តីណិ តថាគតស្ស អរក្ខេយ្យានិ អំពើដែលព្រះតថាគត មិនចាំបាច់រក្សា ឬរវាំង មាន ៣ យ៉ាង គឺ៖
១. បរិសុទ្ធកាយសមាចារោ អាវុសោ តថាគតោ នត្ថិ តថាគតស្ស កាយទុច្ចរិតំ យំ តថាគតោ រក្ខេយ្យ មា មេ ឥទំ បរោ អញ្ញាសីតិ ម្នាលអាវុសោទាំងឡាយ ព្រះតថាគតមានកាយសមាចារបរិសុទ្ធ ព្រះតថាគត គប្បីរក្សានូវកាយទុច្ចរិតណាថា អ្នកដទៃកុំបីដឹងនូវកាយទុច្ចរិតរបស់អញនេះ កាយទុច្ចរិតនោះមិនមានដល់ព្រះតថាគតឡើយ
២. បរិសុទ្ធវចីសមាចារោ អាវុសោ តថាគតោ នត្ថិ តថាគតស្ស វចីទុច្ចរិតំ យំ តថាគតោ រក្ខេយ្យ មា មេ ឥទំ បរោ អញ្ញាសីតិ ម្នាលអាវុសោទាំងឡាយ ព្រះតថាគតមានវចីសមាចារបរិសុទ្ធ ព្រះតថាគតគប្បីរក្សានូវវចីទុច្ចរិតណាថា អ្នកដទៃកុំបីដឹងនូវវចីទុច្ចរិតរបស់អញនេះ វចីទុច្ចរិតនោះ មិនមានដល់ព្រះតថាគតឡើយ
៣. បរិសុទ្ធមនោសមាចារោ អាវុសោ តថាគតោ នត្ថិ តថាគតស្ស មនោទុច្ចរិតំ យំ តថាគតោ រក្ខេយ្យ មា មេ ឥទំ បរោ អញ្ញាសីតិ ម្នាលអាវុសោទាំងឡាយ ព្រះតថាគតមានមនោសមាចារបរិសុទ្ធ ព្រះតថាគតគប្បីរក្សានូវមនោទុច្ចរិតណាថា អ្នកដទៃកុំបីដឹងនូវមនោទុច្ចរិតរបស់អញនេះ មនោទុច្ចរិតនោះ មិនមានដល់ព្រះតថាគតឡើយ
( បិដកលេខ ១៩ ទំព័រ ១៣៨-៩ )
អធិប្បាយ
ពាក្យថា អរក្ខេយ្យានិ ប្រែថា មិនចាំបាច់រក្សា ។ លោកសម្តែងន័យថា មិនមានកិច្ចដែលនឹងចាំបាច់ត្រូវរក្សាទ្វារនីមួយៗ ក្នុងចំណោមទ្វារទាំង ៣, គ្រប់ទ្វារទាំងអស់រក្សាទុកល្អហើយដោយសតិតែម្យ៉ាង ។ ពាក្យថា បដិច្ឆាទេមិ សេចក្តីថា កាយទុច្ចរិតនេះកើតឡើងព្រោះការមិនរវាំងរបស់តថាគត, តថាគតនឹងរក្សាមិនឲ្យអ្នកដទៃដឹង ។ ពាក្យថា នត្ថិ តថាគតស្ស សេចក្តីថា កាយទុច្ចរិតដែលនឹងត្រូវរក្សាយ៉ាងនោះ មិនមានដល់ព្រះតថាគត ។ សូម្បីក្នុងចំណែកដ៏សេស [ គឺវចីទុច្ចរិតជាដើម ] ក៏មានន័យនេះដូចគ្នា ។
