប្រទាន​ដំរីស​ បច្ច័យនាគ​ជាដំរី​មង្គល ​នគរ​ស្រីពិរាស្រ្ត ​ទៅឲ្យ​​អ្នក​ស្រុក កលិង្គរាស្រ្ត​ ដើម្បីជួយ​ស្រោច​ស្រង់​រា​ស្រ្ត​នគរ​នោះ​ពីការរាំងស្ងួត​ពីទុរភិក្ស។​

តាមរយ:​ពណ៌តំណាងព្រះរាជ​សកម្មភាពនេះ​ គឺចង់អប់រំ ​ពុទ្ធបរិស័ទ្ធ​ឲ្យ​មាន​​ចិត្តចែក​​រំលែក​សេចក្តីសុខផ្ទាល់ខ្លួនដល់អ្នកស្រុកដ៏ទៃ ក្រៅពីជាតិ​ខ្លួន  សម្រាប់​ឲ្យ​​ពួកគេមាន​លិទ្ធភាពអាចរស់នៅសុខសាន្ត មិនប្រកាន់ពណ៌​        សំបុរ ​ជាតិ​សាសន៏ឡើយ។​

ប្រភព: 
 ដកស្រង់ពីសៀវភៅពុទ្ធិវប្បធ៌មទូទៅ 

ដោយ៥០០០ឆ្នាំ

Wednesday, April 3, 2013

វិធីសមាទានសិក្ខាបទ១០


វិធីសមាទានសីល ១០ បែបអ្នកកាន់សីល ១០ ឧបាសក ឧបាសិកា អ្នករក្សាសីល១០ ត្រូវកោរសក់ បើមានពុកមាត់ ពុកចង្កា ក៏ត្រូវកោរផងដែរ។ ត្រូវកាត់ក្រចកដៃ ក្រចកជើង ឲ្យស្មើនឹងសាច់ ។ ត្រូវស្លៀកពាក់ស ឬពានា សំពត់សផងក៏បាន តាមគួរដល់ការលៃលកឲ្យសមរម្យតាមសុភាពបុរសនិងស្ត្រី ។ សីលកើតមានឡើងដោយសារវិរតីចេតនា ពុំមែនដោយសារ កោរសក់ ស្លៀកពាក់សទេ ក៏ពិតមែនហើយ ប៉ុន្តែការកោរសក់ ស្លៀកពាក់សនេះជាប្រវេណីមួយសម្រាប់គ្រហស្ថអ្នកកាន់សីល ១០ ។ ក្នុងព្រះពុទ្ធសាសនា ជាគ្រឿងសម្គាល់ឲ្យឃើញប្លែកពីគ្រហស្ថទាំងពួង ទាំងជាភ័ស្តុតាង ដល់ផ្លូវចិត្តរបស់គ្រហស្ថអ្នកកាន់សីល ១០ នោះផងទៀត ។ ប៉ុន្តែកុំយល់ថាដូចគ្នានឹងអ្នកស្លៀកពាក់សតាមធម្មតា ឬអ្នកដែលកោរសក់ កោរពុកចង្កាធម្មតា ឥតបានសមាទានកាន់សីលនោះសោះឡើយ ។ អ្នកកាន់សីលនិងអ្នកមិនកាន់សីលមានសភាពផ្សេងផ្ទុយគ្នាដោយផ្លូវចិត្ត ដោយចរិយា និងគុណសម្បត្តិ សូម្បីអ្នកកាន់សីលផងគ្នា ក៏គង់ផ្សេងទីទៃពីគ្នា ដោយថ្នាក់សីលធម៌ដែរ ។ ភិក្ខុមានសីលខ្ពស់ជាងសាមណេរ ។ សាមណេរមានសីលខ្ពស់ជាងគ្រហស្ថអ្នកកាន់សីល ១០ ។ គ្រហស្ថអ្នកកាន់សីល ១០ មានថ្នាក់ខ្ពស់ជាងអ្នកកាន់សីល ៨ ។ អ្នកកាន់សីល ៨ មានថ្នាក់ខ្ពស់ជាងអ្នកកាន់សីល ៥ ។ អ្នកកាន់សីលទាំងនះ សុទ្ធតែគួរគារពគ្នាតាមលំដាប់ ថ្នាក់សីល ទាំងតាមលំដាប់ ថ្នាក់អាយុវស្សាក្មេង ចាស់ ហើយនិង គុណសម្បត្តិផងទៀត ទើបសមគួរតាមលំអានគន្លង គារវធម៌ក្នុងព្រះពុទ្ធសាសនា និងបោរាណិកធម៌ក្នុងកាលព្រេងនាយ ។ សូម្បី សត្វតិរច្ឆានធំតូចដូចយ៉ាង សត្វទទា ស្វា ដំរី ដែលចេះគោរពគ្នាតាមថ្នាក់អាយុចាស់ក្មេងក៏អាចបានសុគតិភពជាទិដ្ឋានុគតិឲ្យមនុស្សយកតម្រាប់បានដែរ ។ វិធីសមាទានសីល ១០ ដូចតទៅនេះ អ្នកទទួលកាន់តាមសិក្ខាបទ ១០ មុននឹងទទួល គប្បីសូត្រនមស្ការថ្វាយបង្គំរំឭកដល់គុណព្រះរតនត្រ័យដោយសង្ខេបជាមុន រួចហើយត្រូវ សូមនូវ ទសសីល ព្រមទាំងព្រះត្រ័យសរណគមន៍ចំពោះនឹងភិក្ខុដែលខ្លួននឹងសមាទានថា៖ ឧកាស អហំ (មយំ) ភន្តេ តិសរណេន សហ ទស សីលានិ យាចាមិ (យាចាម) អនុគ្គហំ កត្វា សីលំ ទេថ មេ (នោ) ភន្តេ ។ សូមគោរព, បពិត្រព្រះករុណាដ៍ចំរើន ខ្ញុំព្រះករុណា (ខ្ញុំព្រះករុណាទាំងឡាយ) សូមនូវសីល ទាំងឡាយ ១០ មួយអន្លើដោយព្រះត្រៃសរណគមន៍ផង ទានប្រោស សូមព្រះករុណា មេត្តាធ្វើនូវសេចក្តីអនុគ្រោះឲ្យនូវសីល ដល់ខ្ញុំព្រះករុណា (ដល់ខ្ញុំព្រះករុណាទាំងឡាយ) ។ ទុតិយម្បិ អហំ(មយំ) ភន្តេ តិសរណេន សហ ទស សីលានិ យាចាមិ (យាចាម) អនុគ្គហំ កត្វា សីលំ ទេថ មេ(នោ) ភន្តេ ។ សូមគោរព, បពិត្រព្រះករុណាដ៍ចំរើន ខ្ញុំព្រះករុណា (ខ្ញុំព្រះករុណាទាំងឡាយ) សូមនូវសីលទាំងឡាយ ១០ មួយអន្លើដោយព្រះត្រៃសរណគមន៍ផង ទានប្រោស សូមព្រះករុណា មេត្តាធ្វើនូវសេចក្តីអនុគ្រោះឲ្យនូវសីល ដល់ខ្ញុំព្រះករុណា (ដល់ខ្ញុំព្រះករុណាទាំងឡាយ) អស់វារៈជាគម្រប់ ពីរ ដងផង ។ តតិយម្បិ អហំ(មយំ) ភន្តេ តិសរណេន សហ ទស សីលានិ យាចាមិ (យាចាម)អនុគ្គហំ កត្វា សីលំ ទេថ មេ(នោ) ភន្តេ ។ សូមគោរព, បពិត្រព្រះករុណាដ៍ចំរើន ខ្ញុំព្រះករុណា (ខ្ញុំព្រះករុណាទាំងឡាយ) សូមនូវសីលទាំងឡាយ ១០ មួយអន្លើដោយព្រះត្រៃសរណគមន៍ផង ទានប្រោស សូមព្រះករុណា មេត្តាធ្វើនូវសេចក្តីអនុគ្រោះឲ្យនូវសីល ដល់ខ្ញុំព្រះករុណា (ដល់ខ្ញុំព្រះករុណាទាំងឡាយ) អស់វារៈជាគម្រប់ បី ដងផង ។ ចំណាំៈ ពាក្យនៅក្នុងវង់ក្រចក សម្រាប់គ្នាច្រើនតាំងពី ២ នាក់ឡើងទៅ នឹងសូមតែម្នាក់ ត្រូវប្រើពាក្យទាំងនោះជំនួសវិញ ។ ប៉ុន្តែបើសូត្រសូមទាំងអស់គ្នា ត្រូវថា អហំយាចាមិមេ ដូចអ្នកសមាទានតែម្នាក់ដែរ ។ លោកអ្នកឲ្យសីល គួរពោលពាក្យថាៈ យមហំ វទាមិ តំ វទេហិ អាត្មាពោលនូវពាក្យណា ចូរអ្នកពោលនូវពាក្យនោះ ។ បើឧបាសកឧបាសិកាច្រើនគ្នា តាំងពី ២ នាក់ឡើងទៅ, លោកអ្នកឲ្យសីលត្រូវថាៈ យមហំ វទាមិ, តំ វទេថ អាត្មាពោលនូវពាក្យណា ចូរអ្នកទាំងឡាយពោលនូវពាក្យនោះ ។ អ្នកទទួលសីលត្រូវតបថា អាម ភន្តេ ព្រះករុណាទានប្រោស ។ លោកអ្នកឲ្យសីលសូត្រថាៈ នមោ តស្ស ភគវតោ អរហតោ សម្មាសម្ពុទ្ធស្ស នមោ តស្ស ភគវតោ អរហតោ សម្មាសម្ពុទ្ធស្ស នមោ តស្ស ភគវតោ អរហតោ សម្មាសម្ពុទ្ធស្ស ។
 ប្រែថាៈ រីកិរិយានមស្ការថ្វាយបង្គំនៃខ្ញុំព្រះករុណា ចូរមានដល់ព្រះដ៏មានព្រះភាគអង្គនោះ
ព្រះអង្គជាព្រះអរហន្តដ៏ប្រសើរ ទ្រង់ត្រាស់ដឹងនូវញេយ្យធម៌ទាំងពួងដោយប្រពៃចំពោះព្រះអង្គឥត មានគ្រូអាចារ្យណាប្រដៅព្រះអង្គឡើយ។ លោកឲ្យត្រៃសរណគមន៍តទៅទៀតៈ ពុទ្ធំ សរណំ គច្ឆាមិ ខ្ញុំព្រះករុណា សូមដល់នូវព្រះពុទ្ធជាទីពឹងទីរឭក ។ ធម្មំ សរណំ គច្ឆាមិ ខ្ញុំព្រះករុណា សូមដល់នូវព្រះធម៌ជាទីពឹងទីរឭក ។ សង្ឃំ សរណំ គច្ឆាមិ ខ្ញុំព្រះករុណា សូមដល់នូវព្រះសង្ឃជាទីពឹងទីរឭក ។ ទុតិយម្បិ ពុទ្ធំ សរណំ គច្ឆាមិ ខ្ញុំព្រះករុណា សូមដល់នូវព្រះពុទ្ធជាទីពឹងទីរឭកជាគម្រប់ពីរដងផង ទុតិយម្បិ ធម្មំ សរណំ គច្ឆាមិ ខ្ញុំព្រះករុណា សូមដល់នូវព្រះធម៌ជាទីពឹងទីរឭកជាគម្រប់ពីរដងផង ទុតិយម្បិ សង្ឃំ សរណំ គច្ឆាមិ ខ្ញុំព្រះករុណា សូមដល់នូវព្រះសង្ឃជាទីពឹងទីរឭកជាគម្រប់ពីរដងផង ។ តតិយម្បិ ពុទ្ធំ សរណំ គច្ឆាមិ ខ្ញុំព្រះករុណា សូមដល់នូវព្រះពុទ្ធជាទីពឹងទីរឭកជាគម្រប់បីដងផង ។ តតិយម្បិ ធម្មំ សរណំ គច្ឆាមិ ខ្ញុំព្រះករុណា សូមដល់នូវព្រះធម៌ជាទីពឹងទីរឭកជាគម្រប់បីដងផង ។តតិយម្បិ សង្ឃំ សរណំ គច្ឆាមិ ខ្ញុំព្រះករុណា សូមដល់នូវព្រះសង្ឃជាទីពឹងទីរឭកជាគម្រប់បីដងផង ។ តិសរណគ្គហណំ បរិបុណ្ណំ ការទទួលត្រៃសរណគមន៍ ចប់បរិបូណ៌ហើយ ។ អ្នកទទួលសីលត្រូវតបថា អាម ភន្តេ ព្រះករុណាទានប្រោស ។
រួចលោកឲ្យ សីល ១០ ដូចតទៅ៖
១ បាណាតិបាតា វេរមណីសិក្ខាបទំ សមាទិយាមិ ខ្ញុំព្រះករុណាសូមសមាទាន នូវសិក្ខាបទ
   គឺចេតនាជាហេតុវៀរចាកកិរិយាធ្វើនូវសត្វមានជីវិតឲ្យធ្លាក់ចុះកន្លង គឺសម្លាប់សត្វ ។
២ អទិន្នាទានា វេរមណីសិក្ខាបទំ សមាទិយាមិ ខ្ញុំព្រះករុណាសូមសមាទាន នូវសិក្ខាបទ គឺ
         ចេតនាជាហេតុវៀរចាកកិរិយាកាន់យកនូវវត្ថុដែលគេមិនបានឲ្យ ដោយកាយឬដោយវាចា ។
៣ អព្រហ្មចរិយា វេរមណីសិក្ខាបទំ សមាទិយាមិ ខ្ញុំព្រះករុណាសូមសមាទាន នូវសិក្ខាប
          គឺចេតនាជាហេតុវៀរចាកកិរិយាប្រព្រឹត្តនូវធម៌ មិនប្រសើរ គឺសេពនូវមេថុធម្ម ។
៤ មុសាវាទា វេរមណីសិក្ខាបទំ សមាទិយាមិ ខ្ញុំព្រះករុណាសូមសមាទាន នូវសិក្ខាបទគឺ
         ចេតនាជាហេតុវៀរចាកកិរិយាពោលនូវពាក្យកុហក ។
៥ សុរាមេរយមជ្ជប្បមាទដ្ឋានា វេរមណីសិក្ខាបទំ សមាទិយាមិ ខ្ញុំព្រះករុណាសូម
         សមាទាន នូវសិក្ខាបទ គឺចេតនាជាហេតុវៀរចាកហេតុជាទីតាំងនៃសេចក្តីប្រមាទ គឺផឹកនូវទឹក
         ស្រវឹង គឺសុរានិងមេរ័យ ។
៦ វិកាលភោជនា វេរមណីសិក្ខាបទំ សមាទិយាមិ ខ្ញុំព្រះករុណាសូមសមាទាននូវសិក្ខាបទ
         គឺចេតនាជាហេតុវៀរចាកកិរិយាបរិភោគនូវភោជនាហារក្នុងកាលខុស ។
៧ នច្ចគីតវាទិតវិសូកទស្សនា វេរមណីសិក្ខាបទំ សមាទិយាមិ ខ្ញុំព្រះករុណាសូមសមាទាន នូវសិក្ខាបទ គឺចេតនាជាហេតុវៀរចាកកិរិយារាំ ច្រៀង ប្រគំ និងការមើលល្បែងផ្សេងៗ ដែល ជាសត្រូវដល់កុសលធម៌ ។ ៨ មាលាគន្ធវិលេបនធារណបណ្ឌនវិភូសនដ្ឋានា វេរមណីសិក្ខាបទំ សមាទិយាមិ
   ខ្ញុំព្រះករុណាសូមសមាទាន នូវសិក្ខាបទ គឺចេតនាជាហេតុវៀរចាកការទ្រទ្រង់ ការប្រដាប់
           និងការតាក់តែងស្អិតស្អាងរាងកាយ ដោយផ្កាកម្រង គ្រឿងក្រអូប និងគ្រឿងលាបផ្សេងៗ ។
៩ ឧច្ចាសយនមហាសយនា វេរមណីសិក្ខាបទំ សមាទិយាមិ
   ខ្ញុំព្រះករុណាសូមសមាទាន នូវសិក្ខាបទ គឺចេតនាជាហេតុវៀរចាក សេនាសនៈដ៏ខ្ពស់ហួស
           ប្រមាណ និងសេនាសនៈដ៏ប្រសើរ ។
១០ ជាតរូបរជតប្បដិគ្គហណា វេរមណីសិក្ខាបទំ សមាទិយាមិ
   ខ្ញុំព្រះករុណាសូមសមាទាន នូវសិក្ខាបទ គឺចេតនាជាហេតុវៀរចាកការកាន់យកនូវមាសនិង
          ប្រាក់ដោយខ្លួនឯង ឬប្រើអ្នកដទៃឲ្យទទួលកាន់យក ហើយត្រកអរចំពោះមានិងប្រាក់នោះ ។
ឥមានិ ទស សិក្ខាបទានិ អប្បមាទេន សម្មារក្ខិតព្វំ អ្នក(អ្នកទាំងឡាយ) ត្រូវរក្សាដោយប្រពៃ
           នូវសិក្ខាបទទាំងឡាយ ១០ នេះកុំបីធ្វេសប្រហែសឡើយ ។ 
                អ្នកសមាទានត្រូវទទួលថា  អាម ភន្តេ  ព្រះករុណា ទានប្រាស ។
លំដាប់មកទៀត លោកអ្នកឲ្យសីល សំដែងអានិសង្សសីលឲ្យស្ដាប់ សីលេន សុគតឹ យន្តិ សីលេន ភោគសម្បទា សីលេន និព្វុតឹ យន្តិ តស្មា សីលំវិសោធយេ សត្វទាំងឡាយ ទៅកាន់ស្ថានសួគ៌បាន ក៏ព្រោះសីល សត្វទាំងឡាយបានបរិបូណ៌ដោយភោគៈ ក៏ព្រោះសីល សត្វទាំងឡាយ បានទៅកាន់ទីរំលត់ទុក្ខ គឺព្រះនិព្វាន ក៏ព្រោះសីល ព្រោះហេតុនោះ បុគ្គលជាសប្បុរស គប្បីជម្រះនូវសីលឲ្យបរិសុទ្ធ កុំឲ្យសៅហ្មង ។ អ្នកសមាទានត្រូវទទួលថា សាធុ ប្រពៃហើយ ។ ចប់វគ្គទទួលសីល ១០
លោកអ្នកឲ្យសីលសំដែងអំពីអានិសង្សសង្ខេបឲ្យស្ដាប់តទៅទៀត កិកីវ អណ្ឌំ ចមរីវ វាលធឹ បិយំវ បុត្តំ នយនំវ ឯកកំ តថេវ សីលំ អនុរក្ខមានកា សុបេសលា ហោថ សទា សគារវា ។ សត្វត្រដេវ៉ិច រក្សានូវស៊ុតវា យ៉ាងណាមិញ សត្វចាមរី រក្សានូវកន្ទុយវា យ៉ាងណាមិញ មាតារក្សានូវបុត្រាតែមួយយ៉ាងណាមិញ ជនមានភ្នែកតែម្ខាង រក្សានូវភ្នែក យ៉ាងណាមិញ អ្នកទាំងឡាយ កំពុងរក្សាសីល ជាអ្នកមានសីលជាទីស្រឡាញ់ក្រៃលែង ចូរជាអ្នកប្រកបដោយសេចក្ដីគោរពសីល ឲ្យបានសព្វកាល ក៏យ៉ាងនោះដែរ ។
សីលំ យោគិស្ស លង្ការោ សីលំ យោគិស្ស មណ្ឌនំ សីលេហិ លង្កតោ យោគី មណ្ឌនេ អគ្គតំ គតោ ។ សីលជាគ្រឿងអលង្ការរបស់យោគី ( អ្នករក្សាសីល ) សីលជាគ្រឿងប្រដាប់របស់យោគី ។យោគី ( អ្នករក្សាសីល ) ប្រដាប់តាក់តែងដោយសីលទាំងឡាយ បានដល់នូវភាវៈ ខ្ពង់ខ្ពស់ក្នុងការប្រដាប់ ( រាងកាយ ) ។ សីលនេះ លោករាប់ថាជាអរិយទ្រព្យ ជាទ្រព្យប្រសើរវិសេសថ្លៃថ្លា ជាងទ្រព្យមានវិញ្ញាណ ឥតវិញ្ញាណ របស់បុរសស្រ្តីក្នុងលោកនេះ ។ ពុទ្ធសាសនិកជន អ្នកមានវិចារណញ្ញាណ គង់នឹងអាចរិះរេឃើញយល់បានដោយងាយ ៗ ។
ន បុប្ផគន្ធោ បដិវាតមេតិ ចន្ទនំ តគរមល្លិកា វា សតញ្ច គន្ធោ បដិវាតមេតិ សពា្វ ទិសា សប្បុរិសោ បវាយតិ ។ ក្លិនផ្កាបក់ផ្សាយច្រាសខ្យល់ពុំបានទេ ក្លិនខ្លឹមចន្ទន៍ក្ដី ក្លិនក្រស្នាក្ដី ក្លិនផ្កាម្លិះរួតក្ដី បក់ផ្សាយច្រាសខ្យល់ពុំបានទេ មានតែក្លិននៃពួកសប្បុរស ( អ្នកមានសីល ) ទើបបក់ផ្សាយច្រាសខ្យល់បានសប្បុរស ( អ្នកមានសីល ) បក់ផ្សាយក្លិនសព្វទិសានុទិស ទាំងបណ្ដោយនិងបញ្ច្រាសខ្យល់បាន ។
ចន្ទនំ តគរំ វាបិ ឧប្បលំ អថ វស្សិកី ឯតេសំ គន្ធជាតានំ សីលគន្ធោ អនុតរោ ។ ខ្លឹមចន្ទន៍ក្ដី ក្រស្នាក្ដី ផ្កាឧប្បលក្ដី ផ្កាម្លិះលាក្ដី ( សុទ្ធតែមានក្លិនក្រអូប ) ប៉ុន្តែក្លិនសីល ក្រអូបក្រៃលែងជាងគន្ធជាតទាំងនុ៎ះ ( ឥតមានគន្ធជាតអ្វីក្រអូបដូចក្លិនសីលឡើយ ) ។ ទសសិក្ខាបទំ និដ្ឋិតំ ចប់សិក្ខាបទ ១០
ចម្លងពីសៀវភៅ គិហិបដិបត្តិ ពិស្ដារ


Friday, February 22, 2013

ប្រវត្តិរបស់ព្រះពុទ្ធឃោសាចារ្យ



ឃោសកុមារកើតឡើង និងការសិក្សាត្រៃវេទ

រាប់អំពីកាលនៃការបរិនិព្វានរបស់ព្រះមានព្រះភាគ កន្លងទៅហើយបាន ៩៥៦ ព្រះវស្សា ។ ព្រះរាជាមួយព្រះអង្គទ្រង់ព្រះនាមថា មហានាម បានគ្រងរាជសម្បត្តិ ប្រកបដោយទសពិធរាជធម៌ក្នុងលង្កាទ្វីប ។ បានឮថា ក្នុងសម័យនោះឯង មានព្រាហ្មណ៍មាណពម្នាក់ កើតនៅក្នុងត្រកូលព្រាហ្មណ៍មួយ បិតា ឈ្មោះ កេសី ជារាជបុរោហិត មាតាឈ្មោះ កេសីនី មានលំនៅស្ថិតនៅក្នុងទីជិតនៃពោធិមណ្ឌល (កន្លែងត្រាស់ដឹងរបស់ព្រះសម្មាសម្ពុទ្ធ) ក្នុងមជ្ឈិមប្រទេសជម្ពូទ្វីប ។ក៏ព្រោះក្នុងវេលាដែលមាណពនោះ ប្រសូត្រមកពួកបរិវាររបស់ព្រាហ្មណ៍ មានទាសៈនិងកម្មករជាដើម បញ្ចេញសំឡេង សម្តែងភាពត្រេកអររីករាយយ៉ាងគឹកកង ដូច្នោះ ទើបគេដាក់ឈ្មោះឲ្យកុមារនោះថា ឃោសៈ ។ ទីខ្លះក៏ពោលថា មាណពនោះ កើតនៅក្នុងឃោសគ្រាម ទើបដាក់ឈ្មោះឲ្យថា ឃោសៈ ។ ឃោសៈមាណពនោះ ជាអ្នកដឹងវិជ្ជា និងក្បួនសិល្បៈទាំងពួងយ៉ាងជំនាញ ចេះចប់ត្រៃវេទយ៉ាងប្រាកដក្នុងលទ្ធិ បានត្រាច់ទៅដើម្បីសាកសួរនិងដោះស្រាយបញ្ហាវិជ្ជាសិល្បៈ ក្នុងស្រុកនិគម ជនបទ រាជធានីទាំងឡាយក្នុងជម្ពូទ្វីប។ ដឹងថា មានសមណព្រាហ្មណ៍ ដែលជាបណ្ឌិតនៅក្នុងទីណាៗ ក៏ចូលទៅធ្វើការសាកច្ឆាក្នុងទីនោះៗ បណ្ឌិតដទៃ(នោះៗ) មិនអាចឆ្លើយនៅបញ្ហា ដែលមាណពនោះ សួរបានឡើយ តែមាណពនោះ អាចឆ្លើយនូវបញ្ហារបស់បណ្ឌិតទាំងនោះៗដែលសួរហើយបាន ។

ឃោសមាណពជួបនឹងព្រះរេវតត្ថេរ

មាណពនោះ គ្របសង្កត់ពេញ ទូទាំងជម្ពូទ្វីបដោយអាការយ៉ាងនេះ រហូតមកដល់វត្តមួយ (ក៏បានស្នាក់នៅក្នុងបរិវេណវត្តនោះ) ។ក៏ក្នុងវត្តនោះ មានភិក្ខុនៅច្រើនរូប ព្រះរេវតៈ (ឬធម្មឃោសៈ) ជាសង្ឃត្ថេររបស់ភិក្ខុទាំងនោះ ជាព្រះមហាខីណាស្រព បានសម្រេចបដិសម្ភិទា អាចញាំញីបរប្បវាទបាន ។ គ្រានោះ កាលវេលាអាធ្រាត្រ ព្រាហ្មណ៍មាណព បានបរិវត្តបាតញ្ជលី (ស្វាធ្យាយ) នូវមន្តឲ្យមានបទបរិបូណ៌ និងឲ្យជាបរិមណ្ឌល ព្រះថេរៈស្តាប់នូវសំឡេងព្រាហ្មណ៍ ស្វាធ្យាមន្តក៏ជ្រាបចា “ព្រាហ្មណ៍នេះ ជាអ្នកមានបញ្ញាច្រើន” (រួចទើប) គិតថា ​”បើយើងទូន្មានឲ្យមករាប់អានព្រះពុទ្ធសាសនាបាន នឹងជាការល្អ” ទើបហៅ ព្រាហ្មណ៍នោះមក រួចសួរថា “ម្នាល់ព្រាហ្មណ៍អ្នកណាហ៎្នស្រែកជាសំឡេងដូចលា” ។ ឃោសៈព្រាហ្មណ៍នោះសួរថា “នែបព្វជិតដ៏ចម្រើនលោកដឹងនូវសំឡេងរបស់ ពួកលាឬ? ព្រះថេរៈតបថា “យើងដឹង” ។ ព្រាហ្មណ៍នោះ ទើបសួរព្រះថេរៈក្នុងគណ្ឋិដ្ឋាន (គឺមន្តដែលយល់បានលំបាក) ទាំងឡាយក្នុងគម្ពីរត្រៃវេទ ទាំងគម្ពីរឥតិហាសជាគម្ពីរទី ៥ ដែលខ្លួនឯងសម្លឹងមិនឃើញន័យឡើយ ទាំងអាចារ្យរបស់ខ្លួន ក៏មិនឃើញមកហើយផង ដែលព្រះថេរៈនោះ ដោយប្រក្រតីក៏ជាអ្នក ចេះចប់ត្រៃវេទហើយ មកដល់ឥឡូវនេះ ជាអ្នកបានសម្រេចនូវបដិសម្ភិទាទៀត ព្រោះហេតុនោះ សេចក្តីលំបាកក្នុងការឆ្លើយនូវបញ្ហាទាំងនោះ ទើបមិនមានដល់លោក ព្រោះដូច្នោះ ទើបព្រះថេរៈឆ្លើយនូវបញ្ហាទាំងនោះបានភ្លាម ។ ហើយពោលនឹងព្រាហ្មណ៍នោះថា “នែព្រាហ្មណ៍ដ៏ចម្រើន អ្នកសាកសួរយើងមកច្រើនហើយ ឥឡូវនេះ យើងនឹងសាកសួរនូវ បញ្ហាកម្មនឹងអ្នកមួយ អ្នកនឹងឆ្លើយបញ្ហាយើងបានឬទេ ? ” ព្រាហ្មណ៍តបថា “ខ្ញុំនឹងឆ្លើយមន្តនោះប្រគេនបាន លោកម្ចាស់ចូរសួរមកចុះ ” ទើបព្រះថេរៈសួរនូវបញ្ហាក្នុងគម្ពីរអភិធម្ម ចិត្តយមកៈ១ នេះថា “យស្ស ចិត្តំ ឧប្បជ្ជតិ ន​ និរុជ្ឈតិ តស្ស ចិត្តំ និរុជ្ឈិស្សតិ ន ឧប្បជ្ជិស្សតិ យស្ស វា បន ចិត្តំ និរុជ្ឈិស្សតិ ន ឧប្បជ្ជិស្សតិ តស្ស ចិត្តំ ឧប្បជ្ជតិ ន និរុជ្ឈតិ, ចិត្តរបស់បុគ្គលណា រមែងកើតឡើង រមែងមិនរលត់ ចិត្តរបស់បុគ្គលនោះ នឹងរលត់ នឹងមិនកើតឡើង ឬក៏ចិត្តរបស់បុគ្គលណា នឹងរលត់ នឹងមិនកើតឡើង ចិត្តរបស់បុគ្គលនោះ រមែងកើតឡើង រមែងមិនរលត់” ២ ។

អំពើ​ដែល​ព្រះ​តថាគត​ មិន​ចាំ​បាច់​រក្សា​ ឬ​រវាំង​ ៣


តីណិ​  តថាគតស្ស​  អរក្ខេយ្យានិ​  អំពើដែល​ព្រះតថាគត​ មិន​ចាំ​បាច់​រក្សា​ ឬ​រវាំង​ មាន​​ ៣​ យ៉ាង​ គឺ៖
១.​ បរិសុទ្ធកាយសមាចារោ​  អាវុសោ​  តថាគតោ​ ​ នត្ថិ​  តថាគតស្ស​  កាយទុច្ចរិតំ​  យំ​  តថាគតោ​  រក្ខេយ្យ​  មា​  មេ​  ឥទំ​  បរោ​  អញ្ញាសីតិ​  ម្នាល​អាវុសោ​ទាំង​ឡាយ​ ព្រះ​តថាគត​មាន​កាយសមាចារ​បរិសុទ្ធ​ ព្រះ​តថាគត​ គប្បី​រក្សា​នូវ​កាយទុច្ចរិត​ណា​ថា​ អ្នក​ដទៃ​កុំ​បី​ដឹង​នូវ​កាយទុច្ចរិត​របស់​អញ​នេះ​ កាយទុច្ចរិត​នោះ​មិន​មាន​ដល់​ព្រះ​តថាគត​ឡើយ
២.​ បរិសុទ្ធវចីសមាចារោ​  អាវុសោ​  តថាគតោ​  នត្ថិ​  តថាគតស្ស​  វចីទុច្ចរិតំ​  យំ​  តថាគតោ​  រក្ខេយ្យ​  មា​ មេ​  ឥទំ​  បរោ​  អញ្ញាសីតិ​ ម្នាល​អាវុសោ​ទាំង​ឡាយ​ ព្រះ​តថាគត​មាន​វចីសមាចារ​បរិសុទ្ធ​ ព្រះ​តថាគត​គប្បី​រក្សា​នូវ​វចីទុច្ចរិត​ណា​ថា​ អ្នក​ដទៃ​កុំ​បី​ដឹង​នូវ​វចីទុច្ចរិត​របស់​អញ​នេះ​ វចីទុច្ចរិត​នោះ​ មិន​មាន​ដល់​ព្រះ​តថាគត​ឡើយ
៣.​ បរិសុទ្ធមនោសមាចារោ​  អាវុសោ​  តថាគតោ​  នត្ថិ​  តថាគតស្ស​  មនោទុច្ចរិតំ​  យំ​  តថាគតោ​  រក្ខេយ្យ​  មា​  មេ​  ឥទំ​  បរោ​  អញ្ញាសីតិ​  ម្នាល​អាវុសោ​ទាំង​ឡាយ​ ព្រះ​តថាគត​មាន​មនោសមាចារ​បរិសុទ្ធ​ ព្រះ​តថាគត​គប្បី​រក្សា​នូវ​មនោទុច្ចរិត​ណា​ថា​ អ្នក​ដទៃ​កុំ​បី​ដឹង​នូវ​មនោទុច្ចរិត​របស់​អញ​នេះ​ មនោទុច្ចរិត​នោះ​ មិន​មាន​ដល់​ព្រះ​តថាគត​ឡើយ
( បិដក​លេខ​ ១៩​ ទំព័រ​ ១៣៨-៩ )
អធិប្បាយ
ពាក្យ​ថា​ អរក្ខេយ្យានិ​ ប្រែថា​ មិន​ចាំ​បាច់​រក្សា ។​ លោក​សម្តែង​ន័យ​ថា​ មិន​មាន​កិច្ច​ដែល​នឹង​ចាំ​បាច់​ត្រូវ​រក្សា​ទ្វារ​នី​មួយៗ​ ក្នុង​ចំណោម​ទ្វារ​ទាំង​ ៣,​ គ្រប់​ទ្វារ​ទាំង​អស់​រក្សាទុកល្អ​ហើយ​ដោយ​សតិ​តែម្យ៉ាង ។​ ពាក្យ​ថា​ បដិច្ឆាទេមិ​ សេចក្តី​ថា​ កាយ​ទុច្ចរិត​​នេះ​កើត​ឡើង​ព្រោះ​ការ​មិន​រវាំង​របស់​តថាគត,​ តថាគត​នឹង​រក្សា​មិន​ឲ្យ​អ្នក​ដទៃ​ដឹង ។​ ពាក្យ​ថា​ នត្ថិ​ តថាគតស្ស​ សេចក្តី​ថា​ កាយទុច្ចរិត​ដែល​នឹង​ត្រូវ​រក្សា​យ៉ាង​នោះ​ មិន​មាន​ដល់​ព្រះ​តថាគត ។​ សូម្បី​ក្នុង​ចំណែក​ដ៏​សេស​ [ គឺ​វចីទុច្ចរិត​ជា​ដើម ]​ ក៏​មាន​ន័យ​នេះ​ដូច​គ្នា ។​

ដំណោះ​ស្រាយ​បញ្ហា​ប្តី​ប្រពន្ធ


រឿង​ប្តី​ប្រពន្ធ ជារឿងធម្មតារបស់អ្នកគ្រប់គ្រងផ្ទះ ។ ព្រះអរិយបុគ្គល ២ ពួក គឺ​ព្រះសោតាបន្ន និងព្រះ​សកទាគាមីដែលមិនបានបួស ក៏នៅ​គ្រប់​គ្រង​ផ្ទះ​ដែរ ។
បើប្តីប្រពន្ធជាទូទៅ មានកល្យាណសីល និងកល្យាណធម៌ហើយ គ្រួសារ​នោះ​ឯង ក៏រមែងមាននូវសេចក្តីសុខតាម​លោកិយវិស័យ ។
ជាធម្មតារបស់បុថុជ្ជន តែងមានល្អផង មិនល្អផង ព្រោះហេតុដូច្នេះ ទើប​មាន​ការអាក់អន់ចិត្តនឹងគ្នា ឬប៉ះខ្ទប់គ្នា​ដូចអណ្តាតនិងធ្មេញ ។
ប្តី​ប្រពន្ធដែលនៅជាមួយគ្នា មានសេចក្តីសុខ ឬមានទុក្ខនោះ វា​អាស្រ័យ​ហេតុ គឺស្នេហ៍ និង ស្នៀត ។
-ស្នេហ៍ គឺជាជ័រស្អិតធ្វើឲ្យប្តីប្រពន្ធស្រឡាញ់ ដូចជាពាក្យពីរោះ ពាក្យពិត និយាយក្នុងរឿងដែលគួរនិយាយ ស្លៀកពាក់តែងខ្លួនស្អាតបាត រៀប​រយ​ជា​និច្ច ព្យាយាមក្នុងការងារដែលជាតួនាទីរបស់ខ្លួនជាដើម ។
ជាប្តីប្រពន្ធត្រូវធ្វើការដាំស្ល បោកគក់ខោអាវ បោសផ្ទះសម្បែង សម្អាតបន្ទប់ មិនហួងហែងហួសហេតុ មិនមាន​ចិត្តចង្អៀតពេក មិន​ទាស់​ទែង​ជា​មួយ​ញាតិ​មិត្ត​របស់ប្តី គោរពប្រណិប័តន៍ចំពោះឪពុកម្តាយក្មេក និងប្តីជានិច្ច ចេះ​ក្រែង​ចិត្ត​អ្នកដទៃ ស្មោះត្រង់ចំពោះប្តី ដាច់​ខាត​គឺ​កុំ​លេង​ល្បែង​ស៊ី​សង​ និង​ត្រូវ​ចេះ​ដឹង​ក្នុងការចាយវាយជាដើម ។